
ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រារព្ធទិវាអេសឹម ( ASEM DAY) កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅបរិវេណខាងមុខវត្តបទុមវតី រាជធានីភ្នំពេញដើម្បីផ្សព្វផ្សាយជូនសាធារណជនជាតិ និងអន្តរជាតិ ជាពិសេសយុវជនកម្ពុជា អំពីសារសំខាន់នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13) ឆ្នាំ២០២០ និង ព្រឹត្តិការណ៍អមកិច្ចប្រជុំ ASEM 13 ដែលព្រះរាជាណាចក្រកម្ពុជានឹងប្រារព្ធធ្វើក្នុងនាមជាម្ចាស់ផ្ទះ និង ភលានុវត្តភាពកើតចេញពីព្រឹត្តិការណ៍ទាំងនេះ សម្រាប់យុវជនកម្ពុជា។
ទិវា ASEM DAY នេះ ប្រព្រឹត្តទៅក្រោមអធិបតីលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ព្រឹត្តិការណ៍អមកិច្ចប្រជុំ ASEM 13 ឆ្នាំ២០២០ នេះមានដូចជា ១. កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ។ ២. កិច្ចប្រជុំកំពូលនៃអ្នកដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប ។ ៣. វេទិកាប្រជាជនអាស៊ី-អឺរ៉ុប ៤. បុណ្យវប្បធម៌អាស៊ី-អឺរ៉ុប។ ៥. វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប ។ ៦. វេទិកាការងារអាស៊ី-អឺរ៉ុប។ ៧. កិច្ចពិភាក្សាតុមូលក្រុមនិពន្ធសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុប។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ការប្រារព្ធពិធីអបអរសាទរទិវា “ASEM Day” នៅឆ្នាំនេះពិតជាពិសេស និងវិសេសវិសាលបំផុតសម្រាប់កម្ពុជា ពីព្រោះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13) នៅរាជធានីភ្នំពេញនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ថា “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រការទូតរបស់ប្រទេសកម្ពុជា ហើយការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះគឺជាកាលានុវត្តភាពដ៏ល្អបំផុតសម្រាប់កម្ពុជា ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តកម្រិតខ្ពស់បំផុតរបស់យើងក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយម ក៏ដូចជា ការចូលរួមចំណែកជំរុញកិច្ចខិតខំប្រឹងប្រែងរួមដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងស្វែងរក កាលានុវត្តភាពនានា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានភាពរស់រវើកឡើងវិញ”។ ដើម្បីសម្រេចបានគោលដៅនេះ កម្ពុជាបានដាក់ចេញនូវមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” សម្រាប់កិច្ចប្រជុំកំពូលលើកនេះ។ មូលបទនេះផ្តោតសំខាន់លើការរួមបញ្ចូលគ្នានៃទស្សនៈសំខាន់ៗចំនួនបួនគឺ ពហុភាគីនិយម កំណើនការអភិវឌ្ឍប្រកបដោយ ចីរភាព និងវិបុលភាព ដែលនឹងរួមចំណែកពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប ដើម្បីធានាថា ពហុភាគីនិយមនាំមកនូវកំណើនប្រកបដោយបរិយាប័ន្ន និងវិបុលភាពរួម។ យើងជ្រើសរើសមូលបទនេះ ដោយសារតែភាពពាក់ព័ន្ធរបស់វាត្រូវនឹងពេលបច្ចុប្បន្ននេះ ស្របពេលដែលបច្ចុប្បន្ននេះ វីរុស COVID-19 នៅតែល្បីរន្ទីលើបណ្តាញព័ត៌មាន យើងក៏បានទទួលព័ត៌មានជារៀងរាល់ថ្ងៃផងដែរពាក់ព័ន្ធប្រព័ន្ធពហុភាគីនិយមកំពុងរងសម្ពាធយ៉ាងខ្លាំងដោយសារតែការកើនឡើងនូវឯកតោភាគីនិយម ការគាំពារនិយម និងនយោបាយប្រជាភិថុតនិយម ដែលបានបង្កឱ្យមានការគំរាមកំហែង និងមានភាពមិនប្រាកដប្រជាដល់សេដ្ឋកិច្ចសកល។ យើងក៏បានមើលឃើញផងដែរពីការធ្លាក់ចុះនៃការប្តេជ្ញាចិត្តរបស់ប្រទេសមួយចំនួនក្នុងការពង្រឹងពហុភាគីនិយម ហើយប្រទេសខ្លះទៀត បានងាកចេញពីការស្វែងរកដំណោះស្រាយពហុភាគី។
ដូច្នេះហើយសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ នឹងជំរុញបំណង ប្រាថ្នា និងអត្ថប្រយោជន៍រួមរបស់ដៃគូASEMទាំងអស់បន្ថែមទៀតឱ្យបន្តផ្តោតលើការកសាង ភាពជាដៃគូអាស៊ី-អឺរ៉ុបដ៏រឹងមាំ រស់រវើក និងគ្រប់ជ្រុងជ្រោយ។ តាមយោបល់ខ្ញុំ មានតែតាមរយៈគោលបំណងរួម និងការរួបរួមគ្នារបស់យើងតែប៉ុណ្ណោះ ទើបយើងអាចធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធពហុភាគីនិយម និងបណ្ដុះឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមសកលដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ មិនមែនគ្រាន់តែរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះតែមួយនោះទេ។ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ក៏នឹងរៀបចំព្រឹត្តិការណ៍អមផ្សេងៗជាច្រើន ពេញមួយឆ្នាំតែម្តង។ ព្រឹត្តិការណ៍ទាំងអស់នោះរួមមាន ៨ធំៗ នោះគឺ ១.កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ,២.វេទិកាធុរកិច្ចនិងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប, ៣.កិច្ចប្រជុំ កំពូលនៃអ្នកដឹកនាំវ័យក្មេងរបស់មូលនិធិអាស៊ី-អឺរ៉ុប, ៤.កិច្ចពិភាក្សាតុមូលអ្នកនិពន្ធនៃមូលនិធិអាស៊ី-អឺរ៉ុប ,៥.វេទិកាការងារអាស៊ី-អឺរ៉ុប, ៦.វេទិកាប្រជាជនអាស៊ី-អឺរ៉ុប,៧.មហោស្រពវប្បធម៌ អាស៊ី-អឺរ៉ុប និង ៨.វេទិកាស្តីពីស្ត្រីក្នុងការរក្សាសន្តិភាពនិងសន្តិសុខ។
ដូចអ្វីដែលលោកបានលើកពីខាងដើម កម្ពុជាត្រូវសម្រេចចិត្តលើកពេលរៀបចំកិច្ចប្រជុំចង្អៀតឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប (ASEM SOM Retreat)ដែលបានគ្រោងរៀបចំធ្វើនៅថ្ងៃទី០៥-០៦ ខែមីនា ឆ្នាំ២០២០ នៅខេត្តសៀមរាបដោយមានការស្នើសុំពីសហភាពអឺរ៉ុបក្នុងហេតុផលថាប្រទេសជាសមាជិករបស់ខ្លួនជាច្រើន ត្រូវបានហាមធ្វើដំណើរក្រៅប្រទេស ដោយសារតែការផ្ទុះឡើងនៃ COVID-១៩ នាពេលថ្មីៗនេះនៅអឺរ៉ុប។ យើងសង្ឃឹមថានឹងបន្តរៀបចំកិច្ចប្រជុំនេះឡើងវិញ តាមពេលវេលាដ៏សមស្របមួយដ៏ខ្លីខាងមុខនេះ និងនៅពេលដែលកាលៈទេសៈអំណោយផល។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងពេលដែលពិភពលោកកំពុងរវល់ទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាដែលគេឲ្យឈ្មោះផ្លូវការថា ខូវីដ-១៩ (COVID-19) មានព្រឹត្តិការណ៍ផ្លូវការនិងសន្និសីទជាច្រើនដែលបានគ្រោងរៀបចំទុកជាមុនអស់ជាច្រើនខែនៅតាមតំបន់នានាទូទាំងពិភពលោក ត្រូវបានលុបចោលឬពន្យារពេលដោយសារការភ័យខ្លាចការរីករាលដាលនៃវីរុសនេះ។ ពាក់ព័ន្ធនឹងកម្ពុជាវិញក៏មានរឿងបែបនេះដែរ តួ យ៉ាងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនៅឡាសវេហ្គាស ដែលបានត្រៀមធ្វើឡើងនៅ ថ្ងៃទី ១៤ ខែមីនាឆ្នាំ២០២០ ត្រូវលើកទៅពេលក្រោយ។ កម្ពុជាក៏បានលើកពេលនៃកិច្ចប្រជុំចង្អៀតឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប (ASEM SOM Retreat) ផងដែរដោយសារតែវិបត្តិវីរុសនេះនៅអឺរ៉ុប។
លោករដ្ឋមន្ត្រីបន្តទៀតថា មកដល់ពេលនេះប្រទេសយើងជួបប្រទះករណីតិចតួចបំផុត ប៉ុន្តែរាជរដ្ឋាភិបាលកំពុងចាត់វិធានការយ៉ាងប្រុងប្រយ័ត្នទុកជាមុនដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះហើយយើងកំពុងតែ សហការជាមួយអង្គការសុខភាពលំដាប់ពិភពលោកនានាផងដែរ។ ការចូលរួមដ៏ច្រើនកុះកររបស់ អ្នកទាំងអស់គ្នានៅថ្ងៃនេះគឺជាការបង្ហាញនូវទំនុកចិត្តរបស់អ្នកទាំងអស់គ្នាមកលើកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលក៏ដូចជាបង្ហាញនូវការចូលរួមចំណែកដល់ការរក្សាភាពប្រក្រតីនៅក្នុង ប្រទេស។ យ៉ាងណាក៏ដោយជីវិតត្រូវតែបន្តទៅមុខទៀត។
លោករដ្ឋមន្ត្រីលើកឡើងថា ហេតុអ្វីក៏វិបត្តិ COVID-19 ជាសកលនេះ មានភាពពាក់ព័ន្ធនិងមានអត្ថន័យជ្រាលជ្រៅចំពោះការរៀបចំទិវា ASEM DAY នៅកម្ពុជានាថ្ងៃនេះ? ហេតុអ្វីបានជាកិច្ចប្រជុំ ASEM មានសារសំខាន់ខ្លាំងមិនមែនគ្រាន់តែសម្រាប់កម្ពុជា ប៉ុន្តែគឺសម្រាប់ទ្វីបអាស៊ី-អឺរ៉ុបរួមទាំងពិភពលោកទាំងមូលផងដែរ។ ដូចជាបញ្ហាវីរុសនេះអញ្ចឹង។បញ្ហាឆ្លងប្រទេសនិងបញ្ហាប្រឈមនានាជាច្រើនមិនអាចដោះស្រាយបានដោយប្រទេសតែមួយនោះទេមិនថាប្រទេសនោះធំប៉ុណ្ណា និងមានធនធានច្រើនយ៉ាងណានោះទេ។
ការចូលរួមជាដៃគូក្នុងកិច្ចប្រជុំ ASEM ពិតជាមានសារសំខាន់ណាស់សម្រាប់ ប្រទេសកម្ពុជា មិនថាផ្នែកនយោបាយ សេដ្ឋកិច្ច ឬវប្បធម៌ឡើយ។ បច្ចុប្បន្ន ASEM មានដៃគូចំនួន៥៣ ក្នុងនោះមាន២១ប្រទេសមកពីអាស៊ី និង៣០ប្រទេសមកពីអឺរ៉ុបព្រមទាំងអគ្គលេខាធិការ ដ្ឋានអាស៊ាន និងគណ:កម្មការអឺរ៉ុប។ ជារួម ប្រទេសដៃគូ ASEM តំណាងឱ្យ៦៥ភាគរយនៃសេដ្ឋកិច្ចពិភពលោក, ៦០ភាគរយនៃប្រជាជនពិភពលោក ,៥៥ភាគរយនៃពាណិជ្ជកម្មពិភពលោក និង ៧៥ភាគរយ នៃទេសចរណ៍ពិភពលោក។ ASEM បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុបដើម្បីលើកកម្ពស់សន្តិភាព វិបុលភាពសេដ្ឋកិច្ច និងវឌ្ឍនភាព សង្គម។ ពិតណាស់ ASEM បានក្លាយជាគ្រឹះដ៏សំខាន់មួយនៃប្រព័ន្ធពហុភាគីនិយម និងអភិបាលកិច្ចសកល៕សរន