ការដាក់គុក១០ឆ្នាំលើអ្នកសរសេរអត្ថបទបង្ហោះក្នុងបណ្តាញសង្គមម្នាក់ត្រូវបានថ្កោលទោសដោយក្រុមសិទិ្ធមនុស្សថាជាការមិនអាចទទួលយកបាននិងជាការវាយប្រហារទៅលើសេរីភាពនៃការបញ្ចេញមតិ។
បណ្តាញសារព័ត៌មានរដ្ឋវៀតណាមនៅថ្ងៃអង្គារទី១០ខែមីនាបាននិយាយថា លោកទ្រឿង ទ្វី ញឹត អ្នកសរសរអត្ថបទជនជាតិវៀតណាមឱ្យសារព័ត៌មានវិទ្យុអាស៊ីសេរីជាភាសាវៀតណាមត្រូវបានរកឃើញទោសកំហុសនៅក្នុងការជំនំជម្រះទោសកាលពីថ្ងៃចន្ទពីបទឆបោកយកប្រាក់ពីសាធារណៈជនចំនួន ៥៦០.០០០ដុល្លារនៅពេលដែលលោកធ្វើការឱ្យកាសែតរដ្ឋមួយនៅទីក្រុងដាណាំងកាលពីឆ្នាំ ២០០៤ ។
ដោយចាត់ទុកការកាត់ទោសនេះថា”ឃោរឃៅនិងមិនអាចទទួលយកបានជាដាច់ខាត” នោះអង្គការក្រុមអ្នកយកព័ត៌មានគ្មានព្រំដែន (RSF) បានអំពាវនាវឱ្យដោះលែង លោក ទ្រឿង ទ្វី ញឹត ដែលបានចុះផ្សាយអត្ថបទរិះគន់រដ្ឋាភិបាលនៅក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់លោក ។
នាយកប្រចាំតំបន់អាស៊ី -ប៉ាស៊ីហ្វិកនៃអង្គការRSF បាននិយាយថា” ការកាត់ទោសជាផ្លូវការពីបទរំលោភលើតំណែងវិជ្ជាជីវៈរបស់លោកនោះ តាមពិតលោកបានបំពេញវិជ្ជាជីវៈរបស់លោកយ៉ាងត្រឹមត្រូវ”។
ចំណែកសារព័ត៌មានវិទ្យុអាស៊ីសេរី ក៏បានថ្កោលទោសការកាត់ទោសនេះថាអយុត្តិធម៌និងជាការវាយសំពងទៅលើសេរីភាពនៃការនិយាយនិងការបញ្ចេញមតិ។
នេះ ជាការជាប់គុកលើកទី២របស់ លោក ទ្រឿង ទ្វី ញឹត។ នៅឆ្នាំ២០១៤លោក ត្រូវបានដាក់គុក២ឆ្នាំពីបទរំលោភបំពាន”សេរីភាពប្រជាធិបតេយ្យ”ដោយសារបានបង្ហោះអត្ថបទរិះគន់៕ប្រែសម្រួល៖សុខា/sn

លោក ទ្រឿង ទ្វី ញឹត អ្នកសរសរអត្ថបទឱ្យវិទ្យុអាស៊ីសេរី និង ជាអ្នករិះគន់រដ្ឋាភិបាល