វូហាន ស្នូលនៃការផ្ទុះវីរុសកូរ៉ូណាថ្មី បានបិទមន្ទីរពេទ្យបណ្តោះអាសន្នរបស់ខ្លួនទាំង១៦កាលពីថ្ងៃអង្គារទី១០មីនា នៅពេលចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ បន្តធ្លាក់ចុះ និងអ្នកជំងឺបានជាចេញទៅអស់។
កាលពីថ្ងៃចន្ទ ក្រុងវូហាន បានរាយការណ៍ការឆ្លងថ្មី១៧ករណី ដោយចុះពីកម្រិត២០នាក់ក្នុងមួយថ្ងៃជាលើកដំបូង និងខុសគ្នាឆ្ងាយពីតួលេខឆ្លងកាលពី១ខែមុននៅពេលមនុស្ស១.៩២១នាក់ត្រូវបានរាយការណ៍ថាបានឆ្លងកាលពីថ្ងៃ០៩កុម្ភៈ។
មន្ទីរពេទ្យដែលបិទទាំងនេះ សុទ្ធតែត្រូវបានប្តូរមកពីកន្លែងសាធារណៈ ដូចជាសាលប្រជុំ កន្លែងហាត់កីឡា និងសាលតាំងពិព័រណ៍កាលពីដើមខែកុម្ភៈ ក្នុងកិច្ចខិតខំទទួលអ្នកជំងឺកូវីដ-១៩ដែលកំពុងហូរចូលដូចទឹកជំនន់។
មុនបិទមន្ទីរពេទ្យបណ្តោះអាសន្ន២ចុងក្រោយកាលពីថ្ងៃអង្គារ មន្ទីរពេទ្យបែបនេះបានទទួលអ្នកជំងឺកូវីដ-១៩ជាង១២.០០០នាក់។បុគ្គលិកពេទ្យជាង៨.០០០មកពីក្រុមវេជ្ជសាស្ត្រ៩៤មកពីពាសពេញប្រទេសបានធ្វើការនៅតាមមន្ទីរពេទ្យទាំង១៦នេះ៕ប្រែសម្រួល៖វាសនា/Ha
អ្នកជំងឺ កូវីដ-១៩ ចុងក្រោយ ចាកចេញពីមន្ទីរពេទ្យបណ្តោះអាសន្ននៅក្រុងវូហាន នៅពេលបុគ្គលិកពេទ្យរៀបចំបិទ