Home ព័ត៌មានអន្តរជាតិ អ្នកការទូតនិង...

អ្នកការទូតនិងជនបរទេសច្រើននាក់ជម្លៀសខ្លួនចេញពីកូរ៉េខាងជើង ចំពេលមានការបារម្ភអំពីវីរុសកូរ៉ូណា

ស្ថានទូតជាច្រើននៅក្នុងប្រទេសកូរ៉េខាងជើងបានបិទទ្វារកាលពីថ្ងៃចន្ទទី៩មីនា ខណៈអ្នកការទូតជាច្រើនបានហោះចេញពីប្រទេសនេះបន្ទាប់ពីមានការដាក់កំហិតឱ្យនៅដាច់ដោយឡែកយ៉ាងតឹងរ៉ឹងអស់ជាច្រើនសប្តាហ៍ដោយរបបក្រុងព្យុងយ៉ាងជុំវិញការរីករាលដាលនៃវីរុសកូរ៉ូណា។

កូរ៉េខាងជើងមិនទាន់បានបញ្ជាក់ករណីឆ្លងណាមួយនៅឡើយទេ ប៉ុន្តែបានដាក់ចេញច្បាប់តឹងរ៉ឹងរួមទាំងការបិទព្រំដែនរបស់ខ្លួននិងដាក់ប្រជាជនរាប់ពាន់នាក់ឱ្យនៅដាច់ដោយឡែក។

ច្បាប់នោះក៏អនុវត្តលើជនបរទេសរួមទាំងអ្នកការទូតផងដែរ ក្នុងនោះរួមមានវិធានការដាក់បង្ខាំងពួកគេនៅក្នុងផ្ទះរបស់ពួកគេផ្ទាល់តែម្តង។

ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក អាឡិចសាន់ឌ័រ ម៉ាតសេហ្គោរ៉ា បានពណ៌នាលក្ខខណ្ឌទាំងនោះថាជា “ការប្រាសចាកក្រមសីលធម៌ទាំងស្រុង”។

ទីបំផុតការរឹតត្បិតទាំងនោះត្រូវបានបន្ធូរបន្ថយកាលពីសប្តាហ៍មុន បន្ទាប់ពីការបង្ខាំងជាងមួយខែ នៅពេលជនបរទេសជាង ២០០ នាក់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះរបស់ពួកគេ។

ឯកអគ្គរដ្ឋទូតស៊ុយអែត ចាវជីម បឺកស្ត្រូម បានថតរូបស៊ែលហ្វីពីកណ្តាលក្រុងព្យុងយ៉ាងជាមួយចំណងជើងសរសេរថា “ខ្ញុំមិនដែលសប្បាយចិត្តដូច្នេះពីមុនទេ ពេលបានចេញមកឈរនៅទីលានគីមអ៊ីលស៊ុង”។

ការជម្លៀសអ្នកការទូតនៅថ្ងៃចន្ទនេះធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ជាច្រើនថា ជើងហោះហើរពិសេសមួយបានរៀបចំឡើងដើម្បីដឹកអ្នកការទូតនិងជនបរទេសជាច្រើននាក់ចេញពីទីក្រុងព្យុងយ៉ាងទៅទីក្រុងវ៉្លាឌីវ៉ូតស្តូករបស់រុស្ស៊ី។

លោកខូលីន គ្រុក ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងព្យុងយ៉ាង បានសរសេរលើ Twitter ថា “សោកស្តាយដែលត្រូវនិយាយលាគ្នានៅព្រឹកនេះទៅកាន់សហសេវិកមកពីស្ថានទូតអាល្លឺម៉ង់ និង ការិយាល័យបារាំងនៅកូរ៉េខាងជើង ដែលត្រូវបិទបណ្តោះអាសន្ន”។ លោកបន្ថែមថា ស្ថានទូតរបស់លោកនឹងបន្តបើកទ្វារដដែល៕ ដោយ៖ កញ្ញាដាលីស

អ្នកការទូតនិងជនបរទេសជាច្រើននាក់ចាកចេញពីព្យុងយ៉ាងទៅទីក្រុងវ៉្លាឌីវ៉ូតស្តូកតាមជើងហោះហើរពិសេស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចិន​នឹង​ដាក់​ចេញ​នូវ​ពន្ធ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...