Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ​...

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អំពាវនាវ​អ្នកលក់​អង្ករ​នៅតាម​ទីផ្សារ​កុំ​ដំឡើងថ្លៃ​ជ្រុល

ដោយ​គូលែន​/​ខេត្តសៀមរាប​៖​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អំពាវនាវ​ដល់​អ្នកលក់​អង្ករ​នៅតាម​ទីផ្សារ​សូមកុំ​ដំឡើងថ្លៃ​ជ្រុល​ខណៈ​ក្រសួងពាណិជ្ជកម្ម​បាន​អំពាវនាវ​ដល់​ម្ចាស់​ហាង​ទំនិញ​ទូទៅ​ប្រកាន់​នូវ​ស្មារតី​សាមគ្គី​ជាតិខ្មែរ កុំ​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ទំនិញ ស្រេច​អំពើ​ចិត្ត​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៥៥​និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​១០​កាលពី​ព្រឹក​ថ្ងៃទី​០៩​ខែមីនា​ឆ្នាំ​២០២០​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា សម្តេច​មិនអាច​ហាមឃាត់ មិនឱ្យ​ប្រជាពលរដ្ឋ​ឈប់​ភ័យខ្លាច​ចំពោះ​ជំងឺ Covid-19 ឡើយ​។​ប៉ុន្តែ​សូម​ប្រជាពលរដ្ឋ​កុំ​ភ័យខ្លាច​ជ្រុល​ពេក​រហូត​ប៉ុន្មាន​ថ្ងៃ​មកនេះ​ប្រជាពលរដ្ឋ​មួយចំនួន​ឈានដល់​ការទិញ​អង្ករ និង​គ្រឿង​បរិភោគ​ស្តុក​ទុក​ក្នុងផ្ទះ​ថែមទៀត​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ថ្លែងថា​«​ប៉ុន្មាន​ថ្ងៃនេះ​មានការ​ភ័យខ្លាច​ច្រើន​ហួស​រហូតដល់​អ្នក​ខ្លះទៅ​ទិញ​អង្ករ ទិញ​មី​យកមក​ស្តុក ទិញ​ប៊ី​យ័រ​ទិញ​ស្រា​យកមក​ស្តុក ក្រែង​មិនបាន​ចេញទៅ​ផឹក​។ ឥឡូវ​អីចេះ ចាប់យក​យុទ្ធសាស្ត្រ​រុញ​ទូក​បណ្តោយ​ទឹកតែ​ម្តង​។​អង្ករ​កំពុងតែ​លក់​មិន​ដាច់​ផង​កំពុង​ចុះថោក​អីចឹង​ទេ​បើ​បានជា​ជ្រុល​ទិញ​ហើយ ទិញ​តែម្តងទៅ​ព្រោះ ៤០០​សហគ្រាស​ដែលជា​កន្លែង​កិនស្រូវ​អង្ករ​មិន​ខ្វះ​ទេ ។​សូម្បីតែ​យើង​មិន​ធ្វើ​មួយឆ្នាំ​ក៏​អត់​ទាន់​ខ្វះ​អង្ករ​ហូប​នៅក្នុង​ស្រុក​ខ្មែរ​ដែរ​ហើយ​គ្រាន់តែ​អំពាវនាវ​អ្នក​នៅតាម​ទីផ្សារ កុំ​ដំឡើងថ្លៃ​ជ្រុល​»​។​

​ជាមួយគ្នានេះដែរ នៅ​ថ្ងៃទី​៩ ខែមីនា​ឆ្នាំ​២០២០​នេះ​ក្រសួងពាណិជ្ជកម្ម​បានចេញ​សេចក្តីអំពាវនាវ​មួយ ស្តីពី​ការរក្សា​ថ្លៃទំនិញ​លើ​ទីផ្សារ​ដោយបាន​បញ្ជាក់ថា​បន្ទាប់​ពី​ក្រសួងសុខាភិបាល​បានប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដីពី​ការរកឃើញ​ករណី​មេរោគ​COVID19​លើ​បុរស​ជនជាតិខ្មែរ​មួយរូប​នៅ​ខេត្តសៀមរាប​។​

ក្រសួងពាណិជ្ជកម្ម​សង្កេត​ឃើញថា​ម្ចាស់​ហាង​លក់ទំនិញ​ធំៗ​បងប្អូន​អាជីវករ​អ្នកលក់​ទំនិញ​ទូទៅ​ភាគច្រើន​នៅ​រក្សា​ការ​ផ្គត់​ផ្គង​ទំនិញ​និង​បន្ត​លក់ទំនិញ​តាម​តម្លៃ​ធម្មតា​។​ទោះបី​ជាមាន​ប្រជាពលរដ្ឋ​មួយចំនួន​សម្រុក​ទិញ​ទំនិញ​ច្រើន​ខុស​ប្រក្រតី​ក៏ដោយ​។​ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នានេះដែរ​មាន​ហាង​លក់ទំនិញ​មួយចំនួន​តូច​បាន​ឆ្លៀតឱកាស​លក់​ដំឡើង​ថ្លៃទំនិញ ដូចជា ម៉ាស់​ការពារ​មុខ អាកុល​លាងដៃ និង​ទំនិញ​ចាំបាច់​មួយចំនួនទៀត ដែ​សកម្មភាព​ទាំងនេះ អាច​បង្កឱ្យមាន​ចលាចល​ក្នុងសង្គម​ធ្ងន់ធ្ងរ ។​

​ខ្លឹមសារ​នៃ​សេចក្ដីអំពាវនាវ​នេះ​បានបញ្ជាក់​បន្ថែមថា​ក្នុងស្ថានភាព​នេះ​ក្រសួងពាណិជ្ជកម្ម​សូម​ជម្រាប់ជូន​និង​អំពាវនាវ​ដូចខាងក្រោម​៖១.​សូម​ប្រជាពលរដ្ឋ​មេត្តា​ជ្រាបថា​បរិមាណ​សន្និធិ​អង្ករ​និង​ស្រូវ​មិនទាន់​កិន​ដែលមាន​នៅក្នុង​ប្រទេស​អា​ច​ធានា​ដល់​ការប្រើប្រាស់​ក្នុងស្រុក​និង​នាំ​ចេញទៅ​ក្រៅប្រទេស​ទៀតផង​។​

២.​សូម​ប្រជាពលរដ្ឋ​មេត្តា​រក្សា​នូវ​ភាពនឹងនរ​កុំ​ជួល​ច្របល់​ហូ​សហេតុ​នាំឱ្យ​ជន​ឱកាសនិយម​អាច​ឆ្លៀត​យកចំណេញ​តាមរយៈ​ការលក់​ដំឡើងថ្លៃ​ទំនិញ​ដោយ​មិន​សម​ហេតុផល​។​៣.​សូម​ម្ចាស់​ហាង​ទំនិញ​ទូទៅ ប្រកាន់​នូវ​ស្មារតី​សាមគ្គី​ជាតិខ្មែរ កុំ​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ទំនិញ ស្រេច​អំពើ​ចិត្ត​៕S/

​រូបភាព​÷ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​អំពាវនាវ​អ្នកលក់​អង្ករ​នៅតាម​ទីផ្សារ​កុំ​ដំឡើងថ្លៃ​ជ្រុល​៕ គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អង្គការ​រ​ហ្គូ​ដ​ណេ​បឺស​ក...

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​...

បុរស​ម្នាក់​ជិះ​កង់​ហាត់ប...

ដោយៈ ស​រិ​ទ្ធ​/​កណ្ដាលៈ ប...

​ក្រសួងសុខាភិបាល​ណែនាំ​ពង...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

អាជ្ញាធរ​ខណ្ឌដង្កោ អំពាវន...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ន...