សហភាពអឺរ៉ុបប្រាប់ប្រធានាធិបតីតួកគីឱ្យទាញជនចំណាកស្រុកត្រឡប់ពីព្រំដែនក្រិកវិញ បើចង់បានការគាំទ្រចំពោះអន្តរាគមន៍យោធារបស់លោកនៅស៊ីរី

292
ចែករម្លែក

សហភាពអឺរ៉ុបបានប្រាប់ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន ថាប្រសិនបើលោកចង់បានការគាំទ្រចំពោះសង្គ្រាមរបស់លោកនៅក្នុងប្រទេសស៊ីរី ដំបូងលោកត្រូវទាញជនចំណាកស្រុកប្រមាណ ៣៥.០០០ នាក់ចេញពីព្រំដែនប្រទេសក្រិកសិន។

លោកអឺដូហ្គានបានហោះទៅទីក្រុងព្រុចសែលសម្រាប់កិច្ចពិភាក្សាថ្ងៃអង្គារទី១០មីនានេះក្នុងគោលបំណងរក្សាកិច្ចព្រមព្រៀងស្តីពីជនអន្តោប្រវេសន៍ឆ្នាំ ២០១៦ ដែលតួកគីនឹងទទួលយកជនភៀសខ្លួនប្រមាណ ៣,៦ លាននាក់ជាថ្នូរនឹងទឹកប្រាក់ជំនួយ ៦ ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុប។

ប៉ុន្តែរបបក្រុងអង់ការ៉ាបានបើកទ្វារព្រំដែនរបស់ខ្លួនកាលពីខែមុនបន្ទាប់ពីចោទប្រកាន់សហភាពអឺរ៉ុបថាមិនបានទទួលខុសត្រូវចំពោះជនភៀសខ្លួនដែលកំពុងរស់នៅក្នុងប្រទេសរបស់ខ្លួននិងមិនបានបំពេញការចំណាយរបស់ខ្លួន។ ប្លុកប្រទេសទាំង ២៧ បានបដិសេធចំពោះការអះអាងទាំងនេះ។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អឺស៊ូឡា វ៉ុនដេ ឡេយ៉េន និយាយថា លោកស្រីចង់ការពារអនាគតកិច្ចព្រមព្រៀងមួយ នៅមុនកិច្ចពិភាក្សានៅព្រឹកនេះ ហើយក៏បានរិះគន់តួកគីផងដែរចំពោះការធ្វើនយោបាយព្រំដែនរបស់ខ្លួន។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាលី មីសែល ក៏ចូលរួមក្នុងកិច្ចប្រជុំនេះដែរ។

អាល្លឺម៉ង់បានផ្តល់ជូនផ្ទះសម្បែងដល់កុមារស៊ីរីប្រមាណពី ១.០០០ ទៅ ១.៥០០ នាក់ដែលជាប់នៅក្នុងជំរំ ខណៈលោកស្រីអ៊ែនជេឡា មឺគែល បានបញ្ជាក់យ៉ាងច្បាស់ថា លោកស្រីចង់ឱ្យអ្នកដទៃធ្វើដូចគ្នាដែរ។ សហភាពអឺរ៉ុបបាននិយាយថា រហូតមកទល់ពេលនេះមានតែបារាំង ព័រទុយហ្គាល់ លុចសំបួ និង ហ្វាំងឡង់ប៉ុណ្ណោះ បានផ្តល់ជំនួយ។

ទាហានពិសេសតួកគីប្រដាប់ដោយកាំភ្លើងយន្តត្រូវគេមើលឃើញកំពុងដើរល្បាតព្រំដែនតួកគីក្នុងគោលបំណងរុញជនចំណាកស្រុកត្រឡប់មកក្រោយវិញហើយវាក៏ជាសញ្ញានៃការធ្វើឱ្យទំនាក់ទំនងប្រសើរវិញផងដែរ។ របបក្រុងអង់ការ៉ាបានដាក់ពង្រាយកងទ័ព ១.០០០ នាក់ទៅតំបន់នោះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

លោកអឺដូហ្គានបាននិងកំពុងស្វែងរកការគាំទ្រសម្រាប់អន្តរាគមន៍របស់លោកនៅក្នុងសង្គ្រាមស៊ីវិលស៊ីរី ដែលរងការរិះគន់ពីសហភាពអឺរ៉ុប។ គាត់បានដាក់ពង្រាយកងទ័ពនៅក្នុងតំបន់ឃឺដ ដែលគាំទ្រដោយសហរដ្ឋអាម៉េរិក និង នៅក្នុងខេត្តអ៊ីដលីប៕ ដោយ៖ កញ្ញាដាលីស

លោកអឺដូហ្គាន (ឆ្វេង) ទៅដល់ទីក្រុងព្រុចសែលនៅថ្ងៃអង្គារនេះដើម្បីពិភាក្សាជាមួយសហភាពអឺរ៉ុបអំពីជនចំណាកស្រុក

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ