ចង់​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល កុំ​រំលង​គន្លឹះ​ទាំងនេះ​

424
ចែករម្លែក

​ជំងឺ​ស​សៃ​ឈាម​បេះដូង​កើនឡើង​ជា​លំដាប់​មកទល់​សព្វថ្ងៃនេះ ហើយ​កត្តា​ហានិភ័យ​ចម្បង មួយ​នៃ​ជំងឺ​នេះ​បណ្ដាលមកពី​ការកើនឡើង​នូវ​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ក្នុង​ឈាម​។ ប៉ុន្តែ​កុំ​បារម្ភ​! ក៏​ព្រោះ​អ្នក​អាច​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ដោយ​គ្រាន់តែ​ផ្លាស់ប្ដូរ​ទម្លាប់​មួយចំនួន​។

១. ឈប់​ជក់បារី​
​វា​គ្មានអ្វី​គួរឱ្យភ្ញាក់ផ្អើល​ឡើយ​ដែល​ការជក់បារី គឺ​អាក្រក់​ចំពោះ​សុខភាព​។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង ទេ​ថា ការជក់បារី​ក៏​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ឬ​ប្រូតេអ៊ីន HDL ហើយ​បង្កើន​កម្រិត កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ខ្ពស់​ដែល​នឹង​បង្កអោយមាន​គ្រោះថ្នាក់​ចំពោះ​ស​សៃ​ឈាម​? ជា​លទ្ធផល បញ្ហា​នៃ​ការធ្លាក់ចុះ​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង​គួរឱ្យ​ព្រួយបារម្ភ​។​

២. រក្សា​របប​អាហារ​សុខភាព​ល្អ​
​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​ច្រើនពេក​ក៏បង្ក​បញ្ហា​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ឡើង​ខ្ពស់​គួរអោយកត់សម្គាល់​ផងដែរ​។ ដើម្បី​ជៀសផុត​ពី​បញ្ហា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់ ចូរ​កាត់បន្ថយ​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ឆ្អែត​ដោយ​ជំនួស មកវិញ​នូវ​បន្ថែ​ផ្លែឈើ​ស្រស់ ត្រី​សម្បូរ​ខ្លាញ់​ព្រមទាំង​ធញ្ញជាតិ​គ្រាប់​ពេញ​ដែលមាន​ផ្ទុក សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​ជាតិ​ស​សៃ​ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​។​

៣. គ្រប់គ្រង​ទម្ងន់​ត្រឹមត្រូវ​
ការ​ធាត់​លើស​ទម្ងន់ គឺជា​កត្តា​ចម្បង​បំផុត​មួយទៀត​នៃ​ការកើនឡើង​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល មិនល្អ​។ នោះ​ក៏​ព្រោះតែ​ការ​លើស​ទម្ងន់​បង្កើន​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​និង​កាត់បន្ថយ​កូ​ឡេ ស្តេ​រ៉ូ​ល​ល្អ ឬ​ប្រូតេអ៊ីន HDL​។​

៤. គ្រប់គ្រង​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​
ភាព​តានតឹង​ក្នុង​អារម្មណ៍​ឬ​ស្ត្រេ​ស​គ្រប់ពេល​សឹងតែ​រាល់ថ្ងៃ​អាច​នឹង​បង្កបញ្ហា​សុខភាព ជាច្រើន​។ នោះ​ក៏​ព្រោះតែ​ស្ត្រេ​ស​កាត់បន្ថយ​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​គួរឱ្យ​ព្រួយបារម្ភ ហើយ​អ្នកនឹង​ងាយ​ប្រឈមមុខ​ជាមួយ​ជំងឺ ឬ​បញ្ហា​សុខភាព​ផ្សេងៗ​រួមទាំង​បញ្ហា​កូ​ឡេ​ស្តេ​រ៉ូ​ល មិនល្អ​ឡើង​ខ្ពស់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​គ្រប់គ្រង​កម្រិត​នៃ​ភាព​តានតឹង ក្នុង​អារម្មណ៍​របស់​អ្នក​។​

៥. ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​
អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​កង្វះ​សកម្មភាព​រាងកាយ​អាច​បង្កើន​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​គួរឱ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ដើម្បី​ជៀស​ផុតពី​បញ្ហា​ណាមួយ​ដែល​បង្កឡើង​ដោយសារ​កម្រិត នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់ ចូរ​ព្យាយាម​ធ្វើ​សកម្មភាព​រាងកាយ​ឬ​ហាត់ប្រាណ​អោយ បាន​ទៀងទាត់​។​

៦. ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​
ចូរ​បញ្ឈប់​ឬ​កម្រិត​ការទទួល​ទាន​គ្រឿង​ស្រវឹង​ប្រសិនបើ​អ្នក​ចង់​កាត់បន្ថយ​កម្រិត​កូ​ឡេ ស្តេ​រ៉ូ​ល​។ ការទទួល​ទាន​គ្រឿង​ស្រវឹង​ហួសប្រមាណ​លើសពី ១ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី ឬ ២ កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​បុរស​គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​ដែល វា​អាច​បង្ក​ជា​ជំងឺ​ផ្សេងៗ​គួរអោយ​ព្រួយបារម្ភ​រួមទាំង​បញ្ហា​កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើង​ខ្ពស់​បង្កើន ហានិភ័យ​នៃ​ជំងឺ​បេះដូង​៕ ដោយៈ health.com.kh