ដោយ:វណ្ណៈ/ព្រះសីហនុ ៖ អគ្គនាយករងកំពង់ផែស្វយត័ក្រុងព្រះសីហនុ លោកថៃ រិទ្ធី ក្នុងនាមថ្នាក់ដឹកនាំកំពង់ផែបានឲ្យដឹងថា នាវាទី១ដែល ដឹកសម្ភារវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរនៅកម្ពុជា មកពីប្រទេសចិនបានបញ្ចប់ការផ្ទេរ លើកដាក់ទូ កុងតឺន័រផ្ទុកសម្ភាររួចរាល់ហើយ និងបានចាកចេញពីកំពង់ផែក្រុងព្រះសីហនុនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ២០២០នេះ ហើយ។
ភ្លាមៗមន្ត្រីនិងក្រុមការងារបច្ចេកទេសខាងកំពង់ផែក៏បានចាត់ចែងដឹកជញ្ជូនទូកុងតឺនរ័ផ្ទុកសម្ភារទាំងអស់នោះឆ្ពោះទៅគោលដៅកន្លែងផ្គត់ផ្គង់នៅរាជធានីភ្នំពេញ ជាការប្រញាប់ផងដែរ។
លោកអគ្គនាយករងឲ្យដឹងបន្ថែមថា សម្រាប់នាវាទី២នឹងចូលចតកំពង់ផែខេត្តព្រះសីហនុនៅថ្ងៃទី១០ខែមីនា នេះដែរ ហើយនាវាបន្ទាប់សរុបទាំងអស់ចំនួន៥នាវា នឹងចូលចតកំពង់ផែក្រុងព្រះសីហនុតាមថ្ងៃផ្សេងគ្នាជាបន្តបន្ទាប់។
សូមបញ្ជាក់ថា កាលពីម៉ោងជិត១២យប់ថ្ងៃទី៩ខែមីនាឆ្នាំ២០២០ នាវា SITC Fujian ដែលជានាវាជើងទី១ ដឹកជញ្ជូនវត្ថុធាតុដើមមកពីប្រទេសចិន សម្រាប់វិស័យវាយនភណ្ឌកាត់ដេរនៅកម្ពុជា បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយការបំពេញឯកសារផ្សេងៗរួមទាំងការលើកដាក់ផ្ទេរសម្ភារបានធ្វើទាំងយប់ដោយកម្លាំងកម្មករ បុគ្គលិកកំពង់ផែ និងមន្ត្រីអង្គភាពមានសមត្ថកិច្ចប្រចាំច្រកកំពង់ផែ ដើម្បីពន្លឿនការងារនេះតាមគោលការណ៍ណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនផងដែរ៕/B/Ha


