Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រីស៊ូដង់ក្រោយសម័យបះបោរគេចផុតគ្រោះថ្នាក់ពីការប៉ុនប៉ងធ្វើឃាត

ក្រុមមន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា លោក អាប់ដាល់ឡា​ ហាមដុក នាយករដ្ឋមន្ត្រីស៊ូដង់ក្រោយសម័យបះបោរបានរួចផុតពីគ្រោះថ្នាក់ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកនិងកាំភ្លើងបានសំដៅទៅលើក្បួនរថយន្តរបស់គាត់កាលពីថ្ងៃចន្ទទី៩មីនានៅតាមផ្លូវទៅធ្វើការនៅរដ្ឋធានីខាទុម។

ការវាយប្រហារទៅលើលោកហាមដុក សេដ្ឋវិទូល្បីឈ្មោះដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីកាលពីខែសីហា បានកើតឡើងនៅក្នុងសង្កាត់កូបឺ ភាគឦសានទីក្រុងខាទុមនិងគូសបញ្ជាក់ពីភាពផុយស្រួយនៃការផ្លាស់ប្តូររបស់ស៊ូដង់ទៅការគ្រប់គ្រងដោយស៊ីវិល។

នាយកខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី គឺលោក អាលី បាឃីត បាននិយាយលើផុស Facebook មួយថា “ការផ្ទុះមួយបានកើតឡើង នៅពេលរថយន្តរបស់លោកនាយករដ្ឋមន្រ្តីអាប់ដាល់ឡា ហាមដុកកំពុងបើកបរកាត់ តែសូមអរគុណដល់ព្រះដែលគ្មាននរណាម្នាក់រងគ្រោះថ្នាក់”។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ស៊ូដង់ SUNA បាននិយាយថា លោកហាមដុក ដែលក្រោយមករៀបចំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីវិសាមញ្ញ គឺ “មានសុខភាពល្អនិងស្ថិតនៅកន្លែងសុវត្ថិភាព”។

SUNA និយាយថា ជនវាយប្រហារមិនស្គាល់អត្តសញ្ញាណបានវាយប្រហារ “នៅម៉ោងប្រហែល ៩ ព្រឹកនៅច្រកចូលស្ពានកូបឺ… នៅពេលដែលលោកហាមដុក ជាធម្មតាធ្វើដំណើរទៅការិយាល័យរបស់គាត់” នៅកណ្តាលទីក្រុង។

គណៈរដ្ឋមន្រ្តីបាននិយាយថា ការផ្ទុះនិងការបាញ់ប្រហារជាច្រើនគ្រាប់គឺសំដៅទៅលើក្បួនរថយន្តរបស់នាយករដ្ឋមន្ត្រី។

រូបភាពនៅលើកញ្ចក់ទូរទស្សន៍រដ្ឋបានបង្ហាញ រថយន្តខូចខាតយ៉ាងតិច ២ គ្រឿងនៅកន្លែងផ្ទុះ ដែលត្រូវបានប៉ូលិសឡោមព័ទ្ធជិតភ្លាមៗ។

លោកហាមដុកអាយុ ៦៤ ឆ្នាំបានសរសេរនៅលើគណនី Twitter ផ្លូវការរបស់គាត់ថា គាត់មិនមានគ្រោះថ្នាក់ទេ ហើយបានបញ្ចេញរូបថតពីរសន្លឹករបស់គាត់កំពុងញញឹមពេលអង្គុយនៅតុរបស់គាត់។

លោកបាននិយាយថា “ខ្ញុំចង់ធានាដល់ប្រជាជនស៊ូដង់ថា ខ្ញុំមានសុវត្ថិភាពនិងមានសុខភាពល្អ”។

គាត់បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ដោយឱបគ្នាជាមួយឥស្សរជនសាធារណៈជាច្រើនរូប៕ ដោយ៖ កញ្ញាដាលីស

លោក អាប់ដាល់ឡា​ ហាមដុក រួចផុតពីគ្រោះថ្នាក់ពីការប៉ងធ្វើឃាតកាលពីថ្ងៃចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular