ចិននិងអ៊ីតាលីបានបញ្ជាក់ជាថ្មីនូវទំនាក់ទំនងទ្វេភាគីនៅក្នុងការតេតាមទូរស័ព្ទរវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ដោយរដ្ឋាភិបាលក្រុងប៉េកាំងបានផ្តល់ឱ្យរដ្ឋាភិបាលក្រុងរ៉ូមនូវជំនួយវេជ្ជសាស្រ្តដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនលោកវ៉ាង យីនិងរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីតាលីលោក លូអ៊ីជី ឌី ម៉ាអ៊ីយ៉ូ បាននិយាយថា មិត្តភាពរបស់ប្រទេសទាំងពីរនឹងមើលឃើញនូវវឌ្ឍនភាពថ្មី នៅពេលពួកគេធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដែលឆ្លងរាលដាលយ៉ាងឆាប់រហ័ស។
លោកឌីម៉ាអ៊ីយ៉ូបានសង្ខេបអំពីការវិវឌ្ឍចុងក្រោយរបស់អ៊ីតាលីស្តីពីការងារទប់ស្កាត់និងគ្រប់គ្រងមេរោគរាតត្បាត ហើយបានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានគាំទ្រដល់អ៊ីតាលី។
ចង្អុលបង្ហាញពីស្ថានភាពធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ីតាលីនាពេលបច្ចុប្បន្ន លោកឌីម៉ាអ៊ីយ៉ូនិយាយថារដ្ឋាភិបាលអ៊ីតាលីកំពុងយកចិត្តទុកដាក់និងរៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដោយចាត់វិធានការខ្លាំងក្លាដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស។
លោកឌីម៉ាអ៊ីយ៉ូនិយាយថាអ៊ីតាលីកំពុងប្រឈមនឹងកង្វះខាតការផ្គត់ផ្គង់និងឧបករណ៍វេជ្ជសាស្រ្ត ដោយសង្ឃឹមថាចិននឹងជួយដោះស្រាយនូវតម្រូវការបន្ទាន់របស់ពួកគេ។
លោកឌីម៉ាអ៊ីយ៉ូនិយាយថាជនជាតិចិនរស់នៅក្នុងប្រទេសអ៊ីតាលីបានដើរតួយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតនេះ ដោយបន្ថែមថាអ៊ីតាលីនឹងបន្តថែរក្សាសុខភាពនិងសុវត្ថិភាពរបស់ពួកគេឱ្យបានពេញលេញ។
លោកវ៉ាងនិយាយថាក្នុងនាមជាមិត្តល្អនិងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អ៊ីតាលី ចិនបានយល់ច្បាស់ពីបញ្ហាប្រឈមដែលប្រទេសអ៊ីតាលីកំពុងជួបប្រទះ។
លោកវ៉ាងកត់សម្គាល់ថា មេរោគកូរ៉ូណាមិនស្គាល់ព្រំដែនទេ និង ជាសត្រូវរួមរបស់មនុស្សជាតិ ខណៈលោកអំពាវនាវឱ្យមានសាមគ្គីភាពពីសហគមន៍អន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា៕ ដោយ៖ កញ្ញាដាលីស
