ដោយ: ចាន់តូ / ភ្នំពេញ: ស្ត្រីវ័យ៤១ឆ្នាំ ម្នាក់ជិះម៉ូតូម្នាក់ឯងសុខៗ ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បើកមកក្បែរ រួចកៀរឲ្យដួលចូលក្រោមកង់ក្រោយរថយន្តកិនចំពាក់កណ្តាលខ្លួនស្ត្រីរងគ្រោះបែកផ្លោកនោមស្លាប់ភ្លាមមួយរំពេច ហើយរថយន្តបង្កបើកគេចបាត់ស្រមោល។ ហេតុការណ៍នេះនៅវេលាម៉ោង ៦និង៣០ល្ងាច ថ្ងៃទី៩ មីនា ២០២០ ចំណុចលើមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះមានឈ្មោះ ប៉ោ ចន្ថា អាយុ៤១ឆ្នាំ មានស្រុកកំណើតនៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាក ស៊ូមមើអិច ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1FW 8106 ធ្វើដំណើរពីជើងទៅត្បូង។
មុនពេលកើតហេតុ បើតាមសម្តីសាច់ញាតិ បានឲ្យដឹងថា ស្ត្រីរងគ្រោះធ្វើដំណើរមកពីកន្លែងប្តីធ្វើការនៅឯអូរដឹម ដោយបានធ្វើដំណើរតាមផ្លូវខាងលើឆ្ពោះទៅផ្ទះនៅឯស្រុកកំណើត លុះដល់ម៉ោងកើតហេតុ ក៏មានគេខលប្រាប់ថា ជនរងគ្រោះបានស្លាប់ដោយជួបគ្រោះថ្នាក់ចរាចរបាត់ទៅហើយ។

ក្រោយកើតហេតុ ប៉ូលិសមូលដ្ឋាន សហការជាមួយផ្នែកចរាចរណ៍ខណ្ឌ ចុះវាស់វែង រៀបចំឯកសារ ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រោះរថយន្តបង្កមិនស្គាល់ម៉ាក បានបើករត់បាត់ហើយ៕ ល/Ha