ដោយ:វិបុល/ភ្នំពេញ ៖ ខណៈដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយដំឡើងបៀវត្សជាបន្ដបន្ទាប់ដល់មន្រ្ដីរាជការ ក្រសួងមុខងារសាធារណៈ បានជំរុញដល់ មន្រ្ដីទាំអស់ត្រូវបម្រើសេវាដោយស្មោះត្រង់ជូនប្រជាពលរដ្ឋ។
នេះបើតាមការអះអាងរបស់ លោក យក់ ប៊ុនណា រដ្ឋលេខាធិការ និងជាប្រធានគណៈ កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមុខងារសាធារណៈ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងមុខងារសាធារណៈ» នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

លោក យក់ ប៊ុនណា បានថ្លែងថាក្រសួងមុខងារសាធារណៈជាទូទៅមិនធ្វើការជំនួសក្រសួងស្ថាប័នណានោះទេ ប៉ុន្តែគឺជាស្ថាប័នដែលជួយរួមចំណែកក្នុងការរៀបចំគោលនយោបាយ គោលការណ៍ និងជាអ្នកជំរុញតាមដាន ពិនិត្យមើលវឌ្ឍនភាពនៃការលើកកម្ពស់គុណភាពសេវាសាធារណៈនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកបានបន្តថា ដូច្នេះស្របពេលដែលក្រសួងនឹងជំរុញបន្ថែមក្នុងការដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការទូទាំងប្រទេសនោះគឺមន្ត្រីបម្រើសេវាសាធារណៈខ្លួនឯងផ្ទាល់ គួរតែប្រឹងប្រែងបំពេញការងារឲ្យបានសកម្ម និងប្រកបដោយភាពស្មោះត្រង់។
លោកបានបញ្ជាក់ថា៖ «កុំបានប្រាក់បៀវត្សរ៍ បានការដំឡើងប្រាក់បៀវត្សរ៍ហើយយើងអត់ខំប្រឹង ហើយនៅដដែលគឺអត់បានទេ ព្រោះយើងត្រូវគិតថាយើងម្នាក់ៗក្នុងនាមមន្ត្រីរាជការ ដែលធ្វើការក្នុងវិស័យសាធារណៈត្រូវតែរួមចំណែកសំខាន់ក្នុងការផ្តល់សេវាសាធារណៈ។ បើនិយាយពីរឿងផ្តល់សេវាសាធារណៈគឺសម្រាប់ទាំងអស់គ្នារួមទាំងមន្ត្រីផង»។
បន្ថែមពីនេះលោកក៏ចង់ឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់គួរផ្លាស់ប្តូរឥរិយាបថ ជាមន្ត្រីដែលមានលក្ខណៈគ្រប់គ្រង ឬត្រួតត្រាមកចាត់ទុកខ្លួនឯងជាអ្នកផ្តល់សេវា ឬជាអ្នកបម្រើរាស្ត្រដ៏ស្មោះត្រង់ និងចូលរួមគោរពពេលវេលាឲ្យបានត្រឹមត្រូវក្នុងន័យធ្វើយ៉ាងណាឲ្យការផ្តល់សេវាជូនពលរដ្ឋដែលមានជាង ៥០០ សេវា ប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងការជំរុញឲ្យមន្ត្រីរាជការខិតខំបម្រើសេវានេះលោក យក់ ប៊ុនណា ក៏បានលើកជាឧទាហរណ៍មួយចំនួនផងដែរ ដោយលោកលើកឡើងថា មានមន្ត្រីសាធារណៈមួយចំនួនបានប្រឈមមុខនឹងច្បាប់ និងត្រូវបានបញ្ចប់ មុខតំណែងជាហូរហែចំពោះទង្វើ និងអាកប្បកិរិយាមិនល្អ។ លោកព្រមានដែរថា យន្តការនេះនៅតែបន្ត ប្រសិនបើមន្ត្រីរាជការនៅតែប្រព្រឹត្តកំហុស៕/B

