ដោយៈមុនីរ័ត្ន/ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីការបែងចែកមន្ត្រីចុះបំពេញការងារនៅថ្នាក់មូលដ្ឋាន ព្រមទាំងបានផ្ទេរសិទ្ធិអំណាច និងធនធានហិរញ្ញវត្ថុ។ដើម្បីឱ្យមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានលទ្ធផលគ្រប់គ្រាន់ក្នុងការផ្ដល់សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋានសំដៅបម្រើផលប្រយោជន៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាក៏បានចាត់តាំងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីផ្ដល់ការគាំទ្រនិងដោះស្រាយបញ្ហាផ្សេងៗបន្ថែមទៀតជូនប្រជាពលរដ្ឋ។ការបញ្ជាក់នេះក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តស្នាយសរ ស្ថិតក្នុងភូមិព្រៃខ្លា និងភូមិពោធិសាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។
សម្ដេចក្រឡាហោមបានលើកឡើងថាថ្នាក់ដឹកនាំនិងមន្ត្រីសម័យនេះមិនសូវមានពេលដើរលេងសប្បាយហ៊ឺហារនាថ្ងៃចុងសប្ដាហ៍ដូចថ្នាក់ដឹកនាំនិងមន្ត្រីសម័យមុនឡើយ។គឺរាជរដ្ឋាភិបាលនិងគណបក្សបានចាត់តាំងការទទួលខុសត្រូវឱ្យចុះមូលដ្ឋានដើម្បីធ្វើវេទិកាសាធារណៈប្រមូលសំណូមពរក្ដីកង្វល់និងក្ដាប់នូវបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ។រួមគ្នាជាមួយអាជ្ញាធរមូលដ្ឋានដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាហើយបញ្ហាណាដែលលើសពីសមត្ថកិច្ចឬសមត្ថភាពក្រុមការងារនឹងលើកយកមកដោះស្រាយជាមួយថ្នាក់ដឹកនាំបន្តទៀតដោយមិនទុកឱ្យបញ្ហាណាមួយរបស់ពលរដ្ឋត្រូវកប់ចោលជាដាច់ខាត។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដោយបានផ្ទេរមុខងារសិទ្ធិអំណាចធនធានពីថ្នាក់ជាតិមកឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិជាបន្តបន្ទាប់។រួមមានរាជធានីខេត្តក្រុងស្រុកខណ្ឌនិងឃុំសង្កាត់ហើយជាក់ស្ដែងឃុំសង្កាត់នៅឆ្នាំ២០២០នេះ បានទទួលការបង្កើនថវិការដ្ឋបាល និងថវិកាអភិវឌ្ឍន៍ទ្វេដង។ ក្នុងនោះសម្រាប់ថវិកាអភិវឌ្ឍន៍ ក្នុងមួយឃុំឬសង្កាត់បានទទួលពីប្រមាណ៣ម៉ឺនដុល្លារនៅឆ្នាំ២០១៩មកដល់ជាង៧ម៉ឺនដុល្លារនៅឆ្នាំ២០២០។
ដូច្នេះក្រុមប្រឹក្សាឃុំខង្កាត់នឹងកាន់តែមានលទ្ធភាពច្រើនជាងមុនក្នុងការសម្រេចចិត្តអភិវឌ្ឍន៍មូលដ្ឋានទៅតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ការធ្វើកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលគឺដើម្បីផ្ដល់សិទ្ធិអំណាចនិងផលប្រយោជន៍ឱ្យបានកាន់តែទូលំទូលាយជូនដល់ប្រជាពលរដ្ឋនិងមន្ត្រីដែលនៅក្បែរពលរដ្ឋមិនមែនក្ដោបអំណាចទុកតែនៅថ្នាក់លើដូចពីអតីតកាលនោះឡើយហើយថាការងារនេះគឺត្រូវការការចូលរួមគាំទ្រពីប្រជាពលរដ្ឋ។
សម្ដេចបន្តថាកិច្ចការដែលត្រូវបានលើកទឹកចិត្តឱ្យចូលរួមខ្ពស់បំផុតនោះគឺការរួមគ្នាការពារសុខសន្តិភាព ឯករាជ្យភាព បូរណភាពដែនដី និងអធិបតេយ្យជាតិ។ សម្ដេចបានរំលឹកថា កម្ពុជាពីអតីតកាល យើងមានដែនដីធំណាស់។ ប៉ុន្តែព្រោះតែបាត់សន្តិភាព យើងបាត់ឯករាជ្យជាតិ យើងបាត់បង់ទឹកដី និងទទួលរងវិនាសកម្មគ្រប់បែបយ៉ាងដូច្នេះពេលនេះយើងដែលមានបទពិសោធន៍គ្រប់គ្រាន់ត្រូវតែរួមគ្នាការពារសុខសន្តិភាពឱ្យបាន។
សម្ដេចក្រឡាហោមបានពន្យល់ជូនប្រជាពលរដ្ឋថាជាការពិតសុខសន្តិភាពគឺជាគន្លឹះនាំឱ្យមានការអភិវឌ្ឍហើយពលរដ្ឋអាចទទួលបានផលពីការអភិវឌ្ឍនេះទៅតាមចំណេះដឹងសមត្ថភាពនិងការចេះក្ដាប់យកឱកាសនានា។យ៉ាងណាក៏ដោយសម្ដេចបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលកំពុងខិតខំធ្វើយ៉ាងណាឱ្យផលនៃកំណើនសេដ្ឋកិច្ចជាតិបានមកដល់មូលដ្ឋានប្រជាពលរដ្ឋ តាមរយៈការអនុវត្តគោលនយោបាយ ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស និងការផ្ដល់សេវាសាធារណៈនានា៕S/
