ដោយ៖ រ៉ូហ្សា
កណ្តាល៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញដឹកនាំ គណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ អាងហែលទឹក ស្ថិតក្នុងបរិវេណកីឡដ្ឋាន ស្រុកកោះធំ ខេត្តកណ្ដាល ដែលរហូតមកទល់ពេលនេះ សម្រេចការសាងសង់ បាន ១០០ ភាគរយហើយ។

កម្មវិធីនេះ មានសមាសភាពចូលរួម ពីលោក និងសមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុក ឃុំ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ គណបក្សស្រុក គណៈកម្មការបក្សស្រុក ប្រធានគណបក្សឃុំ យុវជន ស្រុក-ឃុំ លោកគ្រូ អ្នកគ្រូ នាយក នាយករង លោកគ្រូ អ្នកគ្រូ ទទួលបន្ទុកការងារកីឡា និងកីឡាករ-កីឡាការិនី ហែលទឹក មកពីរាជធានីភ្នំពេញ សរុបទាំងអស់ប្រមាណ ២០០ នាក់។

លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធ បានប្រាប់ឲ្យដឹងថា កម្មវិធីនេះ មានការរៀបចំ ឲ្យមានការប្រកួតហែលទឹក និងលេងបាល់ទឹក សាកល្បង លើកទីមួយ ដឹកនាំដោយលោកប្រធាន ដើម្បីជំរុញលើកទឹកចិត្ត និងបំផុសចលនាយុវជន យុវនារី សិស្សានុសិស្ស ក្នុងវិទ្យាល័យទាំង ៤ នៃស្រុកកោះធំ ឲ្យចូលរួម ក្នុងវិស័យកីឡា ដើម្បីលើកកម្ពស់សុខភាព ក៏ដូចជាស្វែងរកកីឡាករ ដែលមានសមត្ថភាពខ្ពស់ អាចត្រៀមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ កីឡាថ្នាក់ជាតិ និងអន្តរជាតិ។

ទាក់ទងនឹងវិស័យកីឡាវិញ លោកបានបន្ថែមថា ពីដើមកីឡដ្ឋានស្រុកកោះធំនេះ ជាដីលិចទឹក ប៉ុន្តែតាមរយៈ កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា បានសាងសង់កន្លែង បាល់ទាត់ បាល់បោះ បាល់ទះ ជាពិសេសអាងហែលទឹក ខ្នាតអន្តរជាតិ ដែលអាចហ្វឹកហាត់កីឡាករ កីឡាការិនី ដើម្បីត្រៀមខ្លួនចូលរួម ប្រកួតកីឡាស៊ីហ្គេម (SEA GAMES) ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ៕v