ដោយៈសុផល/បាត់ដំបង៖គិតមកដល់ពេលនេះវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបងនិងរាជធានីភ្នំពេញសាងសង់សម្រេចបានចំនួន៣៣ភាគរយហើយដោយប្រើប្រាស់ថវិកាសរុបប្រមាណជាង២២លានដុល្លារ។ថវិកានេះជាជំនួយរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(Jica)។

ដោយចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៩វិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបងគ្រោងនឹងបញ្ចប់នៅខែតុលាឆ្នាំ២០២០និងទីតាំងនៅភ្នំពេញនឹងបញ្ចប់នៅខែវិច្ឆិកាឆ្នាំ២០២០។នៅពេលបញ្ចប់វិទ្យាស្ថានគរុកោសល្យទាំងពីរនេះនឹងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ផ្តល់ការអបរំគ្រូបង្រៀនដល់កម្រិតបរិញ្ញបត្រនិងជាវិទ្យាស្ថានបណ្តុះធនធានមនុស្ស និងលើកកម្ពស់អប់រំ និងគុណភាពគ្រូបង្រៀន។

ក្នុងកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានស្ដីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ(ODAPressTour)រៀបចំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(Jica)ពីថ្ងៃ៤ដល់៦មីនាឆ្នាំ២០២០នាពេលថ្មីៗនេះ លោក MASHAKI SAKAKURA ប្រធានគម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យ បានឱ្យដឹងថា៖ ការសាងសង់វិទ្យាស្ថានទាំងពីរនេះចំណាយថវិកាប្រមាណ២០លានដុល្លារអាមេរិកនិង២លានដុល្លារទៀតសម្រាប់សម្ភារៈបរិក្ខារផ្សេងៗ។

វិទ្យាស្ថាននៅបាត់ដំបងដែលមាន៥ខ្នងគ្រោងនឹងបញ្ចប់នៅខែតុលាឆ្នាំ២០២០ចំណែកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញដែលមាន៤ខ្នងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២០។បើគិតមកដល់ត្រឹមចុងខែកុម្ភៈ យើងសម្រេចបាន៣៣ភាគរយហើយ។

លោកស្រីទេព វណ្ឌី នាយិការងវិទ្យាស្ថានគរុកោសល្យបាត់ដំបងបានមានប្រសាសន៍ថា៖វិទ្យាស្ថានគរុកោសល្យទាំងពីរទីតាំងនេះនឹងក្លាយទៅជាវិទ្យាស្ថានដែលផ្ដល់ការអប់រំដល់គ្រូបង្រៀនដល់កម្រិតបរិញ្ញាប័ត្រតាមរយៈការពង្រឹងផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈដែលនឹងចាំបាច់សម្រាប់ការរៀននិងបង្រៀនដល់សាលាគរុកោសល្យទាំងពីរដែលមានស្រាប់។ជាពិសេសរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅកម្រិតបឋមនិងមធ្យមសិក្សាបឋភូមិ ក៏ដូចជាលើកកម្ពសគុណភាពគ្រូបង្រៀន។

លោកស្រី ទេព វណ្ឌីបានឱ្យដឹងផងដែរថា៖បច្ចុប្បន្ននេះដើម្បីក្លាយជាគ្រូបឋមនិងមធ្យមសិក្សាបឋមភូមិត្រូវទទួលការបណ្តុះបណ្តាលរយៈពេល២ឆ្នាំបន្ទាប់ពីប្រឡងជាប់ថ្នាក់ទី១២ដែលគេហោះថា ១២ បូក២ហើយចាប់ពីឆ្នាំ២០២០ទៅការបណ្តុះបណ្តាលគ្រូបឋមនិងគ្រូមធ្យមសិក្សបឋមភូមិនឹងអនុវត្តតាមរូបមន្ត១២បូក៤និងបរិញ្ញាបត្របូក១។

លោកស្រីបានបញ្ជាក់ថានៅឆ្នាំ២០១៨ការបណ្តុះបណ្តាលសាកល្បងតាមរូបមន្ត១២បូក៤បានដាក់ឱ្យដំណើរការនៅវិទ្យាសា្ថនគរុកោសល្យរាជធានីភ្នំពេញនិងបាត់ដំបង៕S/





ចំណងជើងរូបថត៖វិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបងនិងរាជធានីភ្នំពេញសាងសង់សម្រេចបានចំនួន៣៣ភាគរយហើយដោយប្រើប្រាស់ថវិកាសរុបប្រមាណជាង២២លានដុល្លារជាជំនួយរបស់រដ្ឋាភិបាលជប៉ុនតាមរយៈចៃកា(រូបៈសុផល)