ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖គិតមកដល់ថ្ងៃទី៩មីនាឆ្នាំ២០២០នេះការស្ថាបនាស្ពានអូរឆែបនិងអូរតាយូនៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៩៥ស្ថិតក្នុងភូមិឆែបលិចឃុំឆែបមួយស្រុកឆែបខេត្តព្រះវិហារបានរួចរាល់ហើយ។ខណៈនេះក្រុមការងារបាននិងកំពុងអ៊ុតគំនូសចរាចរលើកំណាត់ផ្លូវនេះផងដែរដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួលនិងកាត់បន្ថយការគ្រោះថ្នាក់ចរាចរ។
លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារធ្លាប់បានឱ្យដឹងថាអ្វីដែលមន្ទីរសម្រេចបានក្នុងឆ្នាំ២០១៩នោះគឺអនុវត្តតាមការដឹកនាំចង្អុលបង្ហាញជាប្រចាំពីលោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោកប្រាក់ សុវណ្ណ អភិបាលខេត្តនេះ។

លោកប្រធានមន្ទីរបានឱ្យដឹងថាដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការចរាចរទៅមកនោះក្នុងឆ្នាំ២០១៩កន្លងទៅនេះការងារជួសជុលថែទាំផ្លូវនៅក្នុងខេត្តព្រះវិហារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វើការជួសជុលថែទាំផ្លូវបានប្រវែង៨០០គីឡូម៉ែត្រដែលមានផ្លូវក្រាលកៅស៊ូចំនួន៤០០គីឡូម៉ែត្រ។ក្នុងនោះមានដូចជាការថែទាំនិងជួសជុលផ្លូវជាតិលេខ៦២ប្រវែង២.២០០ម៉ែត្រស្មើ២គីឡូ២០០ម៉ែត្រ។

ដោយឡែកសម្រាប់ឆ្នាំ២០១៩កន្លងទៅនេះដែរមន្ទីរបានពង្រីកផ្លូវកោះកែរនិងផ្លូវម្លូរព្រៃបន្ថែមទំហំ៤ម៉ែត្រកន្លះទៀតលើផ្លូវដែលមានស្រាប់នៅក្នុងសង្កាត់កំពង់ប្រណាក់ក្រុងព្រះវិហារប្រវែង២.២៧០ម៉ែត្រជាមួយនឹងការពុះទ្រូងផ្លូវដាក់សួនច្បារនៅកណ្តាលបំពាក់ទៅដោយអំពូលភ្លើង។ទន្ទឹមនឹងនោះនៅក្នុងទីរួមខេត្តនេះដែរមន្ទីរបានអ៊ុតកៅស៊ូACនៅមុខសាលាខេត្តមានប្រវែងប្រមាណជa៧ម៉ឺនម៉ែត្រការ៉េ។
លោកសំលាងទ្រីក៏បានបញ្ជាក់ទៀតថាផ្លូវនៅក្នុងទីរួមខេត្តព្រះវិហារមានអាយុកាលប្រមាណជាង១០ឆ្នាំហើយដែលធ្វើឱ្យកៅស៊ូងាប់។តែនៅពេលយើងអ៊ុតកៅស៊ូACនេះនឹងធ្វើឱ្យជីវិតកៅស៊ូមានជីវិតឡើងវិញហើយប្រើប្រាស់បានពី៥ទៅ៦ឆ្នាំទៀត។ក្រៅពីនេះមន្ទីរក៏នឹងស្ថាបនាផ្លូវបេតុងឆ្អឹងដែកកាត់ទទឹងការដាក់លូអក្សUនៅតាមបណ្តោយផ្លូវដោយមន្ទីរសាធារណការខេត្តបានបើកការដ្ឋានកាលថ្ងៃទី២៥ ធ្នូ២០១៩កន្លងមកនេះ ដើម្បីរំដោះទឹកចេញពីទីរួមខេត្ត។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថាក្នុងឆ្នាំ២០១៩កន្លងទៅមន្ទីរបានធ្វើការសាងសង់រូបសំណាក់គោបូរៈទី៥នៃប្រាសាទព្រះវិហារនៅរង្វង់មូលស្រអែមនៅក្នុងស្រុកជាំក្សាន្តហើយ។ចំពោះការសាងសង់រូបសំណាក់គោបូរៈទី៥នៃប្រាសាទព្រះវិហារខ្នាត១លើ២៥ស្មើនឹង៧៥ភាគរយនៃតួប្រាសាទព្រះវិហារដើមមានរូបនាគ២។នៅលើរង្វង់មូលនេះក៏នឹងមានការដាំស្មៅផ្កានិងដើមឈើលម្អរយ៉ាងស្រស់ស្អាត់ផងដែរ។

លោកបន្តទៀតថា៖ក្នុងឆ្នាំ២០១៩នេះដែរការិយាល័យសាធារការ ស្រុកឆែប ស្រុករវៀង ស្រុកជាំក្សាន្ត ស្រុកគូលែននិងស្រុកជ័យសែននៃមន្ទីសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានចុះកាត់សម្អាតរុក្ខ ជាតិ(កាត់ស្មៅ) និងកូនឈើដែលដុះបាំងផ្លូវកោង។ បង្គោលគីឡូម៉ែត្រ ផ្លាកសញ្ញា ដាឡូ លូ និងស្ពាន ដែលស្ថិតលើកំណាត់ផ្លូវជាតិលេខ ៩, លេខ៦២, លេខ៦៤, លេខ៩៥ ផ្លូវខេត្តលេខ ២៦២៦, ២៦២៥ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារឱ្យមានសោភ័ណ្ឌភាពផងនិងអ្នកធ្វើដំណើរងាយស្រួលមើលផ្លូវ។

ពាក់ព័ន្ធទៅនឹងការលំបាកនិងការប្រឈមសម្រាប់មន្ទីរសាធារណការខេត្តវិញលោកសំ លាងទ្រី បានបញ្ជាក់ដែរថា៖ក្នុងឆ្នាំ២០១៩កន្លងទៅនេះមានដូចជាបញ្ហាទឹកជំនន់ភ្នំដែលធ្លាប់មកពីភ្នំបណ្ដាលឱ្យជន់លិចផ្លូវនិងដាច់ផ្លូវជាច្រើនកន្លែង។ផ្លូវនៅតាមព្រំដែនឡាវវិញត្រូវទឹកជំនន់មកពីទន្លេល្ពៅជន់លិចនិងហូរកាត់ផ្លូវបណ្ដាលឱ្យដាច់ខូចខាតពិបាកក្នុងការងារជួសជុលផងនិងពិបាកក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋនៅរដូវរស្សាដោយសារផ្លូវរបស់យើងជាផ្លូវគ្រួសក្រហម។
លោកសំលាងទ្រីប្រធានមន្ទីរសាធារណការខេត្តព្រះវិហារបានបញ្ជាក់ថា៖ជាទិសដៅសម្រាប់ឆ្នាំ២០២០នេះមន្ទីរមានគម្រោងអ៊ុតកៅស៊ូACនៅផ្លូវកោះកែរនិងផ្លូវម្លូរព្រៃក្នុងទីរួមខេត្តបន្តទៀតដែលមានប្រវែងប្រមាណ៥គីឡូម៉ែត្រ។ក្នុងនោះបន្តស្ថាបនាផ្លូវបេតុងឆ្អឹងដែកកាត់ទទឹងការដាក់លូអក្សUនៅតាមបណ្តោយនានាក្នុងក្រុងព្រះវិហារថែមទៀត។ជាគម្រោងនៅក្នុងឆ្នាំ២០២០នោះផងដែរ។ផ្លូវកាត់ទទឹងទាំងអស់នៅក្នុងទីរូបខេត្តមន្ទីរនឹងធ្វើការស្ថាបនាដោយចាក់បេតុងឆ្អឹងដែកដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយភាពសុខសប្បាយ ។

លោកប្រធានបន្តថា៖ជាទិសដៅឆ្នាំ២០២០នេះដែរគ្រោងជួសជុលបង្ហើយផ្លូវជាតិលេខ៩៥ដែលនៅសល់ប្រវែង២០គីឡូម៉ែត្រនេះដោយសារផ្លូវជាតិលេខ៩៥នេះមានប្រវែងសរុប៨០គីឡូម៉ែត្រដោយបំបែកចេញពីផ្លូវជាតិលេខ៩ត្រង់គីឡូម៉ែត្រ៥៤៥+៥០០ក្នុងទីរួមស្រុកឆែបខេត្តព្រះវិហារនិងបញ្ចប់ត្រង់កែងផ្លូវជាតិលេខ៦២ត្រង់គីឡូម៉ែត្រ៦៨+២០០ស្ថិតក្នុងភូមិភ្នំដែកឃុំរមណីស្រុករវៀងខេត្តព្រះវិហារ។
សព្វថ្ងៃផ្លូវជាតិលេខ៩៥នេះបានក្រាលកៅស៊ូDBSTបានប្រវែង៥៩គីឡូម៉ែត្រហើយនៅសស់ប្រវែងជាង ២០គីឡូម៉ែត្រទៀតដែលនៅជាផ្លូវក្រាលក្រួសក្រហមនៅឡើយ។(គីឡូម៉ែត្រ៤+៣០០ដល់គីឡូម៉ែត្រ២១+២០០និងគីឡូម៉ែត្រ៣០+២០០ដល់គីឡូម៉ែត្រ៣៣+៧០០)។ផ្លូវលេខ៩៥នេះឆ្លងកាត់ស្រុកចំនួន៣គឺស្រុកឆែបស្រុកជ័យសែននិងស្រុករវៀងដោយមានប្រជាជនរស់នៅសរុបចំនួន២២.៥១៤គ្រួសារស្មើនឹងចំនួន៩៥.៥៧០នាក់។
លោកសំលាងទ្រីបានបន្តថា៖ផ្លូវជាតិលេខ៩៥នេះវាបានបម្រើឱ្យប្រជាជនដឹកជញ្ជូនកសិផលក្នុងតំបន់ដែលពួកគាត់ភាគច្រើនជាអ្នកស្រែចំការដូចជាស្រូវស្វាយដំឡូងមីស្វាយចន្ទីរក៏ដូចជាដំណាំហូបផ្លែមួយចំនួនរួមទាំងវិស័យទេសចរណ៍ផងដែរ។ប្រសិនបើយើងធ្វើដំណើរពីភ្នំពេញទៅខេត្តស្ទឹងត្រែង កាត់តាមផ្លូវជាតិលេខ៩៥នេះគឺវាជិតជាងកាត់តាមផ្លូវជាតិលេខ៦២(កាត់តាមទីរួមខេត្តព្រះវិហារ)
ប្រមាណជា៣៥គីឡូម៉ែត្រ។

មន្ទីរក៏គ្រោងជួសជុលស្ពានពុទ្រាដែលមានប្រវែង១២០ម៉ែត្រឆ្លងកាត់ស្ទឹងសែននៅភូមិពុទ្រាឃុំពុទ្រស្រុកជ័យសែនមានសភាពទ្រុតទ្រោមត្រូវការជួសជុលបន្ទាន់ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈធ្វើដំណើរឆ្លងកាត់៕S/