ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ប្តីប្រពន្ធ២នាក់ទៀត ហើយបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ ដោយសារ ជិះម៉ូតូ ប៉ះជាមួយរថយន្តធំ។
ករណីនេះកើតឡើង លើដងផ្លូវជាតិលេខ៤ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩២-១៩៣ ក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង៤ល្ងាច ថ្ងៃទី០៨ខែមិនាឆ្នាំ២០២០។
នគរបាលមូលដ្ឋានប្រាប់ថាគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូ ០១គ្រឿងម៉ាក HONDA-WAVE ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ មានទិសដៅ ភ្នំពេញ -ខេត្តព្រះសីហនុ (អ្នកបើកបរនិងអ្នករួមដំណើរពុំទាន់ស្គាល់ឈ្មោះ) បើកបរជ្រុលចូលមកចំណែកផ្លូវម្ខាងឆ្វេងដៃរបស់ខ្លួន ក៍ត្រូវរថយន្តធំដឹកដែក ០១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3C-0194 បុកប៉ះចំពីមុខធ្លាក់មកដល់ដីក្រហម ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០២ នាក់ ក្នុងនោះ
១. អ្នកបើកបរម៉ូតូត្រូវជាប្តីស្លាប់នៅនឹងកន្លែងកើតហេតុ ។
២. អ្នករួមដំណើរលើម៉ូតូត្រូវជាប្រពន្ធស្លាប់នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្ន សាកសពរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីដោះស្រាយបន្ត។ ចំណែកអ្នកបើកបររថយន្ត(មិនទាន់ស្គាល់ឈ្មោះ) បានចុះរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕/B
