ភ្នំពេញៈ នាដើមទសវត្ស៍ ១៩០០ ជាសម័យកាលដែលមានការផ្ទុះឡើង និងមានភាពច្របូក ច្របល់ច្រើននូវសកលឧស្សាហូបនីយកម្ម និងជាពេលដែលមនោគមវិជ្ជារ៉ាឌីកាល់បានរីក រាលដាល នាំឱ្យមានការតវ៉ា និង ចលនាជាច្រើនដើម្បីទាមទារសិទ្ធិផ្សេងៗរបស់ស្ត្រី រួមទាំងតម្លៃពលកម្ម និង លក្ខន្តិកៈការងារប្រសើរជាងមុន រហូតដល់ឆ្នាំ ១៩៧៥ ទើបទិវា អន្តរជាតិ នារី មានលក្ខណៈពេញរូបពេញរាងទូទាំងពិភពលោក ។
នៅឆ្នាំ១៩០៨ មានការពិភាក្សាយ៉ាងរំជើបរំជួល បានកើតឡើងក្នុងចំណោមពួកស្ត្រី ។ ការគាបសង្កត់ និង ភាពមិនស្មើគ្នារបស់ស្ត្រី និងបុរសបានជំរុញឱ្យពួកស្ត្រីមានការតស៊ូ មតិច្រើនឡើងៗ និង រិតតែសកម្មឡើងៗក្នុងការទាមទារឱ្យមានការផ្លាស់ប្តូរ ។ នៅក្នុងឆ្នាំ ១៩០៨ ដដែលនោះ មានស្ត្រី១៥.០០០ នាក់ បានដើរជាក្បួនដង្ហែពាសពេញទីក្រុង ញូវយ៉ក ទាមទារឱ្យម៉ោងធ្វើការរបស់ស្ត្រីកាន់តែតិច ទទួលបានប្រាក់ឈ្នួលប្រសើរជាងមុន និង ឱ្យស្ត្រីមានសិទ្ធិបោះឆ្នោត ។
នៅឆ្នាំ១៩០៩ ស្របនឹងសេចក្តីប្រកាសរបស់គណៈបក្សសង្គមនិយម អាម៉េរិក ទិវាស្ត្រីជាតិ លើកទី១ ត្រូវបានប្រារព្ធទូទាំងប្រទេសនៅថ្ងៃទី២៨ ខែ កុម្ភៈ ។ ពួកស្ត្រីបានបន្តប្រារព្ធទិវាស្ត្រី ជាតិនេះ នៅថ្ងៃអាទិត្យចុងក្រោយបំផុត នៃ ខែ កុម្ភៈ រហូតដល់ឆ្នាំ ១៩១៣ ។
នៅឆ្នាំ ១៩១០ សន្និសីទអន្តរជាតិ នៃ ស្ត្រីកំពុងធ្វើការ ត្រូវបានប្រារព្ធទីក្រុង ខូប៉ិនហាហ្កិន នៃ ប្រទេសដាណឺម៉ាក ។ ឱកាសនោះ ស្ត្រីម្នាក់ឈ្មោះ ក្លារ៉ា ហ្សេតគីន ជាប្រធានករិយាល័យស្ត្រី នៃ គណៈបក្សសង្គមប្រជាធិបតេយ្យ នៃ ប្រទេសអាល្លឺម៉ង់បានលើកប្រធានបទដាក់លើ តុកពិភាក្សាអំពីគំនិតមួយ គឺ “ ទិវា អន្តរជាតិ ស្ត្រី “ ។
ស្ត្រីរូបនេះបានស្នើសុំថា នៅរៀងរាល់ឆ្នាំ នៅគ្រប់ប្រទេសគួរតែប្រារព្ធទិវាស្ត្រី នៅថ្ងៃដូចៗគ្នា ដើម្បី បង្ហាញនូវឆន្ទៈដូចគ្នា នៃ ការទាមទាររបស់ពួកស្ត្រី ។ សន្និសីទដែលមានស្ត្រីជាង ១០០ នាក់ ជាតំណាងសហជីព , គណៈបក្សសង្គមនិយម , ក្លិបស្ត្រី និង ដោយរួមទាំងស្ត្រី ៣ រូបដំបូងដែលបានជាប់ឆ្នោតជាសមាជិកសភា ហ្វាំងឡង់ដ៍ផងបានព្រមព្រៀងអនុម័តគំនិត របស់អ្នកស្រី ហ្សេតគីន ជាឯកច្ឆន្ទ ។
ឆ្នាំ១៩១១ បន្ទាប់ពីមានការសម្រេចចិត្តនៅទីក្រុង ខូប៉ិនហាហ្កិន នោះមក ទិវា អន្តរជាតិ ស្ត្រី ក៏ត្រូវបានគេប្រារព្ធធ្វើ នៅថ្ងៃទី ១៩ ខែ មីនា នៅប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និង ប្រទេសស្វ៊ីស ។
មានស្ត្រី និង បុរសជាងមួយលាននាក់បានចូលរួមប្រមូលផ្តុំក្នុងយុទ្ធនាការទិវា អន្តរជាតិ នារី ទាមទារឱ្យស្ត្រីមានសិទ្ធិធ្វើការ សិទ្ធិបោះឆ្នោត សិទ្ធិទទួលបានការបណ្តុះបណ្តាល សិទ្ធិកាន់ កាប់មុខងារសាធារណៈ និង បញ្ចប់នូវការរើសអើងចំពោះស្ត្រី ។
នៅថ្ងៃទី២៥ ខែ មីនា ឆ្នាំដដែលនោះ មានស្ត្រី ១៤០ នាក់នៅអាម៉េរិកភាគច្រើនជាជនអន្តោ ប្រវេសន៍ អ៊ីតាលី និង ជ្វីស បានស្លាប់ដោយសារអគ្គិភ័យ ។ ព្រឹត្តិការណ៍ដ៏សោកសៅនោះ បានទាក់ទាញការយកចិត្តទុកដាក់បន្ថែមទៀតដល់លក្ខន្តិកៈការងារ និងច្បាប់ការងារនៅ អាម៉េរិក ។ នៅឆ្នាំ១៩១១នោះ ក៏ត្រូវបានគេប្រទះឃើញនូវយុទ្ធនាការរបស់នារីដែលមាន ឈ្មោះថា “ នំប៉័ង និង កូឡាប “ ផងដែរ ។
ទិវា អន្តរជាតិ ស្ត្រីថ្ងៃ ទី ៨ ខែ មីនា
នៅឆ្នាំ១៩១៣ បន្ទាប់ពីបានពិភាក្សារួច ស្ត្រីជនជាតិរុស្ស៊ី បានប្រារព្ធ ទិវា អន្តរជាតិ នារី នៅថ្ងៃ ទី ៨ ខែ មីនា ជាលើកដំបូងគេក្នុងលោក ហើយក៏បានក្លាយជាទិវា អន្តរជាតិ នារីទូទាំងពិភព លោករហូតមក ដល់បច្ចុប្បន្ន។
ចាប់ពីឆ្នាំ១៩១៨ មកទិវា អន្តរជាតិ នារី ត្រូវបានទទួលស្គាល់ និងប្រារព្ធធ្វើច្រើនឡើងៗនៅក្នុង បណ្តាប្រទេសអភិវឌ្ឍន៍ និង ប្រទេសកំពុងអភិវឌ្ឍន៍ ។ អង្គការសហប្រជាជាតិក៏តែងតែរៀប ចំសន្និសីទជាច្រើនក្នុងកិច្ចព្យាយាមជម្រុញឱ្យស្ត្រីមានសិទ្ធិស្មើនឹងបុរស និងដើម្បីផ្តល់ឱកាស ឱ្យស្ត្រីចូលរួមក្នុងសង្គម ឆាកនយោបាយ និង សេដ្ឋកិច្ច រហូតដល់ឆ្នាំ១៩៧៥ត្រូវបានប្រកាស ថាជាឆ្នាំ នៃ នារីអន្តរជាតិ ។
នៅកម្ពុជា រាជរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិល ក៏តែងតែបានប្រារព្ធទិវា អន្តរជាតិ នារី យ៉ាងផុលផុសណាស់ដែរ ៕ ដោយៈ មេសា

