រួមសុខរួមទុក្ខ ឬបងប្អូនដែកថែប

532
ចែករម្លែក

“ក្នុងនាមជាបងប្អូនដែកថែប ប្រទេសចិនកំពុងចាត់វិធានការ និងសកម្មភាពយ៉ាងឆាប់រហ័សក្នុងការដោះស្រាយបញ្ហាកង្វះវត្ថុធាតុដើម ក្នុងវិស័យវាយនភណ្ឌនៅក្នុងប្រទេសកម្ពុជា។… មានសុខរួមសុខ មានទុក្ខរួមទុក្ខ គឺជាអត្ថន័យស្នូលនៃសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា។…” នេះជាការបញ្ជាក់បន្ថែមរបស់លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា។

ជាក់ស្តែង វត្ថុធាតុដើមវិស័យវាយនភណ្ឌត្រូវបានដឹកមកដល់កម្ពុជាជាបន្តបន្ទាប់។ ពិត ជាដំណឹងល្អសម្រាប់​បងប្អូនកម្មករ-កម្មការិនីរោងចក្រកាត់ដេរដែលកំពុងបារម្ភអំពីការផ្អាក ឬព្យួរការងារដោយសារកង្វះខាតវត្ថុធាតុដើមពីប្រទេសចិន។ ការដឹកជញ្ជូនវត្ថុធាតុដើមសំរាប់វិស័យវាយនភណ្ឌមកកម្ពុជាជាបន្ទាន់ គឺក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុន សែន បានអំពាវនាវនាពេលកន្លងមកថ្មីៗនេះ។

ជាទិដ្ឋភាពរួម គឺចិនចង់បង្ហាញសារ (Message) ទៅកាន់ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍដទៃលើពិភពលោកថា គួរយកគំរូតាមកម្ពុជា ព្រោះកម្ពុជាជាប្រទេសតែ​មួយគត់ដែលមិនតក់ស្លុតចិននៅចំពោះមុខកូរ៉ូណាវីរុស (Coronavirus) ហើយចិនក៏នឹងមិនបិទភ្នែកនៅពេលកម្ពុជាត្រូវការការជួយជ្រោមជ្រែងក្នុងកាលៈទេសៈចាំបាច់ និងបន្ទាន់។ ម៉្យាងទៀត ស្របពេលព័ត៌មានបានចុះផ្សាយអំពីករណីចិនបានសិក្សារកឃើញវ៉ាក់សាំងសំរាប់ចាក់បង្ការជម្ងឺកូវីដ-១៩ (Covid-19) និងអាចយកទៅប្រើប្រាស់ក្នុងដំណាច់ខែមិនា ឬខែមេសាឆ្នាំនេះ បានសេចក្តីថា កម្ពុជាជាប្រទេសអាទិភាពដែលចិនអាចផ្តល់លទ្ធភាពជួយឧបត្ថមមុនប្រទេសដទៃដែលកំពុងមានផ្ទុក ឬកំពុងបន្តរីក​រាល​ដាលជម្ងឺកូវីដ-១៩នៅទូទាំងពិភពលោក។ ប្រាកដណាស់ថា ចិននឹងស្តារមុខមាត់ និងផ្តល់ជំនឿទុកចិត្តចំពោះប្រជាជនលើសកលលោកឡើងវិញ ក្រោយចិនបង្ក្រាប និងកំចាត់ជម្ងឺកូវីដ-១៩ចប់ជាស្ថាពរ។ ការស្តារមុខមាត់នេះ គឺតាមរយៈការងារមនុស្សធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសការងារការទូតជាមួយបណ្តាប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍលើសកលលោក ក្នុងនោះកម្ពជាអាចជាប្រទេសគំរូ និងអាទិភាពសំរាប់ចិន។

សរុបមកវិញ តាំងពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំងនាឆ្នាំ១៩៥៣មក គឺមានតែប្រមុខរាជរដ្ឋាភិបាលសម្តេចហ៊ុនសែន តែម្នាក់គត់ដែលចេះលេង “អុកនយោ បាយ” ចំកាលវេលាសមស្របជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោក គួរឲ្យកោតស្ញប់ស្ញែង។ ដូច្នេះ ទស្សនកិច្ ច”គេរត់ចេញ អញរត់ចូល” របស់ “បុរសខ្លាំងនៅកម្ពុជា” ទៅប្រទេសចិនក្នុងគ្រាកន្លងមក គឺសម្តេចគិតត្រូវ ធ្វើត្រូវ និងដើរលើគន្លងផ្លូវត្រូវ៕/B

ស្ទីវិន សាន់