ដោយបូកគោ/កំពត៖ការលើកកម្ពស់សិទ្ធិនិងតួនាទីរបស់ស្ត្រីចាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋានជាការបង្ហាញឱ្យឃើញពីភាពមិនរើសអើងក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។នៅសាលប្រជុំសាលាខេត្តកំពតកាលពីព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ២០២០មានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តអនុសញ្ញាលុបបំបាត់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទក្រោមវត្តមានសិក្ខាកាមអញ្ជើញមកពីខេត្តកោះកុងខេត្តកែបខេត្តតាកែវខេត្តកំពង់ស្ពឺនិងខេត្តកំពត។

ក្នុងពិធីដ៏មានសារសំខាន់នោះលោកស្រីឆាយវ៉ាន់នឿនរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថាសង្គមកម្ពុជាបច្ចុប្បន្នបានបង្ហាញច្បាស់នូវភាពមិនរើសអើងតាមរយៈការលើកកម្ពស់សិទ្ធិ និងតួនាទីរបស់ស្ត្រីតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។ផ្អែកលើកាលានុវឌ្ឍន៍ភាពនេះស្ត្រីនៅទូទាំងប្រទេសទទួលបានយ៉ាងពេញលេញនូវសិទ្ធិអំណាចក៏ដូចជាការធ្វើសេចក្ដីសម្រេចទាំងផ្នែករដ្ឋបាលសាធារណៈនិងវិស័យនយោបាយព្រមទាំងសិទ្ធិទទួលបាននូវការការពារស្របច្បាប់ផងដែរ។

លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ថាបើប្រៀបធៀបស្ត្រីដែលជាសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិទីមួយគឺអំឡុងឆ្នាំ១៩៩៣និង៩៨មិនមានរដ្ឋមន្ត្រីនិងរដ្ឋលេខាធិការជានារីទេគឺមានត្រឹមតែអនុរដ្ឋលេខាធិការពីររូបប៉ុណ្ណោះ។ប៉ុន្តែបច្ចុប្បន្នមានឧបនាយករដ្ឋមន្ត្រីជាស្ត្រីមួយរូបរដ្ឋមន្ត្រីចំនួនបួនរូបរដ្ឋលេខាធិការ៤០រូបនិងអនុរដ្ឋលេខាធិការចំនួន៦៩រូប។
ចំណែកស្ត្រីនៅក្នុងរដ្ឋបាលសាធារណៈក៏មានចំនួនកើនឡើងពី៣៥ភាគរយក្នុងឆ្នាំ២០១២ដល់៤១ភាគរយនៅឆ្នាំ២០១៧។នេះមិនទាន់និយាយដល់ថ្នាក់រាជធានីខេត្ត ក្រុងស្រុកខណ្ឌ ឃុំសង្កាត់ និងមន្ទីរអង្គភាពទៀតផង។

លោកស្រីយូសុគន្ធអភិបាលរងខេត្តកំពតបានមានប្រសាសន៍បានមានប្រសាសន៍ថាវគ្គបណ្ដុះបណ្ដាលនេះពិតជាសំខាន់ក្នុងការជួយកសាងសមត្ថភាពពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិលើទិដ្ឋភាពច្បាប់ពាក់ព័ន្ធថ្មីៗសម្រាប់នារីទូទៅ។វគ្គនេះក៏ជាការផ្តល់ប្រយោជន៍ក្នុងកិច្ចជំរុញលើកកម្ពស់ការចូលរួមរបស់ស្ត្រី និងបុរសនៅថ្នាក់ក្រោមជាតិចំពោះការផ្ដល់សេវាសាធារណៈប្រកបដោយសមធម៌តាមរយៈយន្តការមធ្យោបាយ និងនីតិវិធីសម្រាប់ផ្ដល់ព័ត៌មានផ្សេងៗផងដែរ៕S/
