​បន្ទាប់ពី​ប្រកួត​លើក​ទី​១ បាន​ជោគជ័យ តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ នឹងធ្វើ​ម្ចាស់ផ្ទះ​ម្ដងទៀត​

293
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ប្រមុខ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ (I T F = International Taekwondo Federation) កម្ពុជា គឺ​លោក កែវ រ៉េមី បានប្រកាសថា កម្ពុជា នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ អាស៊ីអាគ្នេយ៍​ម្ដងទៀត ។​

​កាលពី​ឆ្នាំ​២០១៦ កម្ពុជា បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ម្ដង​ហើយៗ កម្ពុជា ទទួលបាន​ជោគជ័យ យ៉ាងខ្លាំង​។ នៅ​ខែតុលា ឆ្នាំ​២០២០ នេះ កម្ពុជា នឹង​ទទួល ធ្វើជា​ម្ចាស់ផ្ទះ នៃ​ព្រឹត្តិការណ៍ ជើងឯក​អាស៊ីអាគ្នេយ៍ ម្ដងទៀត ។​អ្វីដែល​សំខាន់​នោះ​ប្រមុខ​តេ​ក្វាន់​ដូ​អាយ ធី អេ​ហ្វ កម្ពុជា និង​ជា​ប្រមុខ​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ អាស៊ីអាគ្នេយ៍ ផង​នោះ ពេលនេះ កំពុងតែ​ស្វែងរក​ការគាំទ្រ ដើម្បី​បញ្ចូល​ប្រភេទ​កីឡា​នេះ ទៅក្នុង​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) ។​

​លោក កែវ រ៉េមី បានបង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា យ៉ាងយូរបំផុត នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នោះ តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ នឹងមាន​វត្តមាន នៅក្នុង​ព្រឹត្តិការណ៍ ស៊ី​ហ្គេម នាពេលនោះ ។ ពេលនេះ តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ កម្ពុជា កំពុងតែ​ពង្រីក​វិសាលភាព ទៅតាម​បណ្ដា​រាជធានី ខេត្ត ។​

ក្រុមកីឡា​តេ​ក្វាន់​ដូ អាយ ធី អេ​ហ្វ ខ្លាំងៗ របស់​កម្ពុជា​

​ជាមួយគ្នានេះ ការបណ្ដុះបណ្ដាល មន្ត្រី​បច្ចេកទេស មន្ត្រី​រៀបចំ​ការប្រកួត ចៅក្រម អាជ្ញាកណ្ដាល ទាំង​ថ្នាក់ជាតិ និង អន្តរជាតិ សហព័ន្ធ នៅតែ​បន្តធ្វើ​ស្របគ្នា ជាមួយនឹង​ការកសាង​ថ្នាល សម្រាប់​បន្តវេន​ទៀតផង ។​

​សូមបញ្ជាក់ថា កាល​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ លើក​ទី​១ បាន​ប្រទេស​ចំនួន ៧ ក្នុង​តំបន់​ចូលរួម ដែល​ក្នុងនោះ​រួមមាន កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ វៀតណាម ម៉ាឡេស៊ី សឹង្ហ​បូរី ថៃ ឥណ្ឌូនេស៊ី និង ហ្វីលីពីន​។ កាលនោះ កម្ពុជា ដណ្ដើមបាន​មេដាយមាស ចំនួន ៣១ គ្រឿង មេដាយប្រាក់ ១០ គ្រឿង និង​មេដាយសំរិទ្ធ ចំនួន ១១ គ្រឿង ។​

​សម្រាប់​ឆ្នាំ​២០២០ នេះ លោក កែវ រ៉េមី មាន​ជំនឿ​ចិត្ត​ថា ប្រទេស​ដែល​ចូលរួម នឹង​កើន​ជាង​មុន ជាមិនខាន​ឡើយ ។ ប្រទេស​ក្នុង​តំបន់​ទាំងអស់ ក៏​នឹងមាន ការរីកចម្រើន ផ្នែក​បច្ចេកទេស ហើយ​កម្ពុជា ក៏​នឹងធ្វើ​កាន់តែ​បានល្អ​ប្រសើរ ជាង​មុន ជាមិនខាន​ឡើយ ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម