ចាប់តាំងពីខែមករា ឆ្នាំ២០២០ ជំងឺកូរ៉ូណា ឬខូវីដ១៩ បានកើតឡើង នៅប្រទេសចិន ហើយរីក រាលដាលលើពិភពលោក និងបានឆ្លងលើជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ។ ប៉ុន្តែគ្រូពេទ្យ ខ្មែរយើង បានពិនិត្យព្យាបាលបុរសចិននោះ ជាសះស្បើយ ក្នុងរយៈពេល ១៤ថ្ងៃ។
កាលណោះក៏ប្រជាពលរដ្ឋខ្មែរយើងមួយចំនួន ព្រួយបារម្ភ ខ្លាចឆ្លងរាលដាលផងដែរ។ ក៏ប៉ុន្តែ តាមពិត មិនមានអ្នកផ្សេង ឬពលរដ្ឋខ្មែរណាម្នាក់ បានឆ្លងជំងឺកូរ៉ូណានោះ ឡើយ ព្រោះថា បន្ទាប់ពីពិនិត្យឃើញបុរសជនជាតិចិនម្នាក់ កើតជំងឺកូរ៉ូណានេះ គ្រូពេទ្យបានចាត់វិធានការ សុខាភិបាល ដោយដាក់បុរសនោះ នៅបន្ទប់ដាច់ដោយ ឡែក ក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីពិនិត្យព្យាបាល ហើយក្រុមគ្រួសារគាត់បីនាក់ក៏ត្រូវបានពិនិត្យតាមដានដោយយក ចិត្តទុកដាក់។
ទន្ទឹមនឹងការបារម្ភភ័យខ្លាចរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួននោះ សម្តេចតេជោ ហ៊ុន សែន បានចេញមុខប្រកាសតាមកញ្ចក់ទូរទស្សន៍ តាមហ្វេសប៊ុកភ្លាមៗ ដោយអំពាវនាវកុំឲ្យប្រជា ពលរដ្ឋខ្មែរយើងមួយចំនួនណានោះ ព្រួយបារម្ភជ្រុលពេកនឹងជំងឺកូរ៉ូណា។
ចាប់តាំងពីពេលនោះ រហូតដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាជំងឺពិត ប្រាកដរបស់ប្រជាពលរដ្ឋនោះគឺជាជំងឺភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ ព្រោះថា កាលណោះ មិនទាន់មានពលរដ្ឋខ្មែរយើងណាម្នាក់ ឆ្លងជំងឺកូរ៉ូណាទេ ហើយពេលនេះ ទោះបីជាមានបុរសខ្មែរយើងម្នាក់ ឆ្លងជំងឺកូរ៉ូណា នៅខេត្តសៀមរាប ក៏អ្នកជំងឺនោះមាន សុខភាពល្អនៅឡើយ ហើយគ្រូពេទ្យបានខិតខំពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ ដូចករណីបបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ ផងដែរ។
សារនយោបាយរបស់សម្តេចតេជោ ដែលបានប្រកាសពីជំងឺបច្ចុប្បន្នរបស់ប្រជាពលរដ្ឋ គឺជំងឺភ័យខ្លាច ច្រើនជាងកើតជំងឺកូរ៉ូណានោះ មកដល់ពេលនេះក៏ត្រូវបានមេដឹកនាំ ឥណ្ឌូនេស៊ី និងមេដឹកនាំកូរ៉េខាងត្បូងក៏បានប្រើសារនយោបាយទៅកាន់ពលរដ្ឋរបស់ខ្លួន ដូចគ្នានឹងសាររបស់សម្តេចតេជោដែរ ពីព្រោះមេដឹកនាំនៃប្រទេសឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូង ឃើញពលរដ្ឋខ្លួនភ័យស្លន់ស្លោខ្លាំងពេក ពាក់ព័ន្ធនឹងជំងឺកូរ៉ូណា។
ជាពិតមែនហើយ ខ្មែរយើងមួយចំនួន ចូលចិត្តភ័យបារម្ភជ្រុលហួសពេក ហើយក៏តាមគ្នា។ នៅពេលភ័យខ្លាចនឹងជំងឺកូរ៉ូណា នាំឲ្យខ្មែរយើងមួយចំនួនណានោះ ផ្អើលទៅទិញអង្ករ មី ស្បៀងអាហារស្តុកទុកក្នុងផ្ទះ ហើយមានអ្នកខ្លះ មិនហ៊ានទៅស៊ីការនិងមិនឲ្យកូនទៅសាលា រៀន ជាដើម។ ទាំងអស់នេះ សុទ្ធតែជាជំងឺភ័យខ្លាចហួសហេតុ និងមិនសមហេតុផលហើយ នាំឲ្យអ្នកលក់ទំនិញមួយចំនួន ឆ្លៀតដំឡើងថ្លៃទំនិញថែមទៀតផង។
យើងគួរតែគិតតិចមើល! គ្រាន់តែដឹងថា មានអ្នកប៉ះពាល់ផ្ទាល់ និងដោយប្រយោលជាមួយអ្នកជំងឺកូរ៉ូណាភ្លាម ក្រសួងសុខាភិបាល និងអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានចាត់ វិធានការភ្លាម ស្វែងរកអ្នកទាំងនោះ ហើយយកមកពិនិត្យតាមដាន ដាក់ក្នុងបន្ទប់ពេទ្យដាច់ដោយឡែកភ្លាម។
វិធានការអប់រំផ្សព្វផ្សាយពីវិធីការពារការឆ្លងជំងឺកូរ៉ូណា ឬខូវីដ១៩ក៏ត្រូវបានក្រសួងសុខាភិបាលប្រកាសផ្សព្វផ្សាយតាមហ្វេសប៊ុក និងតាមបណ្តាញសារព័ត៌មានជារៀងរាល់ថ្ងៃ។
វិធានការរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការឆ្លងជំងឺខូវីដ១៩ រួមមាន៖ លាងដៃឲ្យបាន ញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ។ ប្រសិនបើអ្នកពាក់ម៉ាស់ ត្រូវប្រាកដថា ពាក់គ្របលើមាត់ និងច្រមុះ ប៉ុន្តែជៀសវាងការប៉ះផ្ទៃខាងក្រៅនៃម៉ាស់ នៅពេលកំពុងពាក់ និងពេលដោះត្រូវបោះចោលភ្លាមនូវម៉ាស់ ដែលប្រើរួចនិងលាងដៃឱ្យ បានស្អាតបន្ទាប់ពីដោះម៉ាស់។ បរិភោគតែអាហារឆ្អិនល្អ។ ជៀសវាងប៉ះពាល់ជាមួយសត្វ ព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារការពារខ្លួន។ ប្រសិនបើអ្នកមានរោគសញ្ញា ណាមួយ ក្នុងចំណោមៈ គ្រុនក្តៅ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិ ធ្វើដំណើរពីប្រទេសចិន ឬបានប៉ះពាល់អ្នកដែលមានជំងឺខូវីដ១៩ ក្នុងអំឡុងពេល ១៤ថ្ងៃ មុនចេញរោគសញ្ញាខាងលើ សូមទូរស័ព្ទជាបន្ទាន់ មកលេខ១៥៥ ដើម្បីពិគ្រោះយោបល់។
ដូច្នេះសូមប្រជាពលរដ្ឋយើង កុំមានជំងឺភ័យខ្លាច ហួសហេតុ ដោយមិនសមហេតុផល។ យើងគ្រាន់តែអនាម័យខ្លួនឯង និងក្រុមគ្រួសារ កូនចៅ តាមរយៈពាក់ម៉ាស់នៅពេលចូលរួម ជាមួយមនុស្សច្រើនហើយលាងសម្អាតដៃញឹកញាប់ និងហូបស្អាត រស់នៅស្អាតគឺមិនមាន មេរោគណា មកបៀតបៀនយើងបានឡើយ កុំថាឡើយកូរ៉ូណានោះ។
សូមកុំភ័យខ្លាចជ្រុលហួសហេតុ ហើយក៏សូមកុំរើសអើង មិនហ៊ានជួបមិនហ៊ាននិយាយជាមួយ អ្នករស់នៅភូមិស្រុកខេត្ត ដែលឆ្លងជំងឺកូរ៉ូណា ព្រោះថា បើឆ្លងគ្រាន់តែជួប និយាយមែននោះ គឺក្រុមគ្រួសាររបស់បុរសនោះ ក៏ឆ្លងអស់ហើយ។ យើងគ្រាន់តែអនុវត្តវិធានការអនាម័យ លាងដៃ និងពាក់ម៉ាស់ក្នុងពេលចាំបាច់បានហើយ៕ ដោយៈម៉េងឆៃ