លោក​រដ្ឋមន្ត្រី​ជំ​រុញឱ្យ​រដ្ឋបាលខេត្ត​រៀបចំ​ចលនា​ប្រលងប្រណាំង​សេវាសាធារណៈ​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តកំពង់ធំ បាន​ជំរុញ​ដល់​រដ្ឋបាល​ខេត្តកំពង់ធំ​ត្រូវ​រៀបចំ «​ចលនា​ប្រលងប្រណាំង​សេវាសាធារណៈ​ល្អ​» នៅ​គ្រប់​ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់ ដើម្បី​ធានា​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។​

​ការ​ស្នើឱ្យ​អនុវត្ត​យន្តការ​ការងារ​ថ្មី​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​នៅ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ត​នៅ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្តកំពង់ធំ នា​ល្ងាច​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​កំពង់ធំ​។​

​ក្រៅពី​ស្នើឱ្យ​រដ្ឋបាល​ខេត្តកំពង់ធំ​រៀបចំ​ចលនា​ប្រលងប្រណាំង​សេវាសាធារណៈ​ល្អ​នៅ​ក្រុង​-​ស្រុក និង​ឃុំ​-​សង្កាត់​ខាងលើនេះ លោក​រដ្ឋមន្ត្រី ថោង ខុន បានលើកឡើង​ពី​ការរៀបចំ​គ្រប់គ្រង​សំរាម អនាម័យ បរិស្ថាន​នៅតាម​ទៅ​ផ្សារ​ឲ្យ​បានល្អ ដោយ​ស្នើឱ្យ​រដ្ឋបាល​ខេត្តកំពង់ធំ​ត្រូវ​ពិនិត្យ និង​សហការ​ជាមួយ​ក្រសួងបរិស្ថាន រៀបចំ​ជា​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយគ្នា ដើម្បី​អនុវត្ត​គម្រោង​គ្រប់គ្រង​សំរាម​នេះ ដោយ​អនុវត្ត​សាកល្បង​មុនដំបូង​នៅ​ក្រុង​-​ស្រុក ៣ គឺ​ក្រុង​ស្ទឹងសែន ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក​។​

​បើតាម​អនុសាសន៍​បន្ថែម​របស់​លោក ថោង ខុន រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង​-​ស្រុក រហូតដល់​ថ្នាក់ឃុំ​-​សង្កាត់ ត្រូវ​រួមគ្នា​បង្ការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​នូវ​សកម្មភាព ឬ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការ​ញុះញង់​អុចអាល​ប៉ុនប៉ង​បង្ក​ឲ្យ​មាន​អំពើហិង្សា ភាពចលាចល វឹកវរ អសន្តិសុខ​ក្នុងសង្គម ដោយ​ត្រូវ​យកចិត្តទុកដាក់​អប់រំ​ណែនាំ និង​បកស្រាយ​បំភ្លឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា និង​ខិតខំ​បំផុស​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ខិតខំ​គោរព​ច្បាប់ ចូលរួម​ការពារ​ផលប្រយោជន៍​សាធារណៈ ផលប្រយោជន៍​សហគម​ន៍ និង​ត្រូវ​ជៀសវាង​ការចូលរួម​ក្នុង​សកម្មភាព​ទាំងឡាយណា​ដែល​ផ្ទុយ​ពី​ច្បាប់ ក៏ដូចជា​សកម្មភាព​ដែល​ប៉ះពាល់​ដល់​សន្តិសុខ ស្ថិរភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

​លោក​បាន​បន្តថា អាជ្ញាធរខេត្ត​ត្រូវ​ដឹកនាំ​មន្ទីរ​-​អង្គភាព​ជំនាញ​ពិនិត្យ និង​រៀបចំ​ភ្លើង​សញ្ញា​ចរាចរណ៍ ការរៀបចំ​ដាក់តាំង​ស្លាក​ផ្សាយពាណិជ្ជកម្ម​តាម​ដងផ្លូវ​សាធារណៈ​នានា​ឱ្យមាន​សណ្តាប់ធ្នាប់ ដោយ​ត្រូវ​ផ្តល់​អាទិ​ភាពជា​ចម្បង​ដល់​ការដាក់​តាំង​ស្លាក​សញ្ញា​ចរាចរណ៍ និង​ខិតខំ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ រៀបចំ​ចំណត​យានយន្ត ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ប្រកបដោយ​សុវត្ថិភាព​។​

​ដោយសារ​ខេត្តកំពង់ធំ​មាន​សក្តានុពល​ទេសចរណ៍​ដ៏​សម្បូរបែប ដូច្នេះ​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ស្នើឱ្យ​អាជ្ញាធរ​ត្រូវខិតខំ​រុករក ប្រើប្រាស់​នូវ​សក្តានុពល​ទេសចរណ៍​ដែលមាន តាមរយៈ​ការជំរុញ​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន និង​សហគមន៍​នៅ​មូលដ្ឋាន​ក្នុងការ​អភិវឌ្ឍ​រមណី​យ​ដ្ឋា​ន និង​មណ្ឌល​ទេសចរណ៍​នានា​ប្រកបដោយ​ភាព​ទាក់ទាញ មាន​សោភ័ណភាព មាន​អនាម័យ សណ្តាប់ធ្នាប់ បរិស្ថាន​ល្អ ដើរ​ទន្ទឹមនឹង​ការពង្រឹង​គុណភាព​នានា​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ ការបង្កើត ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែម​ក្នុង​មូលដ្ឋាន ការអភិវឌ្ឍ​ទេសចរណ៍​នៅនឹងកន្លែង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង និង​ក្រៅប្រទេស សំដៅ​បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​។​

​លោក ថោង ខុន បាន​បន្ថែមទៀតថា ត្រូវ​បន្ត​រួមគ្នា​ខិតខំ​ដោះស្រាយ​សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​នានា​នៅតាម​មូលដ្ឋាន ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​យុត្តិធម៌ ជាពិសេស​សំណើ សំណូមពរ និង​បញ្ហា​ប្រឈម ដែល​បានលើកឡើង​ក្នុង​វេទិកាសាធារណៈ​នានា ដែល​រៀបចំឡើង​ដោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឬ​ដោយ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​។​

​ចំពោះ​សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​ទាំងឡាយណា​ដែល​ហួស​ពី​សមត្ថកិច្ច​ដោះស្រាយ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រដ្ឋបាលខេត្ត ដោយមាន​កិច្ចសហការ​ជាមួយ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ត្រូវធ្វើ​សេចក្តីរាយការណ៍​មក​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា​។​

​លោក​បាន​ផ្ដាំ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ត្រូវ​តាមដាន​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ពិសេស​ប្រសិនបើ​ឃើញ ឬ​ដឹងថា​ពលរដ្ឋ​ណា​ម្នា​ក់មាន​អាការ​ក្ដៅខ្លួន ឬ​គ្រុនក្ដៅ ឬ​ផ្ដាសាយ​ជាដើម​នោះ ត្រូវ​រាយការណ៍​ទៅកាន់​មណ្ឌល​សុខភាព​នៅតាម​ឃុំ​-​សង្កាត់​ភ្លាមៗ ដើម្បី​ការពារ​ភូមិដ្ឋាន​ពី​ជំងឺ Covid-19 និង​ជំងឺ​ដ​ង្កា​ត់​ផ្សេងទៀត​។​

​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់គ្នា​កុំឱ្យ​មានការ​ភ័យខ្លាច​ហួសហេតុ​ពេក ថ្វី​ដ្បិត​ជំងឺ Covid-19 ជា​ជំងឺឆ្លង ប៉ុន្តែ​វា​ក៏​អាច​ព្យាបាល​ឱ្យ​ជាសះស្បើយ​វិញ​បានដែរ​។ ទោះយ៉ាងណា ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ដ​ង្កា​ត់​នានា​ទុកជាមុន ក៏ត្រូវ​ថែរក្សា​អនាម័យ សម្អាត​ខ្លួនប្រាណ និង​ត្រូវ​លាងដៃ​នឹង​សាប៊ូ ហើយ​នៅពេល​ក្អក កណ្ដាស់ ត្រូវ​ខ្ទប់មាត់ ច្រមុះ​នឹង​កន្សែង ឬ​ក្រមា​ខ្មែរ ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ទៅដល់​អ្នកដទៃ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular