អាជ្ញាធរសុខាភិបាលក្រុងហុងកុង បានព្រមានពលរដ្ឋរបស់ខ្លួនឱ្យឈប់ថើបសត្វចិញ្ចឹម បន្ទាប់ពីសុនខមួយក្បាលធ្វើតេស្តឃើញឆ្លងវីរុសផ្លូវដង្ហើមកាចសាហាវកូរ៉ូណា ឬ ខូវីដ១៩(Covid-19)។
យោងតាមនាយកដ្ឋានកសិកម្ម រក្ខាប្រមាញ់ និងអភិរក្ស (Agriculture, Fisheries and Conservation Department) នៃក្រុងហុងកុង ដែលមនុស្ស ១០៣ នាក់ឆ្លងវីរុសកូរ៉ូណា និងរាប់ពាន់នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកដើម្បីតាមដានស្ថានភាពសុខភាពឱ្យដឹងថា លទ្ធផលធ្វើតេស្តលើសុនខពូជ Pomeranian នោះបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា វាឆ្លងវីរុសកូរ៉ូណា កម្រិតស្រាល ហើយនេះទំនងជាករណីឆ្លងពីមនុស្សទៅសត្វ។
អាជ្ញាធរបញ្ជាក់ថា ម្ចាស់សុនខនេះបានឆ្លងវីរុសកូរ៉ូណា។ ទោះជាយ៉ាងណា ស្ថាប័នដដែលបានអំពាវនាវឱ្យពលរដ្ឋកុំស្លន់ស្លោខ្លាំងពេក និងកុំបោះបង់សត្វចិញ្ចឹមរបស់ខ្លួន។ តែទន្ទឹមនេះ អាជ្ញាធរបានក្រើនរំឭកពលរដ្ឋឱ្យរក្សាអនាម័យជាប់ជានិច្ច និងត្រូវការពារខ្លួនឱ្យបានល្អ នៅពេលប៉ះពាល់សត្វចិញ្ចឹម៕ ប្រែសម្រួលៈខុម