ស្វា orangutan ផឿកមានតែមួយក្បាលគត់របស់ពិភពលោកត្រូវគេប្រទះឃើញនៅមានជីវិត និងសុខភាពល្អក្នុងព្រៃជ្រៅលើកោះប័រណេអូ (Borneo) រយៈពេលជាងមួយឆ្នាំ បន្ទាប់ពីគេលែងវាចូលព្រៃ។
ស្វាញីរោមសភ្នែកខៀវឈ្មោះ អាល់បា (Alba) នេះត្រូវបានអ្នកស្រុកឃុំក្នុងទ្រុងទុកធ្វើជាសត្វចិញ្ចឹមនៅកាលីម៉ានតាន (Kalimantan) ដែលជាផ្នែកមួយនៃកោះប័រណេអូ ប្រទេសឥណ្ឌូណេស៊ី មុនពេលត្រូវអង្គការជួយសង្គ្រោះ។
អាល់បា ដែលមានន័យថា “ស” ជាភាសាឡាតាំង ត្រូវអង្គការដោះលែងចូលទៅក្នុងព្រៃវិញកាលពីចុងឆ្នាំ២០១៨។
នៅពេលប្រទះឃើញវាជាលើកដំបូងនៅភូមិតាងហ្គីរ៉ាន (Tanggiran) កាលីម៉ានតាន អង្គការ Borneo Orangutan Survival Foundation និយាយថា វាមានសភាពស្គមស្គាំងយ៉ាងខ្លាំង ដោយសារគ្មានចំណីស៊ីមិនគ្រប់គ្រាន់ ខ្លួនសុទ្ធតែចៃ និងខ្សោះជាតិទឹក ហើយជឿថា វាត្រូវបានបំបែកចេញពីមេរបស់វា មុនពេលត្រូវគេចាប់បាន៕ ប្រែសម្រួលៈ ខុម/Ha




