ប្រធានាធិបតីចិន លោកស៊ី ជីនភីង កាលពីថ្ងៃអង្គារទី១០មីនា បានអញ្ជើញទៅដល់ទីក្រុងវូហាន ក្នុងដំណើរទស្សនកិច្ចដ៏ក្លាហានរបស់លោកទៅកាន់ស្នូលនៃការផ្ទុះជំងឺ«កូវីដ-១៩ »ចាប់តាំងពីពេលវាបានផ្ទុះឡើងដំបូងកាលពីដើមខែមករា។
ដំណើរទស្សនកិច្ចមិនប្រកាសមុនរបស់ស៊ី កើតឡើងនៅពេលប្រទេសចិនជួបការធ្លាក់ចុះចំនួនអ្នកឆ្លងនិងស្លាប់ថេរជាប់ៗគ្នា និងមិនមានអ្នកឆ្លងកូវីដ-១៩នេះនៅក្រៅខេត្តហ៊ូប៉ីដល់ថ្ងៃទី៣ ដែលជាសញ្ញាបង្ហាញថាចិនកំពុងទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងវីរុសឆ្លងនេះ និងការឆ្លងក្នុងចំណោមប្រជាជនក្នុងស្រុកចិននឹងលែងមានក្នុងពេលឆាប់ៗ។
ស៊ីអះអាងថា ការឆ្លងរាលដាលវីរុសត្រូវបានទប់ស្កាត់ជាមូលដ្ឋាននៅក្នុងខេត្តហ៊ូប៉ីនិងក្រុងវូហាន
មេដឹកនាំបក្សកុំម្មុយនីស្តចិនរូបនេះបានទៅដល់ក្រុងវូហានតាមយន្តហោះមួយដើម្បី«ត្រួតពិនិត្យការទប់ស្កាត់និងគ្រប់គ្រងជំងឺឆ្លង»នៅក្នុងតំបន់ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
បើតាមស៊ីនហួរ លោកបានជួបក្រុមបុគ្គលិកពេទ្យនៅតាមមន្ទីរពេទ្យជួរមុខ មន្ត្រីយោធា កម្មករសហគមន៍ ប៉ូលិស អ្នកជំងឺនិងអ្នកស្រុក។
ជុំវិញការរីកចម្រើននៃការប្រយុទ្ធប្រឆាំងរបស់ចិននេះ ប្រធានអង្គការសុខភាពពិភពលោកកាលពីថ្ងៃចន្ទក៏បាននិយាយថា ក្នុងចំណោមអ្នកឆ្លងជាង៨០.០០០នាក់នៅចិន ជាង៧០ភាគរយហើយត្រូវបានព្យាបាលជានិងចេញពីមន្ទីរពេទ្យ។ចិនមានអ្នកឆ្លងច្រើនជាងគេ តែពេលនេះចិនកំពុងគ្រប់គ្រងជំងឺឆ្លងនេះបាន។
លោកបានអំពាវនាវប្រទេសដទៃទៀតដែលកំពុងផ្ទុះជំងឺនេះ ត្រូវប្រើយុទ្ធសាស្ត្រពិស្តារនិងដាច់ស្រេចដើម្បីគ្រប់គ្រងវា៕ប្រែសម្រួល៖វាសនា/Ha
ប្រមុខអង្គការសុខភាពពិភពលោកនិយាយថា មនុស្សជាង៨០.០០០នាក់បានឆ្លងវីរុសកូរ៉ូណានៅចិន តែជាង៧០ភាគរយបានជាចេញពីមន្ទីរពេទ្យ។ការផ្ទុះជំងឺឆ្លងនេះនៅលើពិភពលោកនៅមានឱកាសបង្ក្រាបវាបាននៅឡើយទេ