ដោយ: សាវរក្ស / ភ្នំពេញ: កម្លាំងនគរបាលបានត្រួតពិនិត្យ ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង តាមគោលដៅសំខាន់ៗ នៅទូទាំងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទទី៩ ចាប់ម៉ោង១១យប់ រហូតដល់ម៉ោង២៖៣០នាទីរំលងអធ្រាត្រ។

ប្រតិបត្តិការនេះ ជាក់ស្ដែងកម្លាំងនគរបាលដោយមានការចួលរួមពីលោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកស្នងការរងទទួលសន្តិសុខ និងលោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន រួមទាំងកម្លាំងចម្រុះជាច្រើននាក់បានដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ និងជាតិស្រវឹង ជាក់ស្ដែងសមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូល្មើសច្បាប់ចរាចរណ៍ ចំនួន ៤០ម៉ូតូ ក្នុងនោះ មានជាតិស្រវឹងលើសកម្រិត ចំនួន៥គ្រឿង ហើយក្នុងករណីនេះ ម៉ូតូដែលល្មើសច្បាប់ចរាចរណ៍ សមត្ថកិច្ចបានឃាត់ទុករយៈពេល ៣ថ្ងៃទើបធ្វើការដោះស្រាយជូនវិញ៕ ល/Ha
