សមាជិកសភាសេសសល់ពីការហាមធ្វើនយោបាយចំនួន៥៥រូបនៃគណបក្សអនាគតឆ្ពោះទៅមុខដែលត្រូវតុលាការរំលាយចោលកាលពីខែមុន កាលពីថ្ងៃអាទិត្យទី០៨មីនាបានបង្កើតក្រុមនយោបាយថ្មីមួយ ឈ្មោះថា «ធ្វើដំណើរទៅមុខ»។
លោកភីតា ឡាយចារឺនរ៉ាត មេដឹកនាំក្រុមនេះ បានប្រាប់សន្និសីទកាសែតមួយថា «យើងនឹងចុះបញ្ជីគណបក្សថ្មីនៅសប្តាហ៍ក្រោយ។កិច្ចប្រជុំនេះបានបោះឆ្នោតអោយខ្ញុំធ្វើជាមេដឹកនាំបណ្តោះអាសន្នរបស់ក្រុមសមាជិកសភារបស់គណបក្សដែលត្រូវបានរំលាយ»។
លោកភីតា បានប្តេជ្ញាបន្តការងាររបស់គណបក្សអនាគតឆ្ពោះទៅមុខ តែមិនពាក់ព័ន្ធនឹងអតីតមេដឹកនាំរបស់វាទេ ដោយ«គោលការណ៍គណបក្សអនាគតឆ្ពោះទៅមុខនឹងមិនផ្លាស់ប្តូរ តែវានឹងជាការធ្វើដំណើរ និងធ្វើការសំរេចចិត្តផ្ទាល់របស់យើង»។
លោកបន្តថា«យើងនៅតែធ្វើការប្រឆាំងនឹងអំណាចលើសលប់របស់ក្រុមយោធា។ សរុបមក វាជាគោលដៅរួមរបស់យើងតាំងពីដំបូងម្ល៉េះ។គណបក្សថ្មីនឹងបន្តជំរុញពង្រាងច្បាប់ដែលគណបក្សអនាគតឆ្ពោះទៅមុខបានស្នើឡើង»។
ពង្រាងច្បាប់ទាំងនេះពាក់ព័ន្ធនឹងការដកចេញបទបញ្ជារបស់របបយោធាចំនួន១៧ ការកែប្រែច្បាប់ការងារនិងបញ្ចប់កំណែនយោធា ព្រមទាំងភាពផ្តាច់មុខក្នុងឧស្សាហកម្មគ្រឿងស្រវឹងរហូតដល់ច្បាប់ស្តីពីខ្យល់អាកាសស្អាត។

លោកភីតា ឡាយចារឺនរ៉ាត បានទៅដល់ពិធីបង្កើតគណបក្ស« ធ្វើដំណើរទៅមុខ»នៅក្រុងបាងកកកាលពីថ្ងៃ០៨មីនា
ការបង្កើតគណបក្សថ្មីនេះបានកើតឡើងនៅ២សប្តាហ៍ក្រោយពីគណបក្សអនាគតឆ្ពោះទៅមុខ ដែលជាបក្សប្រឆាំងធំបំផុតទី២ ត្រូវបានតុលាការធម្មនុញ្ញរំលាយដោយសារតែប្រធានបក្សអោយគណបក្សខ្ចីប្រាក់។វានាំដល់ការហាមសមាជិកសភាបក្សនេះចំនួន១១នាក់ដែលជាសមាជិកប្រតិបត្តិ មិនអោយធ្វើនយោបាយ១០ឆ្នាំ។សមាជិកសភានៅសេសសសល់មានពេល៦០ថ្ងៃដើម្បីស្វះស្វែងរក្សាតំណែងសភារបស់ខ្លួនដោយចុះចូលជាមួយគណបក្សផ្សេងៗដែលមានអាសនៈក្នុងសភា។
តាំងពីមុនមកមានសមាជិកសភាបក្សនេះ៩នាក់បានចុះចូលខាងរដ្ឋាភិបាល ហើយសមាជិកសភាសេសសល់៥៥រូបរួមគ្នាបង្កើតគណបក្សថ្មីដែលនឹងជាក្រុមនយោបាយប្រឆាំងធំលំដាប់ទី២ដដែល៕ប្រែសម្រួល៖វាសនា