ការស្ថាបនាស្ពាន២កន្លែងនៅអូរឆែប​និងអូរតាយូលើកំណាត់ផ្លូវជាតិ​លេខ៩៥ បានរួចរាល់​១០០ភាគរយហើយ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា គិតមកដល់ថ្ងៃទី៩ មីនានេះការស្ថាបនាស្ពាន២កន្លែងនៅអូរឆែបនិងអូរតាយូ នៅតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៩៥ ស្ថិតក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារបានរួចរាល់១០០ភាគរយហើយនៅសល់តែការប្រគល់និងទទួលតែប៉ុណ្ណោះហើយខណៈនេះក្រុមការងារបាននិងកំពុងអ៊ុតគំនូសចរាចរណ៍លើកំណាត់ផ្លូវនេះផងដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួលនិងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។

លោកប្រធានមន្ទីរសាធារណការបានបញ្ជាក់ថា៖ផ្លូវជាតិលេខ៩៥នេះ វាបានបម្រើឱ្យប្រជាជនដឹកជញ្ជូនកសិផលក្នុងតំបន់ ដែលពួកគាត់ភាគច្រើនជាអ្នកស្រែ ចំការ ដូចជាស្រូវ ស្វាយ ដំឡូងមី ស្វាយចន្ទីរ ក៏ដូចជា ដំណាំហូបផ្លែមួយចំនួន រួមទាំងវិស័យទេសចរណ៍ផងដែរ។ ប្រសិនបើយើងធ្វើដំណើរពីភ្នំពេញ ទៅខេត្តស្ទឹងត្រែង កាត់តាមផ្លូវជាតិលេខ ៩៥ នេះ គឺវាជិតជាងកាត់តាមផ្លូវជាតិលេខ ៦២ (កាត់តាមទីរួមខេត្តព្រះវិហារ) ប្រមាណជា ៣៥ គីឡូម៉ែត្រ។មន្ទីរក៏គ្រោងជួសជុលស្ពានពុទ្រាដែលមានប្រវែង១២០ម៉ែត្រឆ្លងកាត់ស្ទឹងសែននៅភូមិពុទ្រា ឃុំពុទ្រ ស្រុកជ័យសែនមានសភាពទ្រុតទ្រោមត្រូវការជួសជុលបន្ទាន់ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈធ្វើដំណើរឆ្លងកាត់។

លោកបន្តថា៖ដើម្បីជំរុញឱ្យខេត្តព្រះវិហារកាន់តែមានសក្តានុពល សម្រាប់ឆ្នាំ២០១៩កន្លងមកនេះ គេពិនិត្យឃើញ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអនុវត្តការងារយ៉ាងច្រើន ក្នុងនោះរួមមានការដ្ឋានជួសជុល ថែទាំផ្លូវថ្នល់ទាំងផ្លូវជាតិ លេខ ៦២និងផ្លូវគ្រួសក្រហមនានាទាំងផ្លូវក្នុងទីក្រុងនិងទីប្រជុំជនក៏ដូចនៅតាមបណ្ដាស្រុកក្នុងខេត្តជាពិសេសគឺការស្ថាបនាស្ពាន២កន្លែងនៅផ្លូវជាតិលេខលេខ៩៥ក្នុងស្រុកឆែបខេត្តព្រះវិហារ ដែលស្ថាបនារួចរាល់នៅពេលនេះ។

លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ធ្លាប់បានឱ្យដឹងហើយថា៖ អ្វីដែលមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសម្រេចបានក្នុងឆ្នាំ២០១៩នោះគឺអនុវត្តតាមការដឹកនាំចង្អុលបង្ហាញជាប្រចាំពីលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។

លោកប្រធានមន្ទីរបានឱ្យដឹងថា ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការចរាចរណ៍ទៅមកនោះក្នុងឆ្នាំ២០១៩កន្លងទៅនេះការងារជួសជុលថែទាំផ្លូវនៅក្នុងខេត្តព្រះវិហារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វើការជួសជុលថែទាំផ្លូវបានប្រវែង ៨០០គីឡូម៉ែត្រដែលមានផ្លូវក្រាលកៅស៊ូចំនួន៤០០គីឡូម៉ែត្រ ក្នុងនោះមានដូចជាការថែទាំ និងជួសជុលផ្លូវជាតិលេខ៦២ ប្រវែង ២២០០ម៉ែត្រស្មើ២គីឡូ ២០០ ម៉ែត្រ។

ដោយឡែកសម្រាប់ឆ្នាំ២០១៩កន្លងទៅនេះដែរ មន្ទីរបានពង្រីកផ្លូវកោះកែរនិងផ្លូវម្លូរព្រៃបន្ថែមទំហំ៤ម៉ែត្រកន្លះទៀតលើផ្លូវដែលមានស្រាប់នៅក្នុងសង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ ប្រវែង ២២៧០ម៉ែត្រ ជាមួយនឹងការពុះទ្រូងផ្លូវដាក់សួនច្បារនៅកណ្តាល បំពាក់ទៅដោយអំពូលភ្លើង ។ ទន្ទឹមនឹងនោះនៅក្នុងទីរួមខេត្តនេះដែរ មន្ទីរបានអ៊ុតកៅស៊ូACនៅមុខសាលាខេត្តមានប្រវែងប្រមាណជា ៧ ម៉ឺនម៉ែត្រការ៉េ។

លោក សំ លាងទ្រី ក៏បានបញ្ជាក់ទៀតថា៖ ផ្លូវនៅក្នុងទីរួមខេត្តព្រះវិហារមានអាយុកាលប្រមាណជាង១០ឆ្នាំហើយ ដែលធ្វើឱ្យកៅស៊ូងាប់តែនៅពេលយើងធ្វើការអ៊ុតកៅស៊ូAC នេះនឹងធ្វើឲ្យជីវិតកៅស៊ូមានជីវិតឡើងវិញហើយប្រើប្រាស់បានពី៥ទៅ៦ឆ្នាំទៀត។ក្រៅពីនេះមន្ទីរក៏នឹងស្ថាបនាផ្លូវបេតុងឆ្អឹងដែកកាត់ទទឹង ការដាក់លូ អក្សU នៅតាមបណ្តោយផ្លូវដោយមន្ទីរសាធារណការខេត្តបានបើកការដ្ឋានកាលថ្ងៃទី២៥ ធ្នូ២០១៩កន្លងមកនេះ ដើម្បីរំដោះទឹកចេញពីទីរួមខេត្ត។

លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារបានបញ្ជាក់ថា៖ជាទិសដៅសម្រាប់ឆ្នាំ២០២០នេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារមានគម្រោងអ៊ុតកៅស៊ូACនៅផ្លូវកោះកែរនិងផ្លូវម្លូរព្រៃក្នុងទីរួមខេត្តបន្តទៀតដែលមានប្រវែងប្រមាណ ៥គីឡូម៉ែត្រ ។ក្នុងនោះបន្តស្ថាបនាផ្លូវបេតុងឆ្អឹងដែកកាត់ទទឹង ការដាក់លូ អក្សU នៅតាមបណ្តោយនានាក្នុងក្រុងព្រះវិហារថែមទៀត។ជាគម្រោងនៅក្នុងឆ្នាំ២០២០នោះផងដែរ ផ្លូវកាត់ទទឹងទាំងអស់នៅក្នុងទីរូបខេត្តមន្ទីរសាធារណការនិងធ្វើការស្ថាបនាដោយចាក់បេតុងឆ្អឹងដែក ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយភាពសុខសប្បាយ ។

លោកប្រធានបន្តទៀតថា៖ជាទិសដៅឆ្នាំ២០២០នេះដែរគ្រោងជួសជុលបង្ហើយផ្លូវជាតិ លេខ៩៥ ដែលនៅសល់ប្រវែង២០គីឡូម៉ែត្រនេះដោយសារផ្លូវជាតិលេខ៩៥នេះមានប្រវែងសរុប ៨០ គីឡូម៉ែត្រ ដោយបំបែកចេញពីផ្លូវជាតិលេខ ៩ ត្រង់ គីឡូម៉ែត្រ ៥៤៥+៥០០ ក្នុងទីរួមស្រុកឆែប ខេត្តព្រះវិហារ និងបញ្ចប់ត្រង់កែងផ្លូវជាតិលេខ ៦២ ត្រង់ គីឡូម៉ែត្រ ៦៨+២០០ ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។សព្វថ្ងៃផ្លូវជាតិលេខ ៩៥ នេះបានក្រាលកៅស៊ូ DBST បានប្រវែង ៥៩ គីឡូម៉ែត្រ ហើយនៅសស់ប្រវែងជាង ២០ គីឡូម៉ែត្រ ទៀតដែលនៅជាផ្លូវក្រាលក្រួសក្រហមនៅឡើយ (គីឡូម៉ែត្រ ៤+៣០០ ដល់ គីឡូម៉ែត្រ ២១+២០០និង គីឡូម៉ែត្រ ៣០+២០០ ដល់ គីឡូម៉ែត្រ ៣៣+៧០០)។ផ្លូវលេខ៩៥នេះ ឆ្លងកាត់ស្រុកចំនួន៣ គឺ ស្រុកឆែប ស្រុកជ័យសែន និងស្រុករវៀង ដោយមានប្រជាជនរស់នៅសរុប ចំនួន ២២៥១៤ គ្រួសារ ស្មើនឹង ចំនួន ៩៥៥៧០ នាក់។

គួររំលឹកថា ខេត្តព្រះវិហារ គឺជាខេត្តមួយ នៅដាច់ស្រយាល ឆ្ងាយពីរាជធានីភ្នំពេញ ដោយមានព្រំប្រទល់នៅជាប់ព្រំដែននៃប្រទេសថៃនិងប្រទេសឡាវ ។ប៉ុន្តែ ក្នុងរយៈពេលចុងក្រោយនេះ បើទោះបីខេត្តមួយនេះមានការអភិវឌ្ឍក្រោយគេក៏ពិតមែន តែមកដល់ពេលនេះគេបានឃើញខេត្តព្រះវិហារមានការអភិវឌ្ឍលឿន គួរឱ្យចាប់អារម្មណ៍និងបានទាក់ទាញភ្ញៀវទេសចណ៍ជាតិនិងអន្តរជាតិទៅមកដើរលេង កំសាន្តច្រើនដោយសារខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ធល្អនិងប្រព័ន្ធផ្លូវគមនាគមន៍ខ្វាត់ខ្វែងស្អាតមានសោភ័ណ្ឌភាពទាំងផ្លូវជនបទនិងផ្លូវក្នុងទីក្រុង៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកបើក​រ៉ឺម៉ក​លក់​ផ្កា ស...

ដោយៈ វណ្ណៈ/ព្រះសីហនុៈ បុរ...

កម្មការិនី​រោងចក្រ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ក...

អធិការនគរបាល ខណ្ឌ​កំបូល ន...

ដោយៈ រ៉ា​ម៉ន/ភ្នំពេញៈ ដោយ...

អគារ​ធនាគារចំនួនពីរត្រូវប...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...