Home ព័ត៌មានអន្តរជាតិ ការបារម្ភអំពី...

ការបារម្ភអំពីវីរុសកូរ៉ូណានិងការធ្លាក់ថ្លៃប្រេងឆៅធ្វើឱ្យទីផ្សារហ៊ុនអូស្ត្រាលីខាតបង់ជាង ១០០ ពាន់លានដុល្លារ

ទឹកប្រាក់ជាង ១០០ ពាន់លានដុល្លារអាម៉េរិកត្រូវបានបាត់ពីភាគហ៊ុនអូស្រ្តាលី ដោយសារការធ្លាក់ចុះនៃតម្លៃប្រេងឆៅ និង ការភ័យស្លន់ស្លោខ្លាំងឡើងអំពីវីរុសកូរ៉ូណា ដោយនាំឱ្យបារម្ភអំពីវិបត្តិសេដ្ឋកិច្ច។

សន្ទស្សន៍ផ្សារហ៊ុន S&P/ASX200 បានធ្លាក់ចុះ ៦,២៤ ភាគរយនៅពេលថ្ងៃត្រង់ កាលពីថ្ងៃអាទិត្យទី៨មីនា។

មូលធននីយកម្មទីផ្សារនៃផ្សារមូលបត្រអូស្ត្រាលីបានធ្លាក់ចុះ ១១៦,៧ ពាន់លានដុល្លារ គិតត្រឹមម៉ោង ១:០៨ រសៀល។

ការធ្លាក់ចុះពី ៣៨៨ ចំណុចដល់ ៥.៨២៨ ចំណុច គឺ ជាការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេលមួយថ្ងៃ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០០៨ នៅពេលមានវិបត្តិហិរញ្ញវត្ថុសកល។

ចាប់តាំងពីការឡើងដល់ទីកំពូលកាលពីថ្ងៃទី ២០ ខែកុម្ភៈ ទីផ្សារភាគហ៊ុនរបស់អូស្ត្រាលីបានខាតបង់ ១៩ ភាគរយ ឬ ៣៦០ ពាន់លានដុល្លារ។

ភាគហ៊ុនលើវិស័យថាមពលរងគ្រោះធ្ងន់ជាងគេ ដោយប្រេងឆៅឥឡូវធ្លាក់ថ្លៃ ២៧ ភាគរយ។

វិស័យប្រេងនិងឧស្ម័នបានទទួលរងផលប៉ះពាល់ខ្លាំងបំផុត នៅពេលដែលតម្លៃប្រេងឆៅនៅទីផ្សារ Brent ធ្លាក់ចុះ ៣០ ភាគរយចាប់តាំងពីថ្ងៃសុក្រ គឺមកនៅត្រឹមតម្លៃ ៣១ ដុល្លារក្នុងមួយបារ៉ែលក្នុងរយៈពេល ៤ ឆ្នាំ។

ក្នុងអំឡុងពេលប្រែប្រួលមិនទៀង ប្រាក់ដុល្លារអូស្ត្រាលីបានធ្លាក់ចុះដល់ ៦៣,០៤ សេនដុល្លារអាម៉េរិក ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែមីនាឆ្នាំ ២០០៩។

លោក ជេម តាវ អ្នកវិភាគទីផ្សារមកពីក្រុមហ៊ុន CommSec និយាយថា វិនិយោគិនមានការព្រួយបារម្ភខ្លាំងជាលើកដំបូងអំពីវិបត្តិសេដ្ឋកិច្ចដែលអាចកើតឡើងនៅក្នុងប្រទេសអូស្រ្តាលី ចាប់តាំងពីឆ្នាំ ១៩៩១ នៅពេលដែលមេរោគកូរ៉ូណាបានវាយប្រហារលើខ្សែសង្វាក់ផ្គត់ផ្គង់លើពិភពលោក។

លោកបានប្រាប់ Daily Mail Australia នៅថ្ងៃចន្ទទី៩មីនានេះថា “អ្នកខ្លះនិយាយថា គ្រាន់តែវីរុសកូរ៉ូណាមួយនឹងនាំឱ្យមានវិបត្តិសេដ្ឋកិច្ចឬការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង”។

លោក ម៉ៃឃើល ម៉ាកខាធី ប្រធានយុទ្ធសាស្ត្រទីផ្សារនៅក្រុមហ៊ុន CMC Markets និយាយថា ការភ័យខ្លាចមេរោគកូរ៉ូណានិងការធ្លាក់ចុះនៃតម្លៃប្រេងឆៅគឺស្ថិតនៅពីក្រោយការធ្លាក់ចុះនៃទីផ្សារហ៊ុនអូស្ត្រាលី។

លោកបានប្រាប់ Daily Mail Australia ថា “ប្រាកដណាស់ ចាប់តាំងពីផលប៉ះពាល់នៃ GFC មក យើងមិនដែលឃើញមានការធ្លាក់ចុះដូចនេះទេក្នុងរយៈពេល ១១ ឆ្នាំ”៕ ដោយ៖ កញ្ញាដាលីស

ផ្សារហ៊ុនអូស្ត្រាលីខាតបង់ ១១៦,៧ ពាន់លានដុល្លារ ដោយសារការបារម្ភអំពីវីរុសកូរ៉ូណានិងការធ្លាក់ថ្លៃប្រេងឆៅ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular