ដោយៈចាន់តូ/ភ្នំពេញ:សិស្សវិទ្យាល័យថ្នាក់ទី១២បាក់ទូកម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូវ៉ាជាមួយនឹងរថយន្តមិនរួច ក៏ទាក់ដៃចង្កូតបណ្ដាលឱ្យដួលខ្ទាតចូលកង់ក្រោយកិនចំដើមទ្រូងនិងមុខ កាលពីវេលាម៉ោង ៦និង ១០នាទីព្រឹក ថ្ងៃចន្ទទី៩ខែមីនាឆ្នាំ២០២០ ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

យុវជនរងគ្រោះដែលស្លាប់មានឈ្មោះគឹម ទេពពេជ្រពន្លឺ អាយុ១៩ឆ្នាំមុខរបរសិស្សសាលាបាក់ទូក រស់នៅផ្ទះលេខ៩Eoផ្លូវលេខ៣ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ជិះម៉ូតូហ្សូមើពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1HH.0068 ។

ចំណែករថយន្តម៉ាកហ៊ីយិនដាយ ពណ៌សមួយតោនកន្លះ ពាក់ផ្លាកលេខភ្នំពេញ2AE.9840ដឹកកម្មករចំនួន១០នាក់ អ្នកបើកមានឈ្មោះលី ហួរភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅក្នុងការដ្ឋានសង្កាត់និរោធខណ្ឌច្បារអំពៅ។មានស្រុកកំណើតនៅភូមិចំការម្លូ ឃុំស្វាយឃាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន៕S/Ha

