ក្រុមការងារដែលបង្កើតឡើងដោយនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីន ហ្សូ អាបេកាលពីថ្ងៃអង្គារទី១០មីនា បានអនុម័តកញ្ចប់ថវិកាចំនួន៤៣០ ពាន់លានយ៉េន (៤,១ពាន់លានដុល្លារ) ដោយរួមបញ្ចូលទាំងការគាំទ្រដល់អាជីវកម្មខ្នាតតូចនិងមធ្យមដែលរងគ្រោះដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ស្របពេលមានការរិះគន់លើចំណាត់ការរបស់លោកចំពោះវិបត្តិនេះ។
ក្នុងចំណោមប្រាក់សង្គ្រោះផ្សេងៗ កញ្ចប់ថវិកានេះក៏រួមបញ្ចូលទាំងប្រាក់ឧបត្ថម្ភសម្រាប់ឪពុកម្តាយដែលត្រូវការឈប់សម្រាកពីការងារដោយសារការបិទសាលារៀន ការផ្តល់មូលនិធិសម្រាប់ការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុស និងឧបករណ៍ធ្វើតេស្តិ៍និងសម្រាប់ការផលិតម៉ាស់ការពារបន្ថែម។
លោក អាបេបានបន្តដាក់សំណើរបស់រដ្ឋាភិបាលសម្រាប់សាធារណជននិងអ្នករៀបចំឱ្យលុបចោល ផ្អាក និងបង្រួមការរៀបចំព្រឹត្តិការណ៍នានារយៈពេល១០ ថ្ងៃទៀតដើម្បីជួយកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលវីរុសបន្ថែមទៀត។
ផែនការនៃថវិកានេះក៏រួមបញ្ចូលទាំងការគាំទ្រដល់មន្ទីរពេទ្យនានាដែលត្រៀមរៀបចំសម្រាប់ការកើនឡើងនៃចំនួនអ្នកជំងឺដែលអាចកើតមាននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ តាមការប៉ាន់ស្មានរបស់ក្រសួងសុខាភិបាល មនុស្ស២០.០០០នាក់អាចចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនិង ៤៥.០០០នាក់ទៀតអាចគ្រាន់តែមកព្យាបាលរួចចេញទៅវិញក្នុងមួយថ្ងៃ។
គិតមកត្រឹមថ្ងៃអង្គារទី១០ខែមីនា ជប៉ុនមានករណីឆ្លងវីរុសនេះជាង១.២៧៨ករណីដោយមានអ្នកស្លាប់ដោយវីរុសនេះ ចំនួន១៩នាក់៕ប្រែសម្រួល៖សុខា/sn/Ha

លោកស៊ីន ហ្សូ អាបេ(រូបឆ្វេង) ថ្លែងនៅក្នុងអំឡុងកិច្ចប្រជុំមួយស្តីពីការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ កាលពីថ្ងៃអង្គារនៅទីក្រុងតូក្យូ