បន្សាប​ព័ត៌មាន​មិន​ពិ​តៈ នៅ​ខេត្តក្រចេះ​មិនមាន​សិស្ស​ឆ្លង​ជំងឺ​ខូ​វីដ ១៩ ទេ​!​

238
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​អះអាងថា គិត​ត្រឹម​ម៉ោង ២​រសៀល ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០ នៅក្នុង​ខេត្តក្រចេះ​គ្មាន​អ្នកណាម្នាក់​សង្ស័យ​កើត​ជំងឺ​កូ​វីដ ១៩ (Covid-19) ទេ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ កាលពី​ថ្ងៃទី​៩ ខែមីនា​។ ការបដិសេធ​នេះ គឺ​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ផ្សព្វផ្សាយ​ព័​ត៍​មាន​មិន​ពិត​ធ្វើ​ឲ្យ​មានការ​ច្របូកច្របល់​ថា មាន​សិស្ស​ចំនួន​៦​នាក់ នៅ​វិទ្យាល័យ ស​ម្ភៈ​បុ​រៈ​សំបូរ ឆ្លង​ជំងឺ​កូ​វីដ ១៩​។​ដោយឡែក​ក្រសួងសុខាភិបាល​ក៏បាន​ប្រកាស​កាលពី​ព្រលប់​ថ្ងៃទី​៩​ខែមីនា​នេះដែរ​ថា​គេ​មិនបាន​រកឃើញ​ករណី​ចម្លង​នៃ​ជំងឺ​ខូ​វីដ​១៩​ថ្មី​ទៀត​ដែរ​។​

លោក​ឈ្នាង សុវត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ


​ ​លោក​ឈ្នាង សុវត្ថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​បញ្ជាក់ថា ចំពោះ​ព្រឹត្តិការណ៍​មួយ​ដែលមាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​សម្បូណ៌​ចំនួន ១៩​នាក់ ក្នុងនោះ​មាន​សិស្ស​រៀន​នៅ​វិទ្យាល័យ ស​ម្ភៈ​បុ​រៈ​សំបូរ ចំនួន​ប្រាំមួយ​នាក់ បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តសៀមរាប ដើម្បី​ជូន​ដំណើរ​ពលករ​ចំនួន​បីនាក់ ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី​៥ ខែមីនា ។​គឺ ពលករ​ទាំងបី​នាក់​នោះ បាន​រៀន​ភាសា​ជប៉ុន​នៅ​សាលា​មួយ​ដែលមាន​បុគ្គលិក​ជា​ជនជាតិខ្មែរ​មួយ​នាក់ ធ្វើការ​នៅក្នុង​សាលា​នោះ កើត​ជំងឺ​កូ​វីដ ១៩ (Covid-19) (​បញ្ជា​ក់ដោយ​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២០)​។ ក្រុមការងារ​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត បានធ្វើ​ការអង្កេត​ស្រាវជ្រាវ​រកឃើញថា ក្រុមមនុស្ស​ទាំង ១៩​នាក់ ខាងលើ មិនបាន​ជួប​ជាមួយ​ជនជាតិខ្មែរ​ដែលមាន​ជំងឺ​កូ​វីដ ១៩ (Covid-19) នោះទេ និង​មកដល់ពេលនេះ​គាត់​ទាំងអស់គ្នា​មាន​សុខភាព​ធម្មតា គ្មាន​បញ្ហា​សុខភាព​អ្វី​ឡើយ​។ ពួកគាត់​ទាំងនោះ កំពុងតែ​រស់នៅ​ធ្វើ​ការងារ និង​រៀនសូត្រ​ជាធម្មតា មិនមាន​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ឡើយ​។ ប៉ុន្តែ​ពួកគាត់​ត្រូវបាន​តាមដាន​សុខភាព​ជាប្រចាំ និង​ត្រូវ​ទៅ​ពិគ្រោះ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក​ប្រសិនបើ​មាន​បញ្ហា​សុខភាព​។​


​ជាមួយគ្នានេះ មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បានធ្វើ​ការបដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​មិន​ពិត​និង​សុំ​បញ្ឈប់​ជាបន្ទាន់​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​មិន​ច្បាស់លាស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​ច្របូកច្របល់​ក្នុងសង្គម​។​

សកម្មភាព​របស់​គ្រូពេទ្យ​កម្ពុជា​(​រូបថត​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​)


​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​បន្តថា បច្ចុប្បន្ន​មន្ទីរ​សុខាភិបាល​ខេត្ត​បាននិងកំពុង​អនុវត្ត​វិធានការ​បង្ការ និង​ត្រៀម​អន្តរាគមន៍​ឆ្លើយតប​ទៅ​និង​ការ​រាតត្បាត​ជំងឺ​កូ​វីដ ១៩ (Covid-19) យ៉ាង​យកចិត្តទុកដាក់​បំផុត តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល ចាប់តាំងពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ រួមមានៈ ពង្រឹង​មន្ត្រី​ច​ត្តា​ឡី​ស័ក នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ពិនិត្យ​សុខភាព​អ្នកធ្វើដំណើរ​ឆ្លង​ព្រំដែន រៀបចំ​បន្ទប់​ដោយឡែក​សម្រាប់​ជំងឺ​កូ​វីដ ១៩ (Covid-19) នៅ​មន្ទីរពេទ្យបង្អែក​ទាំងបី ពង្រឹងសមត្ថភាព​ក្នុង​ការថែទាំ​ព្យាបាល​ជំងឺ និង​ការបង្ការ​ចម្លងរោគ​ដល់​សេវា​សុខាភិបាល​សាធារណៈ និ​ងេ​ក​ជន អប់រំ​អំពី​វិធ​នា​ការបង្ការ​ការចម្លង​ជំងឺ​កូ​វីដ ១៩ (Covid-19) ដល់​ប្រជាពលរដ្ឋ​ទូទៅ​និង​សិស្សានុសិស្ស និង​បាន​តា​មាន​អង្កេត​ស្រាវជ្រាវ​ជាប្រចាំ​។ គិត​ត្រឹម​ម៉ោង ២​រសៀល ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០ នៅក្នុង​ខេត្តក្រចេះ​គ្មាន​អ្នកណាម្នាក់​សង្ស័យ​កើត​ជំងឺ​ខូវីដ ១៩ (Covid-19) ទេ​៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ