ដោយបូកគោ/កំពត៖អំឡុងពេលនៃការផ្ទុះឡើងនូវជំងឺកូវីដ១៩ប្រាក់ចំណូលពន្ធគយនៅច្រកទ្វារអន្តរជាតិព្រែកចាកបែរជាស្ថិតក្នុងលំដាប់ភាគរយតិចជាងចំណូលរបស់ច្រកទ្វារទ្វេភាគីទាន់ហន់ទៅវិញ។ ប្រធានច្រកទ្វារអន្តរជាតិដ៏សំខាន់មួយនេះបានក្រើនរំលឹកដល់មន្ត្រីចំណុះទីស្នាក់ការត្រូវគិតគូរអំពីសាមគ្គីភាពផ្ទៃក្នុងដើម្បីរួមគ្នារកប្រាក់ចំណូលជូនរដ្ឋឱ្យបានស័ក្តិសមនឹងបរិមាណទំនិញនាំចូល។
ក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈកាលពីព្រឹកថ្ងៃទី៩ខែមីនាឆ្នាំ២០២០លោកង៉ែតសាវឿនប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកបានមានប្រសាសន៍ថានាអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺកូវីដ១៩ប្រាក់ចំណូលពន្ធគយនៅច្រកទ្វារអន្តរជាតិព្រែកចាកបែរជាមានភាគរយតិចជាងចំណូលរបស់ច្រកទ្វារទ្វេភាគីទាន់ហន់ទៅវិញ។ក្នុងនោះច្រកទ្វារព្រែកចាកបានធ្លាក់មកត្រឹម១៨ភាគរយខណៈដែលច្រកទ្វារព្រំដែនទ្វេរភាគីទាន់ហន់ប្រមូលបានរហូតដល់ទៅ១២០ភាគរយ។
លោកប្រធានទីស្នាក់ការបានក្រើនរំលឹកថាដើម្បីទប់ស្កាត់រាល់ល្បិចកលរបស់ជនខិលខូចនិងក្រុមឈ្មួញឆ្លៀតឱកាសមួយចំនួននោះមន្ត្រីគ្រប់ផ្នែកចំណុះទីស្នាក់ការទាំងមូលត្រូវរួមសាមគ្គីផ្ទៃក្នុងនិងបន្តកិច្ចសហការក្នុងការអនុវត្តតួនាទីភារកិច្ចឱ្យបានល្អប្រសើរបន្ថែមទៀត។ជាមួយនេះក៏ត្រូវគោរពនិងអនុវត្តតាមស្មារតីនៃលិខិតបទដ្ឋានគតិយុត្តនានា ពិសេសអនុក្រឹត្យលេខ៦៤ អនក្រ.បក ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០០១។
លោកង៉ែតសារឿនបានបន្តទៀតថាមន្ត្រីក្នុងដែនជំនាញត្រូវប្រមូលគ្នាមកត្រួតពិនិត្យទំនិញនិងឯកសារផ្សេងៗនៅកន្លែងតែមួយ។តាមបញ្ជរនីមួយៗត្រូវមានស្លាកឈ្មោះអង្គភាពឬស្ថាប័នឈរជើងដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរនានាមកទទួលសេវា។
ភាពប្រាកដប្រជាសម្រាប់កិច្ចការងារជាអាយុជីវិតរបស់រាជរដ្ឋាភិបាលនេះគឺរាល់មធ្យោបាយដឹកជញ្ជូននិងទំនិញឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រែកចាកដាច់ខាតត្រូវតែមានច្បាប់អនុញ្ញាតជាចាំបាច់។និយាយរួមមិនអាចបណ្តែតបណ្តោយឱ្យមានភាពលាក់លៀប ស៊ុមគ្រលំ ឬឃុបឃិតគ្នាកើតមានជាដាច់ខាត៕S/