
ដោយៈតារារិទ្ធ/ពោធិ៍សាត់ៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែនបានប្រតិកម្មជាលើកដំបូងចំពោះទីភ្នាក់ងារព័ត៌វៀតណាម វេអិនអា( VNA)និងបានស្នើឲ្យមានការកែតម្រូវការចុះផ្សាយអាក្រក់ពីកម្ពុជា។ សម្តេចបានសង្កត់ធ្ងន់ថា ប្រសិនបើមិនមានការកែតម្រូវទេ យើងនឹងធ្វើកំណត់ទូតជូនទៅរដ្ឋាភិបាលវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ ៥៥ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ៩ ខែមីនា ២០២០ ។សម្តេចតេជោមានប្រសាសន៍ថា សម្តេចបានប្រាប់ឲ្យលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសឲ្យធ្វើការតវ៉ាទៅទីក្រុងហាណូយកាលពីម្សិលមិញ ។
សម្តេចបានលើកជាសំណួរថា”ហេតុអ្វីបានជាវៀតណាមចុះផ្សាយថារដ្ឋាភិបាលវៀតណាមរឹតបន្តឹងប្រជាពលរដ្ឋមកពីអឺរ៉ុបនិងកម្ពុជា? ហេតុអ្វីអ្នកដាក់កម្ពុជាទៅក្នុងចំណោមប្រទេសដែលមានហានិភ័យសម្រាប់ប្រទេសវៀតណាម ?។ខ្ញុំបានប្រាប់ប្រាក់ សុខុនឲ្យទូតវៀតណាមមកបំភ្លឺ” ។
សម្តេចតេជោបានបន្តថា រឿងនេះប្រសិនបើប្រជាជនកម្ពុជាប្រតិកម្ម ប្រជាជនកម្ពុជាក៏អាចបិទព្រំដែនមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជាផងដែរ។សម្តេចតេជោបានលើកឡើងថា ការពិត គណៈកម្មការការពារសុខភាពដែលជាអង្គភាពវាយតម្លៃផលប៉ះពាល់សុខភាពវៀតណាមគេមិនបាននិយាយឈ្មោះកម្ពុជាមួយម៉ាត់ឡើយ។ប៉ុន្តែVNAនេះបានយកឈ្មោះពីប្រទេសអឺរ៉ុបនិងកម្ពុជាផ្សាយជាភាសាវៀតណាមផង,ជាភាសាអង់គ្លេសផង។ដូចនេះស្នើឲ្យ VNA របស់វៀតណាមកែតម្រូវ។ប្រសិនជាមិនកែតម្រូវទេ យើងនឹងធ្វើកំណត់ទូតជូនទៅរដ្ឋាភិបាលវៀតណាម ។
សម្តេចតេជោបន្តថាៈហេតុអ្វីដាក់កម្ពុជាស្ថិតក្នុងប្លេកលីស? ។ខ្ញុំមិនយល់ស្របបញ្ហានេះទេ ព្រោះអ្នកឯងចាត់ទុកដូចជាកម្ពុជាគឺជាកន្លែងផ្ទុកមេរោគ ៕សរន/Ha