ដោយ: តារារិទ្ធ / ភ្នំពេញ: នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ ៣.៤៥៨ នាក់ នារី ២.៩៥៤នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

វិទ្យាស្ថានវ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបានចូលរួមធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សប្រកបដោយពុទ្ធិ និងបញ្ញាញាណសម្រាប់រួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។
លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដាបានឱ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថានវ៉ាន់ដាមានទីតាំងចំនួន៣កន្លែងកំពុងដំណើរការ។ ក្នុងនោះ១កន្លែងនៅរាជធានីភ្នំពេញ,១កន្លែងនៅខេត្តសៀមរាប និង១កន្លែងទៀតនៅខេត្តបាត់ដំបង។
លោកបានឱ្យដឹងថា ចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា២០១៨-២០១៩កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា ដោយគិតទាំងនិស្សិតជ័យលាភីនេះផងសរុបចំនួន ៣៥.០៧៦ នាក់នារី ២៨.៩៣០នាក់។ និស្សិតកំពុងសិក្សាមានចំនួន ៨.៩៦៥ នាក់ នារី ៧.៩៥៣នាក់។
លោកបណ្ឌិត ហេង វ៉ាន់ដា ក៏បានឱ្យដឹងផងដែរថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាឱកាសនេះ អ្នកមានការងារធ្វើចំនួន ៣.២៩៧នាក់ស្មើនឹង ៩៥,៣៤%។

ក្រៅពីនេះជាមួយការពង្រឹងហេដ្ឋា រចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ វិទ្យាស្ថានក៏បានរៀបចំពង្រីកទីតាំងបន្ថែមទៀតពិសេសអគារសិក្សា បណ្ណាល័យ អ៊ិនធឺណិត ដោយបំពាក់សម្ភារឧបទេសសិក្សាទំនើបៗសម្រាប់អ្នកសិក្សាទូទៅ ដើម្បីពង្រីកការទំនាក់ទំនងឱ្យបានល្អជាមួយវិស័យអប់រំ និង ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើន ដូចជាក្រសួងអប់រំ យុវជននិង កីឡា,ក្រសួងការងារបណ្តុះ បណ្តាល និងវិជ្ជាជីវៈ, គណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា, សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, អាជ្ញាធរសវនកម្មជាតិ, គណៈកម្មការមូលបត្រកម្ពុ ជា, អគ្គនាយកដ្ឋានពន្ធដារ, ក្រុមប្រឹក្សាជាតិគណនេយ្យ, វិទ្យាស្ថានគណនេយ្យករជំនាញនិង សវនករកម្ពុជា, សមាគមគណនេយ្យករចក្រភពអង់គ្លេស, និងសាកលវិទ្យាល័យមួយចំនួនក្នុងព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋប្រជាមានិតចិនជាដើម៕ ល/Ha