តារាចម្រៀងប៉ុបអន្ដរជាតិ ម៉ាយលី សាយរ៉ឺស បានលុបចោលកម្មវិធីសម្តែងការប្រគុំតន្ត្រីរបស់នាងដើម្បីរៃអង្គាសលុយជួយអ្នករងគ្រោះដោយសារភ្លើងឆេះព្រៃនៅទីក្រុងមែលប៊ែនព្រោះបារម្ភអំពីវីរុសកូរ៉ូណា។
តារាចម្រៀងរូបនេះបានប្រកាសពីការលុបចោលកម្មវិធីសម្តែងរបស់នាងនៅថ្ងៃអង្គារទី១០មីនានេះ ដោយនិយាយថា នាងខកចិត្តដែលមិនបានទៅអូស្ត្រាលី ប៉ុន្តែត្រូវការពារក្រុមតន្រ្តីនិងសហសេវិករបស់នាង។
នាងបាននិយាយនៅលើបណ្តាញសង្គម Twitter ថា “ខ្ញុំនឹងនៅតែធ្វើការបរិច្ចាគដើម្បីជួយជនរងគ្រោះដោយសារភ្លើងឆេះព្រៃនៅអូស្រ្តាលី។ ខ្ញុំសោកស្តាយមិនបានជួបគ្រប់គ្នានៅអូស្ត្រាលី ប៉ុន្តែខ្ញុំនឹងត្រឡប់មកវិញឆាប់ៗ”។
សិល្បការិនីរូបនេះនិយាយថាការសម្រេចចិត្តរបស់នាងគឺផ្អែកលើអនុសាសន៍របស់អាជ្ញាធររដ្ឋាភិបាលអន្តរជាតិ សហព័ន្ធ រដ្ឋ និង មូលដ្ឋានដើម្បីកាត់បន្ថយហានិភ័យសុខភាព។
កម្មវិធីប្រគុំតន្រ្តីសប្បុរសធម៌ World Tour Bushfire Relief នៅឯពហុកីឡាដ្ឋាន Albert Park’s Lakeside នៅថ្ងៃសុក្រខាងមុខ ឥឡូវត្រូវលុបចោលហើយ។
ក្រុមហ៊ុនរៀបចំការប្រគំតន្ត្រី TEG Dainty បាននិយាយថាអ្នកគាំទ្រនឹងត្រូវទាក់ទងក្នុងពេលឆាប់ៗដើម្បីមកយកប្រាក់សំណងពេញលេញលើថ្លៃសំបុត្ររបស់ពួកគេ។
កម្មវិធីមួយទៀត ដែលរៀបចំឡើងដោយក្រុមហ៊ុននេះ និង ដឹកនាំដោយតារាចម្រៀង បប់ប៊ី វីលលៀម នឹងប្រព្រឹត្តទៅតាមការគ្រោងទុក៕ ដោយ៖ កញ្ញាដាលីស
