អ្នកនាំពាក្យៈ មនុស្ស​២២​នាក់​ទៀត​ធ្វើតេស្ត​រក​មេរោគ​ខូ​វីដ​១៩ គឺ​អវិជ្ជមាន​ទាំងអស់​

លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង​២​រសៀល ថ្ងៃទី​៩ ខែមីនា​ក្រសួង​បានទទួល​លទ្ធផល​ធ្វើតេស្ត​លើ​មនុស្ស​ចំនួន ២២​នាក់​ទៀត គឺ​អវិជ្ជមាន​ទាំង​២២​នាក់​។​
​លោកស្រី​បាន​បន្តថា ការសន្និដ្ឋាន​របស់​ក្រុមការងារ​បច្ចេកទេស ដែលមាន​បុគ្គលិក​អង្គការ​សុខភាព​ពិភពលោក​, បុគ្គលិក​មជ្ឈមណ្ឌល​ប្រយុទ្ធ​និង​ជំងឺឆ្លង នៃ​សហរដ្ឋ​អាម៉េរិក បុគ្គលិក​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បុគ្គលិក​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សាធារណៈ ក្រុមការងារ​ក្រសួងសុខាភិបាល និង​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​ប្រជុំ​ពិភាក្សាគ្នា​យ៉ាង​លម្អិត​ក្រោយពី​មានការ​ធ្វើការ​តាមដាន និង​ស្រាវជ្រាវ​យ៉ាងសកម្ម តាំងពី​ថ្ងៃទី​៦ ខែមីនា រហូតមកដល់​ថ្ងៃទី​៩ ខែមីនា គឺ​មិនទាន់មាន​ការចម្លង​ចូលទៅក្នុង​សហគមន៍​ណាមួយ​នៅក្នុង​ខេត្តសៀមរាប​នៅឡើយ​ទេ​។ ការចម្លង​នេះ គឺមាន​តែ​លើ​បុគ្គល​ជនជាតិខ្មែរ អាយុ​៣៨​ឆ្នាំ​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​គាត់​បាន​ឆ្លង​ពី​បុរស​ជនជាតិ​ជប៉ុន ក្រៅពីនេះ​មិនមាន​អ្នកណា​បាន​ឆ្លង​ជំងឺ​ខូ​វីដ ១៩ (Covid-19) ទេ​។​


​ជាមួយគ្នានេះ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​ខេត្តសៀមរាប មាន​ភាពនឹងន និង​រក្សា​ការងារ​ប្រចាំថ្ងៃ​ជាធម្មតា កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ឬក៏​ភ័យ​ស្លន់ស្លោរ​។ ហើយ​សំខាន់​សុខភាព​បុរស​ជនជាតិ​ខ្មែរ អាយុ​៣៨​ឆ្នាំ គឺ​បច្ចុប្បន្ននេះ គាត់​មាន​សុខភាព​ធម្មតា អត់​មាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ ហើយ​ក្រុមគ្រូពេទ្យ​កំពុង​បន្ត​ការតាមដាន​ដោយ​យកចិត្តទុកដាក់ ហើយ​ពួកគាត់​ស្ថិតនៅក្នុង​ការតាមដាន​រយៈពេល​១៤​ថ្ងៃ​។​

សកម្មភាពរបស់គ្រូពេទ្យកម្ពុជា(រូបថតនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង)


​ដោយឡែក​នាយកដ្ឋាន​ប្រឆាំងនឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​នៅ​ល្ងាច​ថ្ងៃទី​៩​ខែមីនា​បានបញ្ជាក់​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា​គិត​ត្រឹម ម៉ោង ៥:៣០​នាទី​ល្ងាច ថ្ងៃទី​៩ មីនា ប្រទេស​យើង​បាន​រកឃើញ​ករណី​ជំងឺ​COVID-19 សរុប​ចំនួន​ពីរ​ករណី​។​ក្នុងនោះ​មួយ​ករណី ជនជាតិ​ចិន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជាសះស្បើយ​។​មួយ​ករណី ជនជាតិខ្មែរ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ កំពុង​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប គាត់​មាន​សុខភាព​ល្អ មិនមាន​រោគសញ្ញា​អ្វី​ទេ តែ​គាត់​បន្ត​វិជ្ជមាន COVID-19។
​ប្រភព​ដដែល​បន្តថា​អ្នក​ប៉ះ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នកជំងឺ​ជនជាតិ​ជប៉ុន និង​ជនជាតិខ្មែរ អវិជ្ជមាន​ទាំងអស់ តែ​ត្រូវ​បន្ត​តាមដាន​បង្គ្រប់​១៤​ថ្ងៃ​។​សេចក្តីសន្និដ្ឋាន​រួម​របស់ មន្ត្រី​ជំនាញ​អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋ​អាម៉េរិក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​កម្ពុជា​មិនទាន់​រកឃើញ​ភស្តុតាង​បញ្ជាក់ថា​មានការ​ឆ្លង​នៅក្នុង​សហគមន៍​នៅឡើយ​ទេ​។​ទូទាំងប្រទេស​យើង​បានធ្វើ​តេស្ត​សរុប​ទាំងអស់​ចំនួន ៤៦២​ករណី​។​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular