Home ព័ត៌មានជាតិ សន្តិសុខ សំណុំរឿង​ថៅកែ...

សំណុំរឿង​ថៅកែ​ស្ថានីយ​ប្រេង​ភី​ធី​ធី​ប្រើ​ហិង្សា​លើ​គ្រូបង្រៀន​ប្រកាស​សាលក្រម​ថ្ងៃទី​១៣​មីនា​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: លោក​ពេជ្រ វិជ្ជាធរ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក និង​លោក សឿ ឡងឌី ជា​តំណាង​អយ្យការ កាលពី​ល្ងាច​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០២០ បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង ថៅកែ​ស្ថានីយ​ប្រេង​ភី​ធី​ធី​នៅ​ជិត​រង្វង់​មូល​កួរស្រូវ ក្នុង​ខណ្ឌដង្កោ​ជា​កូនប្រុស​លោក ចាន់ សារុន អតីត​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម និង​បច្ចុប្បន្ន​ជា​តំណាងរាស្ដ្រ​មណ្ឌល​ខេត្តតាកែវ ដែល​ប្រើ​អំពើហិង្សា​លើ​គ្រូបង្រៀន​ម្នាក់ បណ្ដាល​ឲ្យ​រងរបួស​ស្ទើ​ស្លាប់​ស្ទើរ​ស់​។​

​ជនជាប់ចោទ ឈ្មោះ សារុន វិធុ​រ៉ា​ក់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​គូកន​ម្នាក់ទៀត​ឈ្មោះ ង​ន់ រតនា អាយុ​២០​ឆ្នាំ ។ អ្នក​ទាំង​២​ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ពីបទ​.​ហិង្សា​ដោយ​ចេតនា​មាន ស្ថាន​ទម្ងន់ទោស ទៅលើ​ជនរងគ្រោះ​ឈ្មោះ អ៊ឹម សិរី​រដ្ឋ ដែលមាន​មុខរបរ​ជា​គ្រូបង្រៀន​។​

​នៅក្នុង​សវនាការ​ជនជាប់ចោទ សារុន វិធុ​រ៉ា​ក់ បាន​បដិសេធថា ខ្លួន​មិនបាន​វាយ​លើ​ជនរងគ្រោះ​នោះទេ តែ​លោក​ពិតជា​បាន​បញ្ជា​ឲ្យ​កូនចៅ​ឈ្មោះ ង​ន់ រតនា ចាប់ចង​ជន​នោះ​មែន​។ ហើយ​ជនជាប់ចោទ នៅតែ​ឆ្លើយ​បដិសេធថា​ខ្លួន​មិនបាន​ប្រព្រឹត្ត​ខុស​ដូច​ការចោទប្រកាន់​រប​ស់​តុលាការ​ទេ​។​

​ចំណែក​ជនជាប់ចោទ​ឈ្មោះ ង​ន់ រតនា បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ចាប់ចង​បុរសរងគ្រោះ​នោះ​មែន​តែ​ខ្លួន​មិនបាន​វាយតប់​អោយមាន​របួស​បែក​ឈាម​ដូច្នេះ​ទេ​។​

​ក្នុង​សវនាការ​នេះ ជនរងគ្រោះ​មិន​មក​ចូលរួម​ក្នុង​សវនាការ​ទេ​។ ប៉ុន្តែ​តុលាការ​បាន​អាន​ចម្លើយ​នៅ តំណាក់កាល​ព្រះរាជអាជ្ញា​នឹង​ចៅក្រម​ស៊ើបសួរ មក​បញ្ជាក់ថា​លោក សារុន វិធុ​រ៉ា​ក់ មិនបាន​វាយ​ខ្លួន​នោះទេ ហើយ​ខ្លួន​ក៏​មិនបាន​ប្តឹង​ដែរ​ពិសេស​ខ្លួន​ស្នើសុំ​ឲ្យ​តុលាការ​បន្ធូរ​បន្ថយទោស​ដល់​ជនជាប់ចោទ​ផង​។​

​ជនជាប់ចោទ​ឈ្មោះ សារុន វិធុ​រ៉ា​ក់ ត្រូវបាន​គេ​ស្គាល់​ថា​ជា​កូនប្រុស​លោក ចាន់ សារុន អតីត​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម និង​បច្ចុប្បន្ន​ជា​តំណាងរាស្ដ្រ​មណ្ឌល​ខេត្តតាកែវ និង​បក្ខពួក បាន​ប្រើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​លោក អ៊ឹម សិរី​រដ្ឋ ជា​គ្រូបង្រៀន​កាលពី​យប់​ថ្ងៃទី​១៦ ខែធ្នូ​ឆ្នាំ​២០១៩ កន្លងទៅ នៅក្នុង​បរិវេណ​ស្ថានីយ​ប្រេង​ភី​ធី​ធី របស់ខ្លួន​ដោយ​ពួកគេ​ចោទថា គ្រូបង្រៀន​រូបនេះ បាន​ចូលទៅ​អុកឡុក និង​ចូលក្នុង​បន្ទប់ទឹក​ស្រី លួច​ថត​នារី​នៅក្នុង​បន្ទប់ទឹក​នោះ​។​

​ដំបូង​ឡើយ ក្រោយ​ទទួល​នូវ​ការ​វាយតប់​បែក​ឈាម​ពេញ​ខ្លួន​ជនរងគ្រោះ​បាន​ឡាយ​ហ្វេ​ស​ប៊ុ​ក​ចោទ​ចំៗ​ថា ថៅកែ​ស្ថានីយ​សាំង និង​បក្ខពួក​ជា​ចាប់ចង​ហើយ​វាយ​ខ្លួន និង​ទាមទារ​អោយ​មហាជន​ផ្ដល់​យុត្តិធម៌​។ លុះដល់​ពេល​តុលាការ​ចាត់វិធានការ​រក​យុ​ត្តិ​ធ័​ម បែរជា​ឆ្លើយថា​អត់​មាន​អ្នក​វាយ​ខ្លួន​ទេ​ពោលគឺ ចម្លើយ​ជនរងគ្រោះ​លើ​ក្រដាស​របស់​តុលាការ​ផ្ទុយ​នឹង​ការ​ឡាយ​តាម​ហ្វេ​ស​ប៊ុ​ក​ទៅវិញ​។​

​ក្រោយ​បញ្ចប់​សវនាការ ចៅក្រម​ជំនុំជម្រះ​បានសម្រេច​កំណត់​យក​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០២០​ខាងមុខនេះ ដើម្បី​ប្រកាស​សាលក្រម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular