ចំនួនករណីឆ្លងមេរោគកូរ៉ូណានៅសហរដ្ឋអាម៉េរិកបានកើនឡើងដល់ជាង ៩០០ នាក់ហើយកាលពីថ្ងៃអង្គារ ទី១០មីនា បន្ទាប់ពីក្រុមអ្នកជំនាញសុខភាព សាធារណៈបានរិះគន់អាជ្ញាធរចំពោះការនិយាយសម្រាលអំពីរោគរាតត្បាតនិង ការយឺតយ៉ាវក្នុងការខិតខំធ្វើតេស្ត។
យ៉ាងហោចណាស់មានមនុស្ស ២៨ នាក់បានស្លាប់ ហើយមនុស្ស ៩១០ នាក់បានឆ្លងវីរុសកូរ៉ណា នេះបើយោងតាមការរាប់តាមរដ្ឋនីមួយៗ ដែលជា ចំនួនកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ពីចំនួន ៥៥០ ករណីកាលពីថ្ងៃចន្ទ។
ការកើនឡើងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបន្លាយពេលការធ្វើតេស្ត ខណៈការធ្វើរោគវិនិច្ឆ័យភាគច្រើនបានប្តូរពីមន្ទីរពិសោធន៍សហព័ន្ធទៅមន្ទីរពិសោធន៍តាមរដ្ឋ។
ក្រុមអ្នកជំនាញផ្នែករោគរាតត្បាតបាននិយាយថា ឧបករណ៍ធ្វើតេស្តដែល មានកំហុសរួមជាមួយយុទ្ធសាស្ត្រធ្វើរោគវិនិច្ឆ័យដែលផ្តោតលើមនុស្សតិចតួចបំផុតតាំងពីដើមទី បានអនុញ្ញាតឱ្យមេរោគនេះរាលដាលហួសពីសមត្ថភាព របស់អាជ្ញាធរអាម៉េរិកក្នុងការស្វែងរកវា។
សរសេរនៅក្នុងទិនានុប្បវត្តិនៃសមាគមវេជ្ជសាស្រ្តអាម៉េរិក (JAMA) កាលពីថ្ងៃចន្ទ ក្រុមអ្នកសិក្សាមកពីសាកលវិទ្យាល័យចនហប់ឃីននិងសាកលវិទ្យាល័យស្ទែនហ្វដបាននិយាយថា ការខកខានធ្វើតេស្តបានរួមចំណែកដល់ការចាក់ឫសគល់នៃមេរោគកូរ៉ូណានៅទូទាំងប្រទេស។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯសេតវិមាន លោកអនុប្រធានាធិបតី ម៉ៃ ផេន បាននិយាយការពារការឆ្លើយតបរបស់រដ្ឋាភិបាលសហព័ន្ធ យ៉ាងដូច្នេះថា “ការធ្វើតេស្តចំនួនមួយលានគឺធ្វើដល់ទីកន្លែងជាក់ស្តែង”។ លោកបានបន្ថែមទៀតថា ការធ្វើតេស្តបន្ថែមទៀតនឹងធ្វើឡើង ខណៈរដ្ឋាភិបាលបានចាប់ដៃគូជាមួយបណ្តាក្រុមហ៊ុនឯកជន។
យោងតាមតួលេខចុងក្រោយរបស់ CDC បានឱ្យដឹងថា ការធ្វើតេស្តលើមនុស្សចំនួន ៨.៥៥៤ នាក់ត្រូវបានអនុវត្តកាលពីថ្ងៃចន្ទ។
បើធ្វើការប្រៀបធៀប កូរ៉េខាងត្បូងដែលបានប្រកាសករណីដំបូងរបស់ខ្លួននៅថ្ងៃតែមួយជាមួយសហរដ្ឋអាម៉េរិកបានធ្វើតេស្តលើមនុស្សជាង ១៨៩.០០០ នាក់ នេះបើយោងតាមរបាយការណ៍មួយនៅក្នុងវេបសាយ Business Insider ៕ ដោយ៖ កញ្ញាដាលីស/Ha