ការបាញ់គ្រាប់រ៉ុកែ្កតជាច្រើនគ្រាប់បានបង្អាក់ពិធីស្បថសច្ចាប្រណិធានកាលពីថ្ងៃចន្ទទី០៩មីនា សម្រាប់ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក អាសរ៉ាហ្វ ហ្កានី(Ashraf Ghani)ដែលជ័យជម្នះក្នុងអាណត្តិដឹកនាំទី២ របស់លោកដែលត្រូវបានជំទាស់ដោយគូប្រជែងរបស់លោក ដែលបានអះអាងថាជាអ្នកឈ្នះនិងជាអ្នកដឹកនាំផងដែរ។
ជម្លោះដ៏ជូរចត់រវាងលោក ហ្កានី និងអតីតនាយកប្រតិបត្តិរបស់លោក គឺ អាប់ឌុលឡា អាប់ឌុលឡា(Abdullah Abdullah)បានបង្កើនការភ័យខ្លាចអំពីការរលំរលាយលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអាហ្វហ្គានីស្ថានដែលងាយបែកបាក់នេះ ខណៈដែលសហរដ្ឋអាម៉េរិកបានប្រកាសថាខ្លួនបានចាប់ផ្តើមដកកងទ័ពចេញក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែមុនជាមួយក្រុមឧទ្ទាមតាលីបង់។
ការបោះឆ្នោតបានធ្វើឡើងនៅកាលពីខែកញ្ញា ប៉ុន្តែមានការពន្យារពេលជាច្រើនលើកនិងការចោទប្រកាន់ថាជាការបោះឆ្នោតដែលមានការលួចបន្លំ។នៅទីបំផុត លោកហ្កានី ដែលកំពុងកាន់អំណាចនេះត្រូវបានប្រកាសថាជាអ្នកឈ្នះកាលពីខែកុម្ភៈ ហើយវាបានបង្កឱ្យមានការឆ្លើយតបយ៉ាងខ្លាំងពីលោកអាប់ឌុលឡា ដែលបានប្តេជ្ញាបង្កើតរដ្ឋាភិបាលផ្ទាល់របស់លោក។
កាលពីថ្ងៃចន្ទ លោកហ្កានី បានមកដល់វិមានប្រធានាធិបតីដើម្បីស្បថចូលកាន់តំណែង។ លោកត្រូវបានអមជុំវិញដោយអ្នកគាំទ្រឥស្សរជននយោបាយជាន់ខ្ពស់និងក្រុមមន្ត្រី អ្នកមុខអ្នកការបរទេសដោយរួមទាំងប្រេសិតពិសេសអាម៉េរិកលោក ឧត្តមសេនីយ៍អាម៉េរិកដែលដឹកនាំកងទ័ពអាម៉េរិកនៅអាហ្វហ្គានីស្ថានផង។
ប៉ុន្មាននាទីក្រោយមក នៅជ្រុងម្ខាងមួយទៀតនៃបរិវេណវិមានប្រធានាធិបតីនោះ លោកអាប់ឌុលឡា បានប្រកាសខ្លួនឯងថាជាប្រធានាធិបតីដោយប្តេជ្ញាថាការពារឯករាជ្យ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់អាហ្វហ្គានីស្ថាន។
នៅពេលដែលមនុស្សរាប់រយនាក់បានចូលរួមពិធីរបស់លោកហ្កានី ស្រាប់តែយ៉ាងហោចណាស់មានគ្រឿងផ្ទុះ២ បានផ្ទុះឭសំឡេងខ្លាំងដែលជំរុញឱ្យអ្នកខ្លះរត់ចេញ។
ក្រសួងមហាផ្ទៃក្រោយមកបាននិយាយថា គ្រាប់រ៉ុកែ្កត៤ គ្រាប់បានវាយប្រហារនៅកណ្តាលទីក្រុងកាប៊ុលដោយរួមទាំងនៅជិតសណ្ឋាគារមួយនៅក្បែរវិមានប្រធានាធិបតីនោះ បណ្តាលឲ្យមន្ត្រីប៉ូលិសម្នាក់បានរងរបួសស្រាល។
ក្រុមភេរវកម្មរដ្ឋអ៊ិស្លាមបានអះអាងទទួលខុសត្រូវចំពោះបំផ្ទុះនេះ៕ប្រែសម្រួល៖សុខា/sn/Ha
លោកអាប់ឌុលឡា (រូបឆ្វេង) បានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទផងដែរ ជាហេតុនាំឲ្យមានភាពមិនប្រាកដប្រជាអំពីនយោបាយអាហ្វហ្គានីស្ថានក្នុងកាលៈទេសៈសំខាន់នេះ

លោកហ្កានី (រូបកណ្តាល) ចាប់ដៃជាមួយអនុប្រធានាធិបតីរបស់លោកក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី

អ្នកនយោបាយគិតតែឈ្លោះគ្នា អាម៉េរិកឥតខ្វល់ចាប់ផ្តើមដកទ័ពចេញ