ដោយៈសុផល/ពោធិ៍សាត់៖គម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកនៅខាងលិចបឹងទន្លេសាបចំនួន៦ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង-ពោធិ៍សាត់និងបាត់ដំបង។ប្រព័ន្ធស្រោចស្រពនេះបានជួយឱ្យប្រជាពលរដ្ឋពិសេសប្រជាកសិករទទួលបានផលប្រយោជន៍ជាច្រើនក្នុងការបង្កបង្កើនផល។

ជាមួយនោះជួយបង្កើនទិន្នផលស្រូវនិងទិន្នផលកសិកម្មផ្សេងៗទៀត។មុនពេលមានគម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រពទាំងនេះប្រជាពលរដ្ឋមានការខ្វះខាតទឹកប្រើប្រាស់ និងអាចធ្វើស្រូវបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ តែបន្ទាប់ពីមានគម្រោងនេះ ប្រជាកសិករ អាចដាំស្រូវបានពី២ដងក្នុងមួយឆ្នាំ។

នៅក្នុងកម្មវិធីដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានដែលដឹកនាំដោយJICAដើម្បីចុះពិនិត្យមើលគម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកនៅខាងលិចបឹងទន្លេសាបពីថ្ងៃ៤ដល់៦មីនា២០២០ថ្មីៗនេះ។លោកAkioYamashitaប្រធានគម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងរំដោះទឹកប្រចាំខេត្តទាំង៣បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា៖គោលបំណងនៃគម្រោងនេះគឺដើម្បីបង្កើនផលិតកម្មស្រូវនៅក្នុងតំបន់នៃអនុគម្រោងចំនួន៦ក្នុងតំបន់ទន្លេសាបភាគខាងលិច។

លោកAkioYamashitaបានបន្តថាតាមរយៈការសាងសង់និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រការបង្កើតនិងពង្រឹងសហគមន៍អ្នកប្រប្រាស់ទឹកកសិករនិងការបង្កើនសមត្ថភាពកសិករក្នុងការគ្រប់គ្រងកសិដ្ឋានដែលទាំងអស់នេះចូលរួមចំណែកដល់ការបង្កើនប្រាក់ចំណូលកសិកម្មនិងកម្រិតជីវភាពកសិករក្នុងតំបន់គម្រោង។

លោក Yamashita បានឱ្យដឹងទៀតថា៖ គម្រោងទាំង៦នោះរួមមាន ៖ ២គម្រោងស្ថិតក្នុងខេត្តបាត់ដំបង (អនុគម្រោងរាមគុននិងប្រឡាយពោធិ៍),៣គម្រោងស្ថិតក្នុងខេត្តពោធិ៍(អនុគម្រោងវត្តលួង,វត្តជ្រេនិងអនុគម្រោងលំហាច)និង១គម្រោងទៀតស្ថិតក្នុងខេត្តកំពង់ឆ្នាំង(អនុគម្រោងលំហាច)។គម្រោងទាំង៦នេះស្រោចស្របផ្ទៃដីដាំដុះប្រមាណជា១៣០០០ហិកតាដែលប្រជាជនេជិត១ម៉ឺនគ្រួសារនឹងទទួលផលពីគម្រោងនេះ។

លោកប្រធានគម្រោងបានបញ្ជាក់ថា៖“កាលមិនទាន់មានគម្រោងតំបន់ទាំងនោះទិន្នផលស្រូវដំបូងឡើយបង្កបង្កើនផលបានតែ២តោនតែប៉ុណ្ណោះតែក្រោយពីមានមានគម្រោងនេះពួកគេបានទទួលបានផលច្រើនរហូតទៅដល់៤តោនក្នុង១ហិកតា។ដូច្នេះចំណូលរបស់កសិករអាចកើនហើយចំណូលក៏បានច្រើន”។លោកបានបន្តថា“ បន្ទាប់ពីគម្រោងនេះធ្វើរួចរាល់ ប្រជាកសិករក្នុងខេត្តទាំង៣អាចធ្វើស្រូវបាន ២ទៅ៣ដងក្នុងមួយរដូវ ដែលមុនគម្រោងធ្វើបានតែម្តងក្នុងមួយឆ្នាំ”។

លោក Akio Yamashita បានប្រាប់ឱ្យដឹងផងដែរថា៖គម្រោងទាំង៦នេះ គិតមកដល់ពេលនេះសម្រេច បានប្រមាណជា៨០ទៅ៩៥ភាគរយហើយ។សម្រាប់ការសាងសង់ចំណាយថវិកាប្រមាណជា៦០លានដុល្លារ។តំបន់គម្រោងនេះនឹងក្លាយជាគំរូល្អនៃប្រព័ន្ធធារាសាស្ត្រនិងប្រព័ន្ធបង្ហូរទឹកនៅកម្ពុជាក្រោយពេលគម្រោងបញ្ចប់ជាស្ថាពរ។

ទាក់ទងនឹងគម្រោងនៅខេត្តពោធិ៍សាត់លោក ព្រំកន្ធែល អនុប្រធានមណ្ឌលសេវាបច្ចេកទេសប្រព័ន្ធធារាសាស្ត្រឧតុនិយមនៃក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថាដីស្រែរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ប្រមាណជាង៦ពាន់ហិកតានឹងមានទឹកស្រោចស្របគ្រប់គ្រាន់។ក្រោយពីគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងរំដោះទឹកចំនួន៣ទីតាំងដែលមានដូចជាអនុគម្រោងដំណាក់អំពិល, អនុគម្រោងវត្តលួង និងអនុគម្រោងវត្តជ្រេ បានហើយរួចរាល់។

លោកបានបន្ថែមទៀតថាអនុគម្រោងទាំង៣នេះបានស្ដារឡើងវិញនិងកែលម្អរួចរាល់ប្រមាណជិត៨០ភាគរយ។ គម្រោងស្ដារឡើងវិញនេះបានរួចរាល់នៅក្នុងអំឡុងខែមិថុនាឆ្នាំ២០២០នេះ។លោក ព្រំ កន្ធែល បានឱ្យដឹងបន្ថែមទៀតថាផលប្រយោជន៍នៃគម្រោងសាងសង់ទំនប់ទឹកនេះដោយនៅមុនពេលគម្រោងសាងសង់កសិករមានការលំបាកក្នុងការប្រើប្រាស់ទឹកដើម្បីស្រោចស្រពផ្ទៃដីស្រែរបស់ពួកគាត់ហើយក្រោយពីការសាងសង់ទាំង៣ទីតាំងនៅក្នុងខេត្តពោធិ៍សាត់នេះរួចរាល់គឺអាចស្រោចស្រពផ្ទៃដីរបស់ពួកគាត់បានយ៉ាងច្រើន។

សូមបញ្ជាក់ថាតំបន់បឹងទន្លេសាបខាងលិចគឺជាឃ្លាំងមួយដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជាដែលបានរក្សាស្ថិរភាពនិងការបង្កបង្កើនផលិតកម្មស្រូវនៅក្នុងតំបន់ហើយមានសារៈសំខាន់បំផុតសំរាប់ប្រទេសកម្ពុជា៕S/








ចំណងជើងរូបថត៖គម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធរំដោះទឹកនៅខាងលិចបឹងទន្លេសាបចំនួន៦នៅក្នុងខេត្តកំពង់ឆ្នាំង-ពោធិ៍សាត់និងបាត់ដំបងបានជួយឱ្យប្រជាពលរដ្ឋដែលជាប្រជាកសិករទទួលបានផលប្រយោជន៍ជាច្រើនក្នុងការបង្កបង្កើនផល (រូបៈ សុផល)