ដោយៈអង្គរតូច/សៀមរាប៖អ្នកជំនាញអាជ្ញាធរជាតិអប្សរាអនុវត្តគម្រោងអភិរក្សប្រាសាទទន្លេស្ងួតដំណាក់កាលទី២បន្ទាប់ពីបញ្ចប់គម្រោងអភិរក្សដំណាក់កាលទី១នៅខែកក្កដា ឆ្នាំ២០១៩។
លោកជា សារិទ្ធ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលប្រសាទទន្លេស្ងួតបានឱ្យដឹងថា កម្មវិធីសិក្សាស្រាវជ្រាវឯកសារ ចុះបញ្ជីថ្មរាយប៉ាយរកថ្មនិងរៀបផ្គុំសាកល្បងធ្វើសម្រង់ប្លង់និងការរុះរើថ្ម(តួប្រាសាទទាំងស្រុងចាប់ពីដំបូលរហូតដល់គ្រឹះ)បានរួចរាល់កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩។

ពេលនេះក្រុមការងារកំពុងបន្តគម្រោងដំណាក់កាលទី២ (ឆ្នាំ២០២០)។ចាប់ផ្តើមជួសជុលពង្រឹងគ្រឹះ រៀបផ្គុំថ្មខឿន និងតួប្រាសាទវិញរហូតដល់ស្រទាប់ទី១៥(ត្រឹមធ្នឹមទ្វារ)ហើយគម្រោងដំណាក់កាលទី៣ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២១។
លោកបន្តថាចំពោះហានិភ័យដែលនាំឱ្យប្រាសាទនេះប្រឈមនឹងការរលំបាក់នោះគឺដោយសារកត្តាទឹកដើមឈើនិងអាយុកាលសំណង់។ជាពិសេសគ្រឹះប្រាសាទចុះខ្សោយហើយតួប្រាសាទទ្រេតខ្លាំងទៅជ្រុងខាងលិច(លើសពី១៥ដឺក្រ)ថ្មរចនាសម្ព័ន្ធជញ្ជាំងនិងដំបូលស្ទើរតែទាំងអស់បានរំកិលចេញពីស្ថានភាពដើម(ប្រហោងចន្លោះពី៥ស.ម.ទៅ៤៥ស.ម.ចំណែកថ្មជញ្ជាំងនិងដំបូលមួយភាគធំត្រង់ជ្រុងអាគ្នេយ៍និងពាយ័ព្យរលុះធ្លាក់ដល់ដី។

បន្ទាប់ពីសិក្សាវាយតម្លៃផ្នែកស្ថាបត្យកម្មតម្រូវឱ្យក្រុមការងារសម្រេចអនុវត្តការជួសជុលជាបន្ទាន់ ដោយមានការឯកភាពពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរានិងអនុសាសន៍ពីអ្នកជំនាញការ Ad hoc របស់អង្គការយូណេស្កូ(UNESCO)ដែលអនុញ្ញាតឱ្យរុះរើនិងរៀបផ្គុំឡើងវិញចាប់ពីដំបូលរហូតដល់គ្រឹះប្រាសាទ ហៅថា Anastylosis។

លោក សារិទ្ធ បន្តថា ដើម្បីសង្គ្រោះប្រាសាទឱ្យមានលំនឹងស្មើឡើងវិញ យើងត្រូវជួសជុលពង្រឹងគ្រឹះ ខឿននិងតួប្រាសាទឡើងវិញដោយគោរពទៅតាមលក្ខណៈបច្ចេកទេសនិងសម្ភារបុរាណ។ដូច្នេះទើបក្រុមការងារមិនបានរើផ្នែកគ្រឹះទាំងស្រុងទេដោយរើថ្មជាផ្នែកៗសម្អាតកំណកដីរួចផ្លាស់ប្តូរចេញនូវថ្មពុកផុយនិងទំហំតូចស្តើងហើយដាក់ជំនួសវិញនូវថ្មថ្មីដែលមានទំហំធំនិងគុណភាពល្អ។ទន្ទឹមគ្នានេះក្រុមការងារបានរៀបផ្គុំសាកល្បងនូវថ្មស្រទាប់ក្រោមបង្អស់ដោយប្រើនូវស្នៀតឈើសម្រាប់កល់ឬលើកកម្ពស់ថ្មឱ្យត្រូវគ្នាទៅតាមលំនាំដើមវិញ។

ហេតុនេះហើយទើបក្រុមការងារមិនអាចរើថ្មអស់ទាំងស្រុងគឺដើម្បីរក្សានូវកម្រិតកម្ពស់ដើមនិងទីតាំងដើមរបស់ថ្មនីមួយៗ។បន្ទាប់ពីរៀបផ្គុំស្រទាប់ទី១រហូតដល់ស្រទាប់ទី៣និងស្រទាប់បន្តបន្ទាប់ត្រូវតាមលំនាំដើមរួចរាល់ក្រុមការងារត្រូវរុះរើថ្មរហូតដល់ស្រទាប់ទី១ចេញវិញហើយត្រូវប្តូរថ្មគ្រឹះបាយក្រៀមពុកផុយនិងទំហំតូចស្តើងចេញដោយដាក់ថ្មថ្មីដែលមានទំហំធំជាងមុនតាមអនុសាសន៍របស់អ្នកជំនាញការAdhocនៃអង្គការយូណេស្កូ។

ចំពោះកំណាយសិក្សាគ្រឹះប្រាសាទនិងស្រាវជ្រាវលោកបណ្ឌិតជាសុជាតិបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបានឱ្យដឹងថាការធ្វើកំណាយនេះគឺមានប្រយោជន៍ដើម្បីសិក្សាអំពីការរៀបចំគ្រឹះប្រាសាទមូលហេតុដែលនាំឱ្យប្រាសាទស្រុតនិងរបៀបនៃការសាងសង់ប្រាសាទ។ ជាលទ្ធផលបានបង្ហាញថា ប្រាសាទទន្លេស្ងួតមិនបានសង់នៅលើដីធម្មជាតិនោះទេ។

ផ្ទុយទៅវិញគេបានលើកដីមកពូនឱ្យខ្ពស់ដល់កម្ពស់ដែលគេចង់បានបន្ទាប់មកគេបានកាប់ដីទួលនោះជារណ្តៅដែលមានប្រវែងបណ្តោយនិងទទឹងវែងជាងតួប្រាសាទនិងកម្រាលព័ទ្ធជុំវិញពីខាងក្រៅប្រាង្គប្រមាណជា១,៥០ម៉ែត្រ។នៅក្នុងរណ្តៅគ្រឹះនេះគេបានបំពេញស្រទាប់ដីខ្សាច់ដែលបង្ហាប់ឆ្លាស់គ្នាជាមួយស្រទាប់ដីឥដ្ឋលាយខ្សាច់និងស្រទាប់ដីឥដ្ឋលាយថ្មភ្នំ។ដូច្នេះមូលហេតុសំខាន់ដែលនាំឱ្យប្រាសាទស្រុត គឺបណ្តាលមកពីការរលួយនៃឫសឈើដែលងាប់ក្នុងស្រទាប់ដីបង្ហាប់ធ្វើគ្រឹះនេះ។
លោកសុជាតិបន្តថាកំណាយក៏បានរកឃើញសំណល់គ្រឹះនៃកំពែងថ្មបាយក្រៀមរបស់មន្ទីរពេទ្យដែលជាទូទៅមានបណ្តោយប្រមាណជា៣១ម៉ែត្រនិងទទឹងជាង២០ម៉ែត្រ។ផ្នែកនៃជញ្ជាំងត្រូវបានបាត់បង់ទាំងស្រុង។វាប្រហែលជាត្រូវបានគេរុះរើនៅពេលគេឈប់ប្រើប្រាស់មន្ទីរពេទ្យនេះ។លក្ខណៈបែបនេះក៏ធ្លាប់ជួបនិងរកឃើញផងដែរនៅប្រាសាទតាម៉ូង (មន្ទីរពេទ្យ) នៅខាងលិចខ្លោងទ្វារតាកាវ។
នៅក្នុងរណ្តៅកំណាយនេះក៏រកឃើញបំណែកក្បឿងនៅរាយប៉ាយដែលស្លាកស្នាមនេះគឺជាភស្តុតាងនៃការរុះរើសំណង់ស្រាលនៅក្នុងមន្ទីរពេទ្យក្រោយពេលគេឈប់ប្រើប្រាស់វា។ក្រៅពីនោះក៏បានប្រទះឃើញបំណែកកុលាលភាជន៍តិចតួចរួមជាមួយបំណែកថ្មភក់តែមិនបានប្រទះឃើញមានសំណល់សំបកថ្នាំទំនើបដូចសព្វថ្ងៃឡើយ។ដោយសារតែវិជ្ជាពេទ្យសម័យបុរាណប្រើប្រាស់ថ្នាំជារុក្ខជាតិ វល្លិ៍ ឫស សំបក ស្លឹកឈើ ក្នុងការព្យាបាលរោគ៕S/
