ដោយៈចាន់តូ/ភ្នំពេញ៖យុវជនម្នាក់សន្លប់ស្តូកស្តឹងរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុកដែកខ្សែកាបដែលគេដាក់ទប់បង្គោលភ្លើងទាំងពីរដើមបណ្ដាលឱ្យដាច់ដៃចង្កូតម៉ូតូ។ករណីនេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃអាទិត្យទី៨ខែមីនាឆ្នាំ២០២០ ត្រង់ចំណុចលូ៣ តាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនរងគ្រោះមានឈ្មោះយ៉ារស្មីអាយុ១៨ឆ្នាំ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅគ្មានផ្លាកលេខដោយជិះតែម្នាក់ឯងរងរបួសធ្ងន់។យុវជនម្នាក់នេះជិះម៉ូតូតាមបណ្ដោយផ្លូវណតប្រ៊ីតយ៉ាងលឿនចូលចន្លោះបង្គោលភ្លើងទាំងសងខាង ដោយគេដាក់ខ្សែកាបដែកខ្វែងគ្នាដើម្បីទប់បង្គោលភ្លើងនោះ បណ្ដាលឲ្យរបួសបែកមុខបែកមាត់ធ្ងន់ធ្ងរ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕S/Ha

