ដោយបាយ័ន/ឧត្តរមានជ័យ៖ប្រជាពលរដ្ឋខ្មែរម្នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកាន់ស្រុកកំណើតវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារខេត្តស៊ីសាកេតពីបទឆ្លងដែនដោយខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ ។ពិធីប្រគល់និងទទួល បានធ្វើឡើងកាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតនៅច្រកអន្តរជាតិជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំបាននិយាយថាប្រជាពលរដ្ឋខ្មែរដែលត្រូវបានថៃបញ្ជូនមកស្រុកកំណើតវិញ គឺមានឈ្មោះ ឌី ឆក ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅ ភូមិសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។សមត្ថកិច្ចបានបន្តថា ជនឈ្មោះ ឌី ឆក ត្រូវបានចាប់ខ្លួនថ្ងៃទី ៣១ ខែវិច្ឆិកាឆ្នាំ២០១៨កន្លងទៅនេះពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង។
ជននេះចូលតាមច្រកអូរស្វាយហើយត្រូវបានយកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេតប្រទេសថៃចាប់តាំងពីពេលនោះមករហូតថ្ងៃទី១០ខែមីនាឆ្នាំ២០២០នេះទើបដោះលែងរួចបញ្ជូនមកស្រុកកំណើតវិញតែម្តង៕S/
រូបភាព:អាជ្ញាធរថៃបញ្ជូនប្រជាពលរដ្ឋខ្មែរម្នាក់មកស្រុកកំណើតវិញបន្ទាប់ពីដោះលែងពីពន្ធនាគារ៕បាយ័ន