ដោយ:គង់ហេង/កំពង់ចាម៖អភិបាលខេត្តកំពង់ចាមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់កុំឱ្យមានជំងឺខូវិដ១៩(COVID19)ឬខូរ៉ូណាវិរ៉ុសនៅក្នុងមូលដ្ឋានគឺតាមរយ:ការរស់នៅអនាម័យផ្ទាល់ខ្លួនដោយផ្តើមចេញពីបុគ្គលម្នាក់ៗ។
ប៉ុន្តែបើមានករណីការសង្ស័យពីរោគសញ្ញានៃជំងឺមួយនេះសូមរួសរាន់មកកាន់មន្ទីរពេទ្យរបស់រដ្ឋឬមណ្ឌលសុខភាព។បើមានផ្ទុកមេរោគនេះមែនតាមរយ:ការវិភាគសំណាក់របស់ជនរងគ្រោះនៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញគឺខាងមន្ទីរពេទ្យខេត្តនេះបានត្រៀមសម្ភារនិងបន្ទប់ដាច់ដោយឡែកចំនួនប្រាំសម្រាប់សម្រាកព្យាបាលអ្នកជំងឺនេះរួចហើយ ។

នេះជាការថ្លែងប្រកាសឱ្យដឹងរបស់លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមក្នុងឱកាសជួបសំណេះសំណាល និងរំលឹកគុណលោកគ្រូអ្នក ដោយមានការចូលរួមពីប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើន កុះករក្នុងសាលាបឋមសិក្សាមាន់ដប់ស្ថិតក្នុងឃុំមានជ័យស្រុកស្រីសន្ធរកាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០២០។

លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថាបញ្ហាសុខភាពជារឿងសំខាន់ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសពីមេរោគ«ខូវិដ១៩ឬជំងឺផ្លូវដង្ហើមរលាកសួតខូរ៉ូណា»គឺកំពុងរីករាលដាលនៅលើពិភពលោក។ ជាក់ស្តែងនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០ ជំងឺនេះបានឆ្លងដល់បុរសអាយុ ៣៨ ឆ្នាំ ជាប្រជាពលរដ្ឋខ្មែរយើងម្នាក់នៅខេត្តសៀមរាបតាមរយ:បុរសជនជាតិជប៉ុនម្នាក់ដែលបានមកទំនាក់ទំនងការងារនៅក្នុងក្រុងទេសចរណ៍ល្បីមួយនេះ។

លោកអ៊ុនចាន់ដាបានមានប្រសាសន៍ថាស្ថិតក្នុងកាល:ទេស:នេះប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឱ្យយើងមានការប្រុងប្រយ័ត្នគឺទប់ស្កាត់កុំឱ្យមានការរីករាលដាលដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ជំងឺនេះមានរយ:ពេល១៤ថ្ងៃបើពិនិត្យរកឃើញរោគសញ្ញា។ប៉ុន្តែចាប់ផ្តើមភ្លាមអត់ឃើញទេរោគសញ្ញា គឺនៅលាក់ក្នុងខ្លួនមនុស្សយើងគឺចេញរោគសញ្ញាមកតែម្តង។ជារឿងលំបាកក្នុងការស្រាវជ្រាវឱ្យដឹងពីរោគសញ្ញា។បើពិនិត្យតាមដានចំនួន១៤ថ្ងៃមិនឃើញរោគសញ្ញានៅក្នុងជនសង្ស័យនោះគឺត្រូវបន្តចំនួន១៤ថ្ងៃបន្ថែមស្មើនឹង២៨ថ្ងៃបើរកមិនឃើញទៀតសន្មត់គ្មានផ្ទុកមេរោគ«ខូវីដ១៩»នោះទេ។

លោកបានបន្ថែមថាប៉ុន្តែងាកមករឿងយើងវិញប្រសិនបើកើតឡើងលើបុគ្គលណានោះគឺចាំបាច់ត្រូវមកទទួលការព្យាបាលជាបន្ទាន់មិនអាចទុកយូរបានទេគឺជំងឺនេះព្យាបាលជាសះស្បើយបាន។ កុំទុកយូរឱ្យធ្ងន់ធ្ងរគឺព្យាបាលមិនជាទេ។បើសង្ស័យខ្លួនយើងមានផ្ទុកជំងឺនេះហើយសូមរហ័សទៅកាន់មន្ទីរពេទ្យរបស់រដ្ឋមានឧបករណ៍សម្ភារវិភាគច្បាស់លាស់។គឺយកសំណាករបស់ជនសង្ស័យជាអ្នកជំងឺខូវិដ១៩ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ។ករណីពិនិត្យឃើញមានផ្ទុកជំងឺនេះហើយគឺទទួលបានការព្យាបាលភ្លាម គឺកុំបារម្ភភ័យខ្លាច គឺខូវិដ១៩ព្យាបាលជា។

លោកបានបន្តថា ដោយត្រូវមានការការពារខ្លួន ដោយខ្លួនឯង ដោយផ្តើមចេញពីយើងទាំងអស់គ្នា ពីបុគ្គលម្នាក់ៗគឺ រស់នៅមានអនាម័យ។ សូមឱ្យប្រជាពលរដ្ឋទាំងអស់ប្រយ័ត្នក្នុងការរស់នៅប្រចាំថ្ងៃ ទៅការប្រាស្រ័យទាក់ទងរវាងគ្នាដូចជាការចាប់ដៃគ្នាកៀកកបូតមាត់គឺមិនបានទេ។លាងដៃជាប្រចាំជាមួយនឹងសាប៊ូហូបទឹកស្អាតឱ្យបានច្រើននិងពេលក្រដាសក្អកសូមខ្ទប់មាត់។ចំណែកអ្នកដែលងាយរងគ្រោះជាងគេ គឺកុមារព្រោះពួកគេឧស្សាហ៍ភ្លេចរក្សាអនាម័យ។
លោកគឹមសួរភិរុណប្រធានមន្ទីរសុខាភិបាលបានឱ្យដឹងកាលពីល្ងាចថ្ងៃទី៨មីនាថានៅចំពោះមុខនេះយើងបានរៀបចំត្រៀមបន្ទប់ដាច់ដោយឡែកចំនួនប្រាំដោយបានបំពាក់សម្ភារសង្គ្រោះនិងសម្ភារPPEដែលបានផ្តល់ដោយក្រសួងសុខាភិបាលនិងបានបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូចំនួន៣០នាក់។សម្រាប់ព្យាបាលអ្នកជំងឺដើម្បីបង្ការការពារជំងឺផ្លូវដង្ហើមបណ្តាលមកពីខូរ៉ូណាវិរ៉ុស។

លោកប្រធានមន្ទីរបានបន្តថា សូមផ្សព្វផ្សាយបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋ គឺរោគសញ្ញា នៃខូរ៉ូណាវិរ៉ុសមានក្តៅខ្លួនខុសពីធម្មតា,ហៀរសំបោរ,ក្អកពិបាកដកដង្ហើមថប់ៗ,។គឺសូមអញ្ជើញទៅកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបំផុតជាប្រញាប់។ជាពិសេសប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរមកពីតំបន់ក្រៅប្រទេសបើសង្ស័យមានកើតជំងឺខូវិដ១៩គឺយើងបានបណ្តុះបណ្តាលដល់គ្រូពេទ្យនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅក្នុងខេត្តគ្រប់អស់ហើយ៕S/