ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនី គុនដាវកម្ពុជា ដណ្តើមបានមេដាយ ៥ គ្រឿង ពីព្រឹត្តិការណ៍ការប្រកួត ជ្រើសរើសជើងឯក កីឡាគុន
ដាវ សកលវិទ្យាល័យអាស៊ីអាគ្នេយ៍ លើកទី៣ ឆ្នាំ២០២០ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានប្រព្រឹត្ត ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០។

ក្រុមអត្តពលិកគុនដាវ របស់កម្ពុជា ដណ្តើមបានមេដាយ ៥ គ្រឿង រួមមាន មាស ១ គ្រឿង ប្រាក់១គ្រឿង និងមេដាយសំរិទ្ធិចំនួន ៣គ្រឿង។ កីឡាការិនី ឆាយ លីនលី ទទួលបានមេដាយមាស ១ គ្រឿង វិញ្ញាសានារីឯកត្តជនដាវតូច កីឡាការិនី យី លីហ្សា ទទួលបានមេដាយប្រាក់ ១គ្រឿង វិញ្ញាសានារីឯកត្តជនដាវតូច កីឡាការិនី សន និច ទទួលបានមេដាយសំរិទ្ធ១គ្រឿង វិញ្ញាសានារីឯកត្តជនដាវតូច កីឡាការិនី សន និច ទទួលបានមេដាយសំរិទ្ធ ១ គ្រឿង វិញ្ញាសានារីឯកត្តជនដាវធំ និងកីឡាករ ថុង តាំងជីន ទទួលបានមេដាយសំរិទ្ធ ១គ្រឿង សម្រាប់វិញ្ញាសាបុរសឯកត្តជនដាវតូច ។

លទ្ធផលនេះ លោក សុខ អាង អគ្គលេខាធិការ សហព័ន្ធកីឡាគុនដាវកម្ពុជា ទទួលស្គាល់ថា ពិតជាមានការកើនឡើង នៃចំនួនមេដាយ ជាពិសេស មេដាយមាសមួយគ្រឿង ក្នុងវិញ្ញាសាឯកត្តជន។ បើប្រៀបធៀប ទៅនឹងឆ្នាំមុនៗ សម្រាប់ការប្រកួតកម្រិត សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍នេះ ប៉ុន្ដែយើងក៏ទទួលស្គាល់ ដែលថា ចំនួនកីឡាករ កីឡាការិនី ចូលរួមលើកនេះ មានការថយចុះ បើទោះជាមានប្រទេស ៦ ចូលរួម ក៏ដោយ។ ការថយចុះនេះ ក៏ព្រោះតែជំងឺ COVID-19 ដែលកំពុងរាតត្បាត នៅទូទាំងពិភពលោក។ សម្រាប់ក្រុមអត្តពលិកកម្ពុជា យើងក៏ធ្វើការណែនាំ និងរៀបចំជាអាកុល ម៉ាស និងថ្នាំសង្កូវ សម្រាប់ពួកគាត់ ក្នុងការពារខ្លួន ហើយមានការណែនាំពី ប្រធានសហព័ន្ធ លោកបានស្នើសុំលោកស្រី វេជ្ជបណ្ឌិត សុខា សុធានី ធ្វើការតាមដាន និងយកចិត្តទុកដាក់ជាប្រចាំ។ មកដល់ពេលបច្ចុប្បន្ន ស្ថានភាពរបស់ប្រតិភូកម្ពុជាទាំងអស់ គឺមានសុខភាព និងស្ថានភាពល្អប្រសើរ៕v
