ភ្នំពេញៈ រដ្ឋាភិបាល និងប្រជាពលរដ្ឋ លីទុយអានី ប្រារព្ធទិវាស្តារឯករាជភាពឡើងវិញ របស់ពួកគេនៅថ្ងៃទី១១ ខែមីនា ដើម្បីរំឭកដល់ថ្ងៃដែល សហភាពសូវៀតប្រកាសផ្តល់ឯករាជ ភាពដល់ លីទុយអានី វិញ កាលពីឆ្នាំ១៩៩០ បន្ទាប់ពី លីទុយអានី ត្រូវបានមហាអំណាច រុស្ស៊ី ( សូវៀត ) និង អាល្លឺម៉ង់ ដណ្តើមគ្នាកាន់កាប់ បំផ្លិចបំផ្លាញកាប់សម្លាប់អស់ជាច្រើនរយឆ្នាំមក ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
សាធារណរដ្ឋលីទុយអានី មានផ្ទៃដី ៦៥.៣០០ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុតំបន់ បាល់ទិក នៃទ្វីបអឺរ៉ុប មានព្រំដែនជាប់ប្រទេស ឡេតូនី បេឡារូស ប៉ូឡូញ និងតំបន់កាលីនីនហ្គ្រាដ ( Kaliningrad ) របស់រុស្ស៊ី ។ ឆ្នាំ២០២០ មានប្រជាជនជិត ៣ លាននាក់ ភាគច្រើនជាអ្នកកាន់ សាសនាគ្រិស្ត រដ្ឋធានីគឺទីក្រុង វីលនីញូស ភាសាផ្លូវការ គឺភាសា លីទុយអានី ។
ប្រវត្តិសាស្ត្រ
គិតពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១១ តំបន់ឆ្នេរបាល់ទិក គឺជាគោលដៅលួច ប្លន់ នៃ ពួកកុលសម្ព័ន្ធ Vikings និងកុលសម្ព័ន្ធរួបរួមរបស់ស្តេច ដាណឺម៉ាក ។ អំឡុងសតវត្សរ៍ទី ១០ ដល់ទី១១ ទឹកដី លីទុយអានី គឺជាដែនដីបង់សួយសាអាករ ទៅអាណាចក្រ គៀវ រុស្ស ( ជនជាតិស្លាវបុរាណ) ហើយ Yaroslav the Wise ( អាណាចក្រស្លាវខាងកើត )គឺជាអាណាចក្រ មួយក្នុងចំណោមអាណាចក្រ ដែលឈ្លានពានលីទុយអានី (ចាប់ពីឆ្នាំ ១០៤០) ។ ប៉ុន្តែចាប់ពី ពាក់កណ្តាលសតវត្សរ៍ទី១២ គឺជាពេលដែល លីទុយអានី ឈ្លានពានទឹកដីគៀវ រុស្ស វិញម្តង ។ ឆ្នាំ១១៨៣ ទីក្រុង Polotsk (បច្ចុប្បន្ននៅក្នុងប្រទេសបេឡារុស ) និងទីក្រុង Pskov ( បច្ចុប្បន្ន នៅក្នុងប្រទេសរុស្ស៊ី ) បានរងការបំផ្លិចបំផ្លាញ ហើយសូម្បីតែសាធារណរដ្ឋ Novgorod ( គៀវ រុស ) ដ៏មានឥទ្ធិពល ក៏រងការគំរាមកំហែង ម្តងហើយម្តងទៀត ពីការលេចឡើង នៃសង្គ្រាម ជនជាតិលីទុយអានី រហូតដល់ជិតដាច់សតវត្សរ៍ទី១២ ។ ពីសតវត្សរ៍ទី១២ កងទ័ពលីទុយអានី ដែលជាការប្រមូលផ្តុំ នៃពួកទាសករ ត្រូវបានបង្កើតឡើង សម្រាប់ឈ្លានពាន លួច ឆក់ ប្លន់ នៅខាងក្រៅ ញ៉ាំងឱ្យមានស្ថានភាពផ្សេងៗ និង ការប្រជែងដណ្តើមអំណាចនៅ លីទុយអានី ។
អំឡុងឆ្នាំ១២៣០ ទឹកដី លីទុយអានី ត្រូវបានបង្រួបបង្រួមដោយ ចុល្លរាជ្យ ( ស្តេចនៃរដ្ឋតូច ) មីនដូហ្កាស់ ( Mindaugas ) ដែលបានគ្រងម្កុដរាជ្យ នៅ លីទុយអានី នាថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ១២៥០ ។ សត្រូវដ៏ស្រួចស្រាល់របស់ព្រះអង្គគឺ Tautvilas, Edivydas និង Vykintas , Samogitia និកាយ Livonian , Daniel of Galicia និង Vasilko of Volhyni បានរួមសម្ព័ន្ធគ្នា បង្កើតជាទ័ពដ៏ខ្លាំងក្លាប្រឆាំងនឹងព្រះអង្គ ។
ឆ្នាំ១២៥០ (ឬឆ្នាំ១២៥១) នោះ ព្រះអង្គបានទទួលពិធីជ្រមុជទឹក ចំពោះគ្រិស្តសាសនា និងលះបង់ការគ្រប់គ្រងដែនដីខ្លះ នៅភាគខាងលិច លីទុយអានីជាការតបស្នងមកវិញនូវ ការទទួលស្គាល់ពីសម្តេច ប៉ាប អ៊ីនណូសិន ទី៤ (សម្តេចសង្ឃកាតូលិក ) ចំពោះព្រះអង្គ ( មីនដូហ្កាស់ ) ថាជាស្តេច នៃ លីទុយអានី ។
ទង្វើទាំងនេះ ដើម្បីចងសម្ព័ន្ធយកកម្លាំង នៃរដ្ឋគ្រិស្តនិយមសម្រាប់ធ្វើសង្គ្រាមកម្ទេចគូប្រជែងរបស់ទ្រង់ ។ ទ្រង់ជាស្តេចមិនដែលបន្ធូរ ដៃចំពោះគូប្រជែង ។ ចំពោះពាហិរសាសនា ( សាសនាផ្សេង ) ព្រះអង្គមិនដែលអត់ឱនទេ ដូច្នេះពួកគេ មានជម្រើសតែ ២ ប៉ុណ្ណោះ គឺ ត្រូវក្លាយជាគ្រិស្តសាសនិក ឬត្រូវសម្លាប់ យ៉ាង ហោចណាស់ រងទោសទណ្ឌធ្ងន់ធ្ងរ ។
ការប្រកាន់រើសអើង រវាងអ្នកកាន់គ្រិស្តសាសនា និងសាសនាផ្សេងទៀតក៏មានទាំងនៅក្នុងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការជ្រើសរើសរៀបអាពាហ៍ពិពាហ៍ផងដែរ ក៏ប៉ះពាល់ដល់ការធ្វើ សង្គ្រាមរបស់ស្តេច មីនដូហ្កាស់ ។
ប៉ុន្តែក្រោយមក សម្ព័ន្ធមិត្តរបស់ព្រះអង្គ បានចាញ់សង្គ្រាមជាបន្តបន្ទាប់ ដូចជានៅសមរភូមិ Skuodas នាឆ្នាំ១២៥៩ នាំឱ្យមានចលនាឧទ្ទាម Semigalia និងសមរភូមិ Durbe នៅឆ្នាំ១២៦០ នាំឱ្យមានកម្សួលជនជាតិព្រូស រហូតដល់ ១៤ ឆ្នាំ ។ ការប្រែ ប្រួលនេះដោយមានការជំរុញ ពីក្មួយប្រុសរបស់ព្រះអង្គ គឺអ្នកអង្គម្ចាស់ Treniota ផង ព្រះអង្គ មីនដូហ្កាស់បានលះបង់កិច្ច ព្រមព្រៀង ជាមួយនិកាយ លីវ៉ូនី ( Livonian Order សាសនាគ្រិស្ត ) ហើយផលចំណេញ ដែលរំពឹងថាបានមកពីភាពធ្វើជាគ្រិស្តសាសនិក ក្លាយទៅជារឿងបន្ទាប់បន្សំ ។ ព្រះអង្គបាន លះបង់ ពីភាពជាអ្នកកាន់គ្រិស្តសាសនា ហើយទៅជាអ្នកកាន់សាសនាផ្សេងវិញ ។ ប្រជាជន និងអភិជនភាគច្រើនរបស់ព្រះអង្គ នៅជាអ្នកកាន់ពាហិរសាសនានៅឡើយ ហេតុនោះពួកគេ មិនត្រូវបានបង្ខំឱ្យប្តូរទៅកាន់សាសនាគ្រិស្តទៀតទេ ។
ទិវង្គតស្តេច មីនដូហ្កាស់- លីទុយអានី ឡើងដល់កំពូល
សត្រូវរបស់ព្រះអង្គ ដោយរួមទាំង Alexander Nevsky នៃ អាណាចក្រ Novgorod, Tautvilas និងបុត្រារបស់ Tautvilas គឺព្រះអង្គម្ចាស់ Constantine បានបង្កើតសម្ព័ន្ធ ប្រឆាំងនឹងព្រះអង្គ មីនដូហ្កាស់ ។ ប៉ុន្តែគម្រោងរបស់ពួកគេ បានបរាជ័យ ។ អ្នកអង្គម្ចាស់ Treniota បានលេច ឡើងជាអ្នកដឹកនាំចលនានៅតំបន់ Samogitia ដឹកនាំកងទ័ពទៅតំបន់ Cēsis ( ឡេតូនី ) ឡើងរហូតទៅដល់ ឆ្នេរ អេស្តូនី និង ទឹកដីប៉ូឡូញ បច្ចុប្បន្ននេះ ដើម្បីលើកទឹកចិត្តឱ្យកុល សម្ព័ន្ធនៅបាល់កង់ ដែលរងការឈ្លានពានពីកងទ័ពគ្រិស្តនិយម ងើបឡើងបះបោរ ។
ប្រជាប្រិយភាពរបស់អ្នកអង្គម្ចាស់ Treniota បានកើនឡើងយ៉ាងខ្លាំង ខណៈស្តេច មីដូហ្កាស់ ផ្តោតការឈ្លានពានទឹកដី រុស្ស៊ី ។ អ្នកអង្គម្ចាស់ Treniota និង ស្តេច មីនដូហ្កាស់ក៏ប្រេះឆា នឹងគ្នា ដោយសារ អ្នកអង្គម្ចាស់ Treniota មិនព្រមបង្កើតសម្ព័ន្ធភាពជាមួយ ឡេតូនី ឬ អេស្តូនី ដោយរក្សាទុកត្រឹមតែទំនាក់ទំនងការទូត ។ ខណៈកំពុងមានភាពតានតឹងបែបនេះមហេសី របស់ស្តេច មីនដូហ្កាស់ គឺក្សត្រិយានី Morta បានសោយព្រះវិលាល័យ ទើបព្រះអង្គ មីនដូហ្កាស់ យកប្អូនថ្លៃរបស់ទ្រង់ គឺព្រះនាង Daumantas ធ្វើជាមហេសី ។ ជាការសងសឹក ព្រះនាង Daumantas និង អ្នកអង្គម្ចាស់ Treniota បានធ្វើគុតស្តេច មីនដូហ្កាស់ និងបុត្រា របស់ព្រះអង្គ ២ អង្គទៀត នៅក្នុងរដូវស្លឹកឈើជ្រុះ នាឆ្នាំ ១២៦៣ ។
បន្ទាប់ពីទិវង្គតរបស់ ស្តេច មីនដូហ្កាស់ លីទុយអានី ក៏ច្របូកច្របល់ផ្ទៃក្នុង ។ អ្នកស្នងរាជ្យ របស់ព្រះអង្គ ៣ ជំនាន់ គឺ អ្នកអង្គម្ចាស់ Treniota (ដែលជាអ្នកធ្វើគុតព្រះអង្គ ) បុត្រសុនិសា ( កូនប្រសា ) របស់ព្រះអង្គព្រះនាម Svarn និង បុត្រារបស់ព្រះអង្គព្រះនាម Vaišvilkas សុទ្ធតែត្រូវបានធ្វើគុតជាបន្តបន្ទាប់ក្នុងរយៈពេល ៧ ឆ្នាំ ។ ស្ថេរភាពនៅតែមិនទាន់កើតមាន ឡើងនៅលើទឹកដី លីទុយអានី រហូតដល់រជ្ជកាលរបស់ស្តេច Traidenis បង្កើតនគរទៅជា មហាលីទុយអានី នៅឆ្នាំ ១២៧០ ។
លីទុយអានី បានក្លាយជាគោលដៅ នៃ ការឈ្លានពានរបស់ នគរគ្រិស្តនិយម ។ ប៉ុន្តែត្រូវបាន មហា លីទុយអានី វាយបកវាតទីពង្រីកទឹកដីរហូតទៅដល់ គៀវ រុស គឺទឹកដី អ៊ុយក្រែន បច្ចុប្បន្ននេះ ។ ដូច្នោះ ចាប់ពីពេលនោះ មហាលីទុយអានី មានព្រំដែនជាប់នឹង មហាមូស្គូ ( រុស្ស៊ី ឬ សូវៀត ) ដោយផ្ទាល់ ។ គិតត្រឹមដំណាច់សតវត្សរ៍ ១៤ លីទុយអានី គឺជាប្រទេសដែល មានទឹកដីធំជាងគេបំផុត នៅអឺរ៉ុប ដោយទឹកដី លីទុយអានី នាពេលនោះ គឺជា បេឡារូស អ៊ុយក្រែន និង ផ្នែកខ្លះ នៃ ប្រទេស ប៉ូឡូញ និង រុស្ស៊ី បច្ចុប្បន្ននេះ ។
ហេតុនោះ មហាអំណាច លីទុយអានី និង មហាមូស្គូ ក៏មានជម្លោះព្រំដែននឹងគ្នាដោយផ្ទាល់ ។ ចាប់ពីដំណាច់សតវត្សរ៍ទី ១៥ ជម្លោះរវាងមហាអំណាចទាំង ២ កាន់តែតានតឹងឡើងៗ ។ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៥១៤ មានការប្រយុទ្ធគ្នារវាងកងទ័ព លីទុយអានី-ប៉ូឡូញ និងមូស្គូ ដោយកងទ័ព សម្ព័ន្ធមិត្ត លីទុយអានី-ប៉ូឡូញ ត្រឹមតែ ៣ ម៉ឺននាក់ យកឈ្នះលើកងទ័ព មូស្គូ ៨ ម៉ឺននាក់ ។
រដ្ឋសហធន ប៉ូឡូញ-លីទុយអានី
ឥឡូវនេះ ស្ថានភាពសង្គ្រាមប្រែប្រួលគឺ លីទុយអានីបានចាញ់សង្គ្រាមជាបន្តបន្ទាប់នៅក្នុងសង្គ្រាម មូស្គូ-លីទុយអានី ហើយនៅអំឡុងជាងពាក់កណ្តាលសតវត្សរ៍ទី ១៦ លីទុយអានី ប្រឈមនឹងការចាញ់ទាំងស្រុង នៅ លីវ៉ូនី ( ១៥៥៨-១៥៨៣ ) បង្ខំឱ្យពួកអភិជន លីទុយអានី ចាប់ផ្តើមពិភាក្សាជាមួយ ប៉ូឡូញ ជាបន្តបន្ទាប់ ។
អភិជន ប៉ូឡូញ មិនចង់ជួយ លីទុយអានី ដោយពុំមានការទទួលអ្វីមកវិញទេ ។ ប៉ុន្តែស្តេច ស៊ីហ្គីសមុនដ៍ នៃប៉ូឡូញ មើលឃើញថា ការគំរាមកំហែង ពីសំណាក់ មូស្គូ (រុស្ស៊ី ) ចំពោះ លីទុយអានី នាពេលនោះ បន្ទាប់ទៅ ប្រាកដជាធ្លាក់លើ ប៉ូឡូញជា មិនខាន ។ ដោយហេតុ នោះ ព្រះអង្គបានបញ្ចុះបញ្ចូលអ្នកទាំងឡាយរហូតទទួលបានការគាំទ្រ ។
ទីបំផុតក៏មានកិច្ចព្រមព្រៀង ចុះហត្ថលេខានៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ១៥៦៩ នៅបន្ទាយ Lublin នាំឱ្យ ប៉ូឡូញ និង លីទុយអានី ក្លាយជារដ្ឋសហធន ។ លីទុយអានី នៅតែរក្សាបានរដ្ឋធម្មនុញ្ញ កងទ័ព រូបិយបណ្ណ និង ច្បាប់បញ្ញត្តិនានារបស់ខ្លួន ។ ប៉ុន្តែការធ្វើ ប៉ូឡូញនិយកម្មប៉ះពាល់ ដល់គ្រប់ទិដ្ឋភាព នៃ ជីវិតរបស់ជនជាតិ លីទុយអានី គឺទាំងផ្នែកនយោបាយ ភាសា វប្បធម៌ និង អត្តសញ្ញាណជាតិ ។ រដ្ឋសហធន នេះ បានឡើងដល់ចំណុចរុងរឿងរបស់ខ្លួនដែល ហៅថា យុគមាស នៅក្នុងសតវត្សរ៍ទី ១៧ ។
សង្គ្រាម ៣០ ឆ្នាំ (១៦១៨-១៦៤៨ ) គឺជាសង្គ្រាមរវាងបណ្តាប្រទេសសាសនាគ្រិស្ត ( និកាយខុសគ្នា) នៅអឺរ៉ុបកណ្តាល ត្រូវបានកត់ត្រាថាជាសង្គ្រាមដ៏មហាប្រល័យបំផុតមួយនៅ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ បណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៨ លាននាក់ ដែលមិនមែនដោយសារតែការប្រយុទ្ធគ្នាឡើយ ប៉ុន្តែក៏ដោយសារការអត់ ឃ្លានផងដែរ ។ រដ្ឋសហធន មិនចូលខ្លួនទៅពាក់ព័ន្ធនឹងសង្គ្រាមសាសនាគ្រិស្តនោះទេ ប៉ុន្តែបានបើកយុទ្ធនា ការប្រឆាំងស៊ុយអែត, រុស្ស៊ី និងបក្ខពួករបស់ចក្រភពអូតូម៉ង់ (តួកគី) ហើយក៏ថែមទាំងបាន ពង្រីកទឹកដីប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួនទៀតផង ។ កងទ័ពសហធន បានចូលទឹកដី រុស្ស៊ី និងកាន់កាប់ទីក្រុងមូស្គូ ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៦១០ ដល់ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ១៦១២ ទើបត្រូវបានបណ្តេញចេញ ។
រដ្ឋសហធន បែកបាក់-ធ្លាក់ក្រោមអំណាច រុស្ស៊ី
បន្ទាប់មក ឆ្នាំ១៦៥៥ កងទ័ពរុស្ស៊ី បានចូលលុកលុយទីក្រុងវីលនីញូស របស់ លីទុយអានី បំផ្លាញព្រះវិហារសាសនា សម្លាប់ប្រជារាស្ត្រប្រមាណជា ៨.០០០ -១០.០០០ នាក់ ធ្វើឱ្យទី ក្រុងរងការឆាបឆេះ កម្ទេច ក្នុងរយៈពេល ១៧ ថ្ងៃ ។ រុស្ស៊ី កាន់កាប់ទឹកដី លីទុយអានី រហូតដល់ឆ្នាំ ១៦៦១ ។
សង្គ្រាមភាគខាងជើង រវាងរដ្ឋសហធន ប៉ូឡូញ-លីទុយអានី ប្រឆាំងស៊ុយអែត ពីឆ្នាំ ១៦៥៥ ដល់ឆ្នាំ១៦៦១ ទឹកដី និងសេដ្ឋកិច្ច លីទុយអានី ត្រូវបានបំផ្លិចបំផ្លាញ ដោយកងទ័ព ស៊ុយអែត ។ ទឹកដីលីទុយអានី ស្ទើរតែទាំងស្រុង ត្រូវបានកាន់កាប់ដោយទាហានស៊ុយអែត និង រុស្ស៊ី ។ នៅមានសង្គ្រាម ពីរទៅបីលើកទៀត ធ្វើឱ្យជនជាតិលីទុយអានី ស្លាប់ប្រមាណជា ៤០ ភាគរយ ។ អំណាចបរទេស ជាពិសេស អំណាចរុស្ស៊ី គ្របដណ្តប់លើនយោបាយក្នុងប្រទេស ។
ទីបំផុត រដ្ឋសហធន ត្រូវបានបំបែកដោយ ចក្រភពរុស្ស៊ី នៅឆ្នាំ១៧៧២ និងដោយ អូទ្រីស នៅឆ្នាំ ១៧៩៥ ។ ភាគច្រើនបំផុត នៃ ទឹកដី លីទុយអានី ក្លាយជាផ្នែក នៃ ចក្រភព រុស្ស៊ី ។ ឆ្នាំ ១៨៣០ ដល់ឆ្នាំ ១៨៣១ មានការងើបបះបោរ ប្រឆាំងរុស្ស៊ី ប៉ុន្តែត្រូវបានបង្ក្រាប ។
ឆ្នាំ ១៨៤០ ច្បាប់របស់ លីទុយអានី ត្រូវបាន រុស្ស៊ី លុបបំបាត់ ។ រុស្ស៊ី ហាមឃាត់ សារព័ត៌មាន លីទុយអានី បិទស្ថាប័ន វប្បធម៌ និង ការអប់រំ និង ដាក់ជនជាតិ លីទុយអានីឱ្យនៅជាផ្នែកថ្មី មួយ នៃ តំបន់រដ្ឋបាល Northwestern Krai ក៏មានការបះបោរម្តងទៀតនៅខែ មករា ឆ្នាំ ១៨៦៣ ។ ប៉ុន្តែពួកអ្នកបះបោរត្រូវបានកងទ័ព រុស្ស៊ី ចាប់ខ្លួនបាននៅឆ្នាំ ១៨៦៤ ។
សម័យសង្គ្រាមលោកលើកទី ១
នៅក្នុងសម័យសង្គ្រាមលោកលើកទី១ ( ២៨ កក្កដា ១៩១៤- ១១ តុលា ១៩១៨ ) លីទុយអានី បានរបូតពីកណ្តាប់ដៃ រុស្ស៊ី ធ្លាក់ក្រោមការកាន់កាប់របស់ អាល្លឺម៉ង់ ។ បញ្ញវន្ត លីទុយអានី ព្យាយាមឆ្លៀតឱកាសនោះ ស្វែងរកការស្តារឡើងវិញនូវ ឯករាជ ភាពរបស់ លីទុយអានី ។
សន្និសីទ វីលនីញូស ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩១៧ បានជ្រើសរើសសមាជិក ក្រុមប្រឹក្សា លីទុយអានី ចំនួន ២០ រូប ។ ក្រុមប្រឹក្សានោះ បានអនុម័ត ច្បាប់ស្តីពី ឯករាជភាព លីទុយអានី នៅថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ១៩១៨ ដែលបានប្រកាសនូវការស្តារឡើងវិញនូវឯករាជ ភាពរបស់ លីទុយអានី ដែលគ្រប់គ្រងដោយគោលការណ៍ប្រជាធិបតេយ្យ ។ រដ្ឋ លីទុយអានី មានអាយុកាលរហូតដល់ឆ្នាំ ១៩៤០ ។
បន្ទាប់ពី អាល្លឺម៉ង់ ចុះចាញ់សង្គ្រាមលោកលើកទី១ នៅឆ្នាំ១៩១៨ មក ធម្មនុញ្ញបណ្តោះ អាសន្នលើកទី១ របស់លីទុយអានី ត្រូវបានអនុម័ត ហើយរដ្ឋាភិបាលរបស់លោកនាយករដ្ឋ មន្ត្រី Augustinas Voldemaras ត្រូវបានរៀបចំឡើង ។
ប៉ុន្តែពួក បុលសេវិក សូវៀត ( រុស្ស៊ី ) មិនទទួលស្គាល់ឯករាជភាព របស់ លីទុយអានី ឡើយ គឺពួកគេដែលជាអ្នកឈ្នះសង្គ្រាមលោកលើកទី១ អះអាងថា លីទុយអានី គឺជាផ្នែកមួយ នៃទឹកដីរបស់សូវៀត ខណៈប៉ូឡូញ ក៏ចង់លេបត្របាក់លីទុយអានីដែរ។ ដូច្នេះជនជាតិ លីទុយអានី ក៏ត្រូវធ្វើសង្គ្រាមប្រឆាំងពួកបុលសេវិក និងប៉ូឡូញទៀត ។ ទីបំផុត ទីក្រុង វីលនីញូស បានធ្លាក់ទៅក្នុងកណ្តាប់ដៃ ប៉ូឡូញ នៅក្នុងខែតុលា ឆ្នាំ១៩២០ ។
នៅក្នុងខែមករា ឆ្នាំ១៩២៣ ជនជាតិ លីទុយអានី បះបោរ ដណ្តើមបានតំបន់ Klaipėda ដែលបានផ្តាច់ចេញពីព្រូសខាងកើត តាមរយៈសន្ធិសញ្ញាទីក្រុងវែកសៃ នាថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ១៩៩១ រវាងរដ្ឋនៅក្នុងសង្គ្រាមលោកលើកទី១ ។ តំបន់នោះ ក៏បានក្លាយជាតំបន់ស្វយ័ត របស់ លីទុយអានី ។
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩២០ កិច្ចប្រជុំលើកទី១ នៃសភាធម្មនុញ្ញដែលកើតពីការបោះឆ្នោត បែបប្រជាធិបតេយ្យ ត្រូវបានធ្វើឡើង ។ កិច្ចប្រជុំនោះ បានអនុម័តរដ្ឋធម្មនុញ្ញបណ្តោះអាសន្ន នៅឆ្នាំ១៩២០ និងរដ្ឋធម្មនុញ្ញអចិន្ត្រៃយ៍ នៅឆ្នាំ១៩២២ ។ រូបិយប័ណ្ណ ដីធ្លី ហិរញ្ញវត្ថុ វិស័យអប់រំ ដោយរួមទាំងសកលវិទ្យាល័យផង ត្រូវបានបង្កើតឡើង ។ ស្ថាប័នសាធារណៈសំខាន់ៗ ទាំងអស់ ត្រូវបានបង្កើតឡើង នាអំឡុងពេលនោះ បានសេចក្តីថា ស្ថេរភាព របស់លីទុយ អានី បានកើតមានឡើង ហើយប្រទេសជាច្រើនក៏បានប្រកាសទទួលស្គាល់ឯករាជភាព របស់ លីទុយអានី ។ ឆ្នាំ១៩២១ លីទុយអានី បានចូលជាសមាជិកសម្ព័ន្ធប្រជាជាតិ ( League of Nations ស្រដៀងអង្គការសហប្រជាជាតិ បច្ចុប្បន្ន) ។
ប៉ុន្តែនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩២៦ មានរដ្ឋប្រហារយោធា នាំឱ្យក្រោយមក បានក្លាយជារដ្ឋ ឯកបក្ស ដឹកនាំដោយគណបក្សសហជីពជាតិ លីទុយអានី Lithuanian Nationalist Union ) ។ ឆ្នាំ ១៩២៧ របបនោះ បានដួលរលំ ហើយរដ្ឋធម្មនុញ្ញថ្មីមួយត្រូវបានអនុម័តនៅឆ្នាំ ១៩២៨ ។ របបថ្មីនេះ កាន់តែផ្តាច់ការទៅទៀត គឺគណបក្សប្រឆាំង ត្រូវបានហាមឃាត់ខណៈសិទ្ធិ សេរីភាពនានា ត្រូវបានរឹតត្បិត ។
លីទុយអានី ជាសាច់ដែល រុស្ស៊ី និង អាល្លឺម៉ង់ លួចហែកចែកគ្នា
សន្ធិសញ្ញា Molotov–Ribbentrop នាថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៩ (មុនពេលសង្គ្រាមលោក លើកទី២ បន្តិច គឺជាកិច្ចព្រមព្រៀងសម្ងាត់រវាង សូវៀត និង អាល្លឺម៉ង់ ដែលសន្យាថា នឹងមិនវាយប្រហារគ្នា នៅក្នុងសង្គ្រាមលោកលើកទី២ដោយចែករំលែកគ្នានូវផលប្រយោជន៍ នៅតំបន់បាល់ទិក ) លីទុយអានី ត្រូវបានដាក់ឱ្យក្រោមអំណាចសូវៀត ។ នៅពេលសង្គ្រាម លោកលើកទី២ ( ១៩៣៩-១៩៤៥ ) ផ្ទុះឡើង លីទុយអានីដែលមិនបានដឹងខ្លួនសោះអំពីសន្ធិ សញ្ញា រវាង សូវៀត និង អាល្លឺម៉ង់ បានប្រកាសខ្លួន ជារដ្ឋអព្យាក្រឹត្យ ។
នៅខែតុលា ឆ្នាំ១៩៣៩ លីទុយអានី ត្រូវបានបង្ខំឱ្យចុះហត្ថលេខា ជាមួយ សូវៀតអនុញ្ញាត ឱ្យមូលដ្ឋានទ័ពសូវៀត ចំនួន ៥ ដែលមានកងទ័ព ២០.០០០ នាក់បង្កើតនៅលើទឹកដីលីទុយ អានី ជាថ្នូនឹងទីក្រុងវីលនីញូស ដែលសូវៀត ដណ្តើមយកពីប៉ូឡូញ ប្រគល់ទៅឱ្យ លីទុយអានី វិញ ។
អំឡុងសង្គ្រាមលោកលើកទី២ តំបន់បាល់ទិក ដោយរួមទាំង លីទុយអានី ផងធ្លាក់ក្រោម ការគ្រង់គ្រងរបស់ សូវៀត ។ សាធារណរដ្ឋសង្គមនិយម លីទុយអានី សូវៀតដែលជារដ្ឋ អាយ៉ងរបស់សូវៀត ត្រូវបានប្រកាសបង្កើតឡើង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៤០ ហើយត្រូវបានទទួលចូលជា សូវៀត នៅថ្ងៃទី៣ ខែសីហា ឆ្នាំនោះ ។ គណបក្សនយោបាយ ( លើកលែងតែ បក្សកុម្មុយនិស្ត លីទុយអានី ) ត្រូវបានចាត់ទុកជាបក្សខុសច្បាប់ ។
នៅពេល ណាស៊ី អាល្លឺម៉ង់ ចាប់ផ្តើមបើកការវាយលុក សូវៀត ( បំពានលើកិច្ចសន្យាខាងលើ ) នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៤១ ជនជាតិលីទុយអានីក្រោមកិច្ចចាត់ចែងរបស់រណសិរ្យ សកម្មជន លីទុយអានី បានវាយប្រហារទៅកងទ័ពសូវៀត ហើយបានប្រកាសថា ជារដ្ឋ ឯករាជ្យ ហើយបានបង្កើតរដ្ឋាភិបាល លីទុយអានី បណ្តោះអាសន្ន ។ មិនបានប៉ុន្មានផង រដ្ឋាភិបាលនេះ បានបែកបាក់គ្នា ហើយ លីទុយអានី ធ្លាក់ក្នុងដៃ អាល្លឺម៉ង់ វិញម្តង ។
គិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៤១ ជនជាតិជ្វីហ្វ លីទុយអានី ប្រមាណជា ១២០.០០០ នាក់ ត្រូវបាន ណាស៊ី អាល្លឺម៉ង់ សម្លាប់ ។ ពួកបុរសៗ ត្រូវបានតម្រូវឱ្យចូលបម្រើកងទ័ព ណាស៊ី អាល្លឺម៉ង់ ឬក៏ត្រូវទៅធ្វើការជាទម្ងន់ នៅប្រទេសអាល្លឺម៉ង់ ។
នៅពេលស្ថានភាពសង្គ្រាមលោកលើកទី២ ប្រែប្រួល គឺភាគីខាងសម្ព័ន្ធមិត្តមានប្រៀបជាង កងទ័ពអាល្លឺម៉ង់ ត្រូវបង្ខំចិត្តដកថយចេញពីលីទុយអានី និងតំបន់ជាច្រើនទៀត សូវៀត ក៏បានចូលទៅត្រួតត្រាប្រទេសលីទុយអានី ឡើងវិញ នៅត្រឹមខែកក្កដា ឆ្នាំ១៩៤៤ នាំឱ្យ មានចលនាឧទ្ទាមលីទុយអានី ប្រឆាំងសូវៀត ពីឆ្នាំ១៩៤៤ ដល់ ឆ្នាំ១៩៥៣ស្វែងរកការស្តារ ឡើងវិញនូវឯករាជភាព លីទុយអានី ។
ក្រោយមក ជនជាតិលីទុយអានី បានបង្កើត សហភាព អ្នកប្រយុទ្ធ ដើម្បី សេរីភាព លីទុយអានី ហើយលោក Jonas Žemaitis ដែលមានឈ្មោះសម្ងាត់ថា Vytautas ដែលជាអ្នកដឹកនាំ ចលនានោះ ត្រូវបានទទួលស្គាល់នៅបច្ឆាមរណៈ (នៅពេលស្លាប់) ថាជាប្រធានាធិបតី លីទុយអានី។ ចលានឧទ្ទាមនោះ មិនបានសម្រេចគោលដៅក្នុងការនាំសេរីភាពមកឱ្យ លីទុយអានី ទេ ប៉ុន្តែវាជាការបង្ហាញថា ជនជាតិ លីទុយអានី មិនបានចូលរួមជាមួយ សូវៀត ដោយស្ម័គ្រចិត្តឡើយ ប៉ុន្តែវាជាការបង្ហាពីឆន្ទៈថា ជនជាតិ លីទុយអានី ប្រាថ្នាចង់បាន ឯករាជភាពរបស់ខ្លួន ហើយជីវិតជនជាតិលីទុយអានី ប្រមាណជា ២០.០០០ នាក់ដែលបាត់ បង់នៅក្នុងចលនានោះ គឺជាសារដ៏ច្បាស់ក្រឡែត ។
សូវៀត មិនអាចរាំងខ្ទប់ចលនា ដើម្បីឯករាជភាព លីទុយអានី បានទេ ហើយអ្នកតស៊ូនៅ តាមមូលដ្ឋាន បាននាំគ្នាចេញផ្សាយព័ត៌មានមូលដ្ឋានយ៉ាងសកម្ម និង បែបសាសនា ។
ក្រុមចលនាតស៊ូ Helsinki ដែលបង្កើតឡើងក្នុងប្រទេស លីទុយអានី បន្ទាប់ពីសន្និសីទ អន្តរជាតិ ទីក្រុង Helsinki ប្រទេសហ្វាំងឡង់ បានប្រកាសឯករាជភាព របស់ លីទុយអានី តាមវិទ្យុបរទេស ។ ក្រុម Helsinki បានប្រាប់បស្ចិមលោក អំពីស្ថានភាពនៅក្នុង លីទុយអានី សូវៀត អំពើហិង្សា លើស្ថានភាពសិទ្ធិមនុស្ស ។
ទទួលបានឯករាជភាព
បន្ទាប់ពីបានរត់ប្រណាំង សហរដ្ឋ អាមេរិក នៅក្នុងសង្គ្រាមត្រជាក់ ប៉ុន្មានទសវត្សរ៍មក សហភាព សូវៀត ខ្សោះកម្លាំងធនធាន និង បាត់បង់ការគាំទ្រច្រើនទៅៗ ។ លោក មីខាអែល ហ្គោបាឆូវ ដែលបានក្លាយជាអគ្គលេខាធិការបក្សកុម្មុយនិស្ត សូវៀត នៅឆ្នាំ ១៩៨៥ សម្រេចចិត្តដាក់ចេញផែនការ Glasnost ( បើកចំហ និង តម្លាភាព ) និង Perestroika (កំណែទម្រង់ ) នៅឆ្នាំ ១៩៨៦ ។
នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៨៨ ចលនា Sąjūdis (ឈ្មោះពេញ Reform Movement of Lithuania ) ជាចលនានយោបាយ ដើម្បី ឯករាជភាព លីទុយអានី ត្រូវបានបង្កើតឡើង និងបានស្វះ ស្វែងរកឯករាជភាព របស់ប្រទេស ។ ចលនា Sąjūdis ទទួលបានការចូលរួមគាំទ្រពាស ពេញផ្ទៃប្រទេស ។ ថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៨ ការជួបជុំដ៏ធំមួយដែលមានមនុស្ស ប្រមាណជា ២៥០.០០០ នាក់ បានកើតឡើងនៅឧទ្យា Vingis នាទីក្រុង វីលនីញូស ។
មួយឆ្នាំក្រោយមក គឺនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៩ ដែលជាខួបទី៥ នៃសន្ធិសញ្ញា Molotov-Ribbentrop (រវាងសូវៀត និងអាល្លឺម៉ង់) និងក្នុងបំណងទាក់ទាញចំណាប់អារម្មណ៍ ពិភាពលោកឱ្យយកចិត្តទុកដាក់អំពីការកាន់កាប់ រដ្ឋនៅតំបន់ បាល់ទិក ( លីទុយអានី ឡេតូនី និង អេស្តូនី ) បាតុកម្មនយោបាយមួយត្រូវបានធ្វើឡើងដែលមានឈ្មោះថា “ វិថីបាល់ទិក “ ( Baltic Way ) ត្រូវបានបង្កើតឡើង ។ ព្រឹត្តិការណ៍នោះមានមនុស្សចូលរួមធ្វើដំណើរដោយ សន្តិវិធីចម្ងាយផ្លូវប្រមាណជា ៦០០ គីឡូម៉ែត្រ ឆ្លងកាត់ រដ្ឋធានីទាំង ៣ នៃ តំបន់ បាល់ទិក គឺរដ្ឋធានី វីវីលនីញូស របស់ លីទុយអានី រដ្ឋធានី រីហ្កា របស់ ឡេតូនី និង រដ្ឋធានី តាលីន នៃ អេស្តូនី ដើម្បី បង្ហាញអំពីឆន្ទៈរបស់ប្រជាជាតិទាំង ៣ នេះ ក្នុងការបែកចេញពី សហភាព សូវៀត ។
ទីបំផុត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៩០ សូវៀត ដែលខ្សោះអស់កម្លាំងជិតដល់ទីអវសានទៅហើយ ក៏ព្រមប្រកាសផ្តល់ឯករាជភាពទៅឱ្យ លីទុយអានី ។ លីទុយអានី បានក្លាយជារដ្ឋដំបូងគេបំផុតក្នុងចំណោមរដ្ឋក្រោមការគ្រប់គ្រង របស់ សហភាព សូវៀត ដែលបានប្រកាសឯករាជភាពរបស់ខ្លួន ។
រដ្ឋាភិបាល និង ប្រជាពលរដ្ឋ លីទុយអានី ប្រារព្ធទិវាស្តារ ឯករាជភាព ឡើងវិញ របស់ពួកគេ ដើម្បី រំឭកដល់ថ្ងៃនោះឯង ។
ទោះយ៉ាងណា បន្ទាប់ពីប្រកាសផ្តល់ឯករាជភាព ហើយ នៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ ១៩៩០ សហភាព សូវៀត បានដាក់បម្រាមសេដ្ឋកិច្ច លីទុយអានី ដោយការបញ្ឈប់ឱ្យផ្តល់ ការផ្គត់ផ្គង់តម្រូវការនានា ដោយរួមទាំងវត្ថុធាតុដើមផងបណ្តាលឱ្យមានភាពច្របូកច្របល់ មួយរយៈ ទើប លីទុយអានី បានសាន្តត្រាណ ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា


