ចាប់តាំងពីចុងសប្តាហ៍មុន និងបន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃទី៧មីនា ពីការរកឃើញករណីមេរោគខូវីដ១៩(Covid-19) លើបុរសជនជាតិខ្មែរម្នាក់ នៅខេត្តសៀមរាប រួចមក ក៏មានប្រជាពលរដ្ឋខ្មែរមួយចំនួន បានសម្រុកទិញទំនិញច្រើនខុសប្រក្រតី ពិសេសមី និងអង្ករ ជាដើម។
ក្នុងពេលដំណាលគ្នានោះក៏មានហាងលក់ទំនិញមួយចំនួនតូចបានឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញដូចជា ម៉ាស់ការពារមុខ អាល់កុលលាងដៃ និងទំនិញចាំបាច់មួយ ចំនួនទៀត ដែលសកម្មភាពទាំងនេះ ត្រូវបានក្រសួងពាណិជ្ជកម្ម ប្រកាសថាអាចបង្កឱ្យមានចលាចលក្នុង សង្គមធ្ងន់ធ្ងរ។
ក្នុងស្ថានភាពនេះ ក្រសួងពាណិជ្ជកម្ម បានប្រកាសអំពាវនាវបី ចំណុច រួមមានមួយ-សូមប្រជាពលរដ្ឋមេត្តាជ្រាបថា បរិមាសន្និធិអង្ករ និងស្រូវ មិនទាន់កិន ដែលមានក្នុងប្រទេស អាចធានាដល់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសទៀតផង។ ពីរ-សូម ប្រជាពលរដ្ឋ មេត្តារក្សានូវភាពហ្នឹងនរ កុំជ្រួលច្របល់ហួសហេតុ នាំឱ្យជនឱកាសនិយម អាចឆ្លៀតយកចំណេញ តាមរយៈការលក់ដំឡើងថ្លៃទំនិញដោយមិនសមហេតុសមផល។ បី-សូមម្ចាស់ហាងទំនិញទូទៅ ប្រកាន់នូវស្មារតីសាមគ្គីជាតិខ្មែរកុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញ ស្រេចតែអំពើចិត្ត។ ក្នុងករណីរកឃើញភាពមិនប្រក្រតី អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធាន ការតាមផ្លូវច្បាប់។
ក្រសួងពាណិជ្ជកម្ម ក៏បានប្រកាសថា ក្រសួង បាន និងកំពុងសហការជាមួយស្ថាប័នផ្សេងទៀត ចាត់វិធានការសមស្រប ដើម្បីធានានូវចរាចរទំនិញទូទៅនិងការផ្គត់ផ្គង់គ្រឿងឧបភោគ បរិភោគចាំបាច់ សម្រាប់បម្រើជីវភាពរបស់ប្រជាជនយើង នៅក្នុងកាលៈទេសៈនេះ។
ក្រសួងពាណិជ្ជកម្ម ក៏បានប្រកាសថា នឹងចាត់មន្ត្រីជំនាញឱ្យសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវ និងត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញព្រមទាំងដាក់ចេញនូវ វិធានការផ្លូវច្បាប់ ក្នុងករណីរកឃើញ ជនខិលខូច ដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃកេងចំណេញជ្រុលហួសហេតុ។
យ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនេះ ក្រសួងពាណិជ្ជកម្ម ក៏បានកត់សម្គាល់ឃើញថា ម្ចាស់ហាងលក់ទំនិញធំៗ បងប្អូនអាជីវករ អ្នកលក់ដូរទំនិញទូទៅភាគច្រើននៅរក្សាការផ្គត់ផ្គង់ ទំនិញ និងបន្តលក់ទំនិញតាមតម្លៃធម្មតា ទោះបីមានប្រជាពលរដ្ឋមួយចំនួនសម្រុកទិញ ទំនិញច្រើនខុសប្រក្រតីក៏ដោយ។ ក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តចំពោះម្ចាស់ហាងទំនិញ និងបងប្អូនអាជីវករទាំងនោះជាខ្លាំង។
ជាការពិត ដូចធ្លាប់កើតឡើង ក្នុងសង្គមខ្មែរយើង កន្លងមកដែរ ដោយសារតែការភ័យ ខ្លាចហើយផ្អើលតាមគ្នា ក៏មានប្រជាពលរដ្ឋខ្មែរយើងមួយចំនួន ខ្លាចមិនមានអ្វីហូបនាំគ្នាទៅទិញ ទំនិញទុក ពិសេសស្បៀងអាហារ មី និងអង្ករ ជាដើម។
ក្នុងពេលមានអ្នកផ្អើលទិញស្បៀង មី អង្ករទុកដូច្នេះក៏មានអ្នកលក់មួយចំនួនក៏ដំឡើងថ្លៃទំនិញរបស់ខ្លួន ក្នុងពេលមានអ្នកទិញច្រើនដូច្នេះ។
ក៏ប៉ុន្តែដូចសេចក្តីប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្មរួមទាំងប្រសាសន៍ អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ជាញឹកញាប់រួចមកហើយ នោះគឺសូមបងប្អូនខ្មែរយើង កុំភ័យបារម្ភហួសហេតុពេកលើករណីជំងឺកូវីត១៩នេះ។ រាជរដ្ឋា ភិបាលយើងមានសមត្ថភាព គ្រប់គ្រាន់ក្នុងការគ្រប់គ្រងសភាពការណ៍សង្គម រួមទាំងជំងឺដ៏កាចសាហាវនេះ។
ក្រសួងសុខាភិបាល បានដាក់គោលការណ៍ ចាប់តាំងពីថ្ងៃទី២០ ខែមករា រួមមានពង្រឹងមន្ត្រី ចត្តាឡីស័ក នៅច្រកទ្វារអន្តរជាតិសំខាន់ៗ ពិនិត្យសុខភាពអ្នកធ្វើដំណើរឆ្លងព្រំដែនរៀបចំ បន្ទប់ដោយឡែកសម្រាប់ជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តពង្រឹងសមត្ថភាពក្នុង ការថែទាំព្យាបាលជំងឺ និងការបង្ការការចម្លងរោគដល់សេវាសុខាភិបាលសាធារណៈ និងឯកជន អប់រំអំពីវិធានការបង្ការការចម្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋទូទៅ និងសិស្សា នុសិស្ស និងបានតាមដានអង្កេតស្រាវជ្រាវជាប្រចាំ។
ជារួម ក្រសួងសុខាភិបាល ចាត់វិធានការបន្ទាន់ លើករណីជំងឺកូវីត១៩ ខណៈដែលប្រមុខ រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏មិននៅស្ងៀមឡើយ។ សម្តេចតេជោនឹងអញ្ជើញ ទៅកាន់ខេត្តសៀមរាប ដែលជាកន្លែងកើតជំងឺកូវីត១៩ ដើម្បីជាការលើកទឹកចិត្តនិងមិនកុំ ឲ្យមានការខ្លាចរអានឹងតំបន់ទេសចរណ៍ដ៏សំខាន់របស់កម្ពុជានេះ។
រីឯប្រជាពលរដ្ឋយើង ក៏គួរតែកុំខ្លាចរអាហួសហេតុពេក ហើយយើងត្រូវតែអនុវត្តនូវវិធានការ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការការឆ្លងជំងឺកូវីត១៩ រួមមាន៖ លាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ។ ប្រសិនបើអ្នកពាក់ម៉ាស់ ត្រូវប្រាកដថា ពាក់គ្របលើមាត់ និងច្រមុះ ប៉ុន្តែជៀសវាងការប៉ះផ្ទៃខាងក្រៅនៃម៉ាស់ នៅពេលកំពុងពាក់ និងពេលដោះត្រូវបោះចោលភ្លាមនូវម៉ាស់ ដែលប្រើរួច និងលាងដៃឱ្យបានស្អាតបន្ទាប់ពី ដោះម៉ាស់។ បរិភោគតែអាហារឆ្អិនល្អ។ ជៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ឬកន្លែងចិញ្ចឹម សត្វដោយគ្មានពាក់សម្ភារៈការពារខ្លួន។ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ ក្នុងចំណោម៖ គ្រុនក្តៅ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរពីប្រទេសចិន ឬបានប៉ះពាល់អ្នកដែលមានជំងឺកូវីដ១៩ ក្នុងអំឡុងពេល ១៤ថ្ងៃ មុនចេញរោគសញ្ញាខាងលើ សូមទូរស័ព្ទជាបន្ទាន់ មកលេខ១៥៥ ដើម្បីពិគ្រោះយោបល់៕ ដោយ: ម៉េងឆៃ