តុលាការខេត្តកណ្តាល ឃុំខ្លួនចោរ លួចបារី ដាក់ពន្ធនាគារចោលប្តី និងកូន

196
ចែករម្លែក

ដោយ:ឆាយានាថ/កណ្តាល ៖ កាលពីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ស្ត្រីម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទលួចដាក់ពន្ធនាគារបណ្តោះអាសន្នតាមមាត្រា៣៥៣និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ។

សកម្មភាពល្មើសនេះ កើតឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧ព្រឹក នៅចំណុចភូមិបឹងក្រ ចាប់ជេីង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ លី គន្ធី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ចំណែក ចោរស្រីមាន ឈ្មោះ អឿន ណាន អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

សមត្ថកិច្ច បានប្រាប់អោយដឹងថា កន្លងមក ឈ្មោះ អឿន ណាន បានប្រព្រឹត្តអំពើលួចយកបារីរបស់ឈ្មោះ លី គន្ធី ជាច្រើនលេីកមកហើយ។

នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨៖០០នាទី ឈ្មោះ អឿន ណាន បានមកទិញនំនៅផ្ទះរបស់ឈ្មោះលី គន្ធី ហេីយបន្លំលួចបារីម៉ាក ម៉ាយសាវេន របស់ ឈ្មោះ លី គន្ធី បាន ចំនួន៦សុង យកទៅលក់អោយគេបន្ត។

ចំណែក ឈ្មោះ លី គន្ធី មានការសង្ស័យដោយបាត់បារីម៉ាកម៉ាយសាវេនជាញឹកញាប់ ក៏ឆែកកាមេរ៉ាសុវត្ថិភាព មេីលឃេីញសកម្មភាពរបស់ឈ្មោះ អឿន ណាន លួចយកបារីម៉ាកម៉ាយសាវេនរបស់ខ្លួនជាច្រើនលើក។

ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧៖០០នាទី ឈ្មោះ លី គន្ធី កំពុងតែលក់ដូរគ្រឿងចាប់ហួយនៅផ្ទះរបស់ខ្លួន ស្រាប់តែឈ្មោះ អឿន ណាន បានជិះម៉ូតូឌុបកូនស្រីមកដល់ផ្ទះឈ្មោះលី គន្ធី ហេីយធ្វើជាទិញនំ និង បន្លំលួចយកបារីម៉ាក ម៉ាយសាវេន របស់ឈ្មោះលី គន្ធី ដាក់ក្នុងចង្កេះខោនិងកាបូបស្ពាយបានបារីចំនួន៩សុង។

ពេលនោះ ឈ្មោះលី គន្ធី បានចាប់ ឈ្មោះ អឿន ណាន ឆែកឃេីញបារីរបស់ខ្លួនត្រូវឈ្មោះ អឿន ណាន លួច។ ភ្លាមនោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតា មាក់ និងដាក់ពាក្យបណ្តឹង តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនចូលលួចបារីនៅផ្ទះជនរងគ្រោះបានចំនួន៨លើកមកហើយ ។ ចំណែកជនរងគ្រោះអះអាងថា រយៈពេលតែ៩ថ្ងៃ ឆែកកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យលួចបារីអស់ចំនួន៥៩សុង គិតជាប្រាក់ចំនួន ៣ លាន រៀល៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ